ភ្នំពេញ៖ ​អ្នក​ប្រដាល់​ សៅ​ វណ្ណា​ របស់​ក្លិប​វាល​ស្បូវ​ច្បារ​អំពៅ​នៃ​សមាគម​ប្រដាល់ក្រសួង​មហាផ្ទៃ​ដែល​ទើប​បាន​​វិល​មក​កាន់​សង្វៀន​ប្រដាល់ ក្រោយ​ឃ្លាត​ពី​សង្វៀន​ជិត ​៣ ​ឆ្នាំ ​ដោយ​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​កីឡាករ​ថៃ Ram ​Boy​ វាយ​ក្បាច់​ជង្គង់​ឲ្យ​សន្លប់​យ៉ាង​គ្រាំគ្រា​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នោះ នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​វ័យ​ក្មេង​ជា​ក្រុម​ថ្នាល​ជម្រើស​ជាតិ ថៃ រ៉េត នៅ​លើ​សង្វៀន SEATV នា​ថ្ងៃ​សៅរ៍​នេះ។

កាល​វិល​មក​កាន់​​សង្វៀន​វិញ ​របស់​​ ​សៅ ​វណ្ណា​ ចំនួន ​៣ លើក ​ក្នុង​អំឡុង​ការ​ប្រកួត​បិទ​ទ្វារ​ដោយ​​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ​នេះ ​គឺ​​បាន​​ឈ្នះ​ទាំង ​៣ ​លើក​ គួរ​ឲ្យ​កត់​សម្គាល់​ ពិសេស​បាន​​ឈ្នះ​ ពុទ្ធ​ សំបូរ ​នៅ​សង្វៀន​ថោន​​ និង​ឈ្នះ សោម វិឆ័យ ដែល​សុទ្ធ​តែ​អ្នក​ប្រដាល់​​​កំពុង​មាន​សមត្ថភាព​លេច​ធ្លោ។

លោក ​ម៉ៃ ​សុភា ​គ្រូ​បង្វឹក សៅ វណ្ណា បាន​ប្រាប់​ថា​៖ «​ឥឡូវ ​សៅ​ វណ្ណា​ វិល​មក​ប្រកួត​វិញ​ហើយ ​ដោយសារ​សុខភាព​បាន​ប្រសើរ​ជាង​មុន​ ចំណែក​​តម្លៃ​ខ្លួន​ប្រកួត​មាន​សង្វៀន​ខ្លះ​បាន​ផ្តល់​ជូន​ដូច​ប្រកួត​ជាមួយ​កីឡាករ​បរទេស ​គឺ​បាន ​៤០០ ​ដុល្លារ ​ក្នុង ​១ ​លើក»​។​

គ្រូ​បង្វឹក​រូប​នេះ បន្ថែម​ថា៖ ​«សៅ ​វណ្ណា​ ជា​កីឡាករ​ល្អ ​ហេតុ​នេះ​បើ​សិន​ជា​មាន​អ្នក​ថែទាំ​ និង​ជួយ​ទំនុក​បម្រុង​​ជីវភាព​​ គឺ​សមត្ថភាព​របស់​គេ កាន់​តែ​ល្អ​ថែម​ទៀត ព្រោះ​​គ្នា​ក្រីក្រ​បំផុត​។ ចំណែក​ការ​ជួប​​ ថៃ​ រ៉េត លើក​​នេះ​ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ដល់​ទៅ ​៨០ ​ភាគរយ​ ព្រោះ​បទពិសោធ​ និង​ហ្វឹកហាត់​បាន​ល្អ​ ហើយ​​សុខភាព​ក៏​ល្អ​ដែរ»​។​

តាម​ប្រវត្តិ​ប្រកួត​ សៅ ​វណ្ណា​ ធ្លាប់​ប្រកួត​បាន​ ​៣៦ ​ដង ​និង​ចាញ់​តែ ​៤ ​លើក​ទេ ក្នុង​នោះ​ធ្លាប់​ឈ្នះ​ពាន​ទីហ្វី​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ដែរ ​​ក្រោយ​យក​​ឈ្នះ​កីឡាករ ​​អ៊ំ ​វណ្ណេត​។​ ប៉ុន្តែ​ក្រោយ​មក សៅ ​វណ្ណា​ ត្រូវ​បាន​លា​ឈប់​ពី​សង្វៀន​ទៅ​នៅ​ស្រុក​កំណើត ​ស្ថិត​នៅ​​ឃុំ​សំពោង​ជ័យ​ ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់​ចាម ​ក្រោយ​កីឡាករ​ថៃ ​Ram​ Boy ​បាន​​វាយ​ក្បាច់​ជង្គង់​ឲ្យ​សន្លប់​យ៉ាង​គ្រាំគ្រា ​​និង​រង​របួស​ធ្ងន់ធ្ងរ​​បាក់​កម្លាំង​។​

ចំណែក ថៃ​ រ៉េត​ ​របស់​​ក្លិប​កងពល​តូច​​ទ័ព​ពិសេស​​ឆត្រ​យោង ​៩១១​ ជា​កីឡាករ​ទើប​តែ​ល្បីល្បាញ​ ក្រោយ​ចូល​ប្រឡូក​ប្រដាល់​ក្នុង​ឆ្នាំ ​២០១៩ ហើយ​ឆ្នាំ​ ២០២០ ​នេះ ថៃ រ៉េត ​ជា​ជម្រើស​ជាតិ​ថ្នាល​គុន​ខ្មែរ។ ​ប្រវត្តិ​ប្រកួត​របស់​គេ​ល្អ ​ដោយ​ប្រកួត​ភាគ​ច្រើន​ឈ្នះ​ជានិច្ច​ គឺ​សូម្បី​​ជើង​ចាស់​មួយ​ចំនួន​ ក៏​លំបាក​ឈ្នះ​គេ​ដែរ​។​

លោក ​ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក ថៃ រ៉េត ​មិន​អាច​ទាក់ទង​បាន ​ប៉ុន្តែ​មន្ត្រី​គណៈកម្មការ​ផ្គូផ្គង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ​ពី​ដំបូង​ផ្គូផ្គង ​សៅ ​វណ្ណា​ ជាមួយ ​ជា ​សំនៀង​ ដែល​ជា​សិស្ស​ច្បង ​ថៃ ​រ៉េត​ ប៉ុន្តែ​ចុង​ក្រោយ​ខាង​ក្លិប ​គេ​សុំ​ដូ​ដាក់​កីឡាករ ​ថៃ ​រ៉េត ​វិញ ដែល​​អាច​មក​ពី​គេ​យល់​ថា ​ថៃ ​រ៉េត ខ្លាំង​ជាង ​និង​ស័ក្តិសម​ជាង​។​​

លោក​ ញាន ​សុធី​ អ្នក​គ្រប់គ្រង​ការ​ប្រកួត​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​​ បាន​ប្រាប់​ថា​៖ «​គូ​ពិសេស​ទី​៣ នេះ ​មាន​សមត្ថភាព​ល្អ​ដូច​គ្នា។ ​ថៃ ​រ៉េត ​ខ្ចី​វស្សា​ជាង ​ប៉ុន្តែ​កម្លាំង​ល្អ​ជាង ​និង​ចិត្ត​មោះមុត​ដូច​គ្នា​។ ​ទោះ​ជា​យ៉ាង​ណា​ ដោយសារ​​សង្វៀន​ SEATV ​ជិត​ផ្អាក​ការ​ប្រកួត ​ព្រោះ​​មិន​ទាន់​មាន​ដៃ​គូ​ឧបត្ថម្ភ ​ហេតុ​នេះ​តម្លៃ​ខ្លួន​ប្រកួត​របស់​គូ​នេះ​ គិត​ត្រឹម​តម្លៃ​ប្រកួត​ ជា​កីឡាករ​ខ្មែរ​ធម្មតា ​គឺ​ឈ្នះ​ ឬ​ចាញ់​ ក្នុង​រង្វង់ ​៥០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ដោយ​យើង​ពុំ​ទាន់​មាន​លទ្ធភាព​គិត​ដូច​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ឡើយ»​៕