ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរចាស់វស្សា ដែលមានសមត្ថភាពល្អ ធន់ ចាន់តាក់, គង់ សំបូរ, សូត្រ ខេវិន និង រឿម ប៊ុនរួន (សេក គឹមរួន) សុទ្ធតែមានភាពមោះមុតក្នុងការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ប៉ុន្តែទាំងភាគី ខេវិន, សេក គឹមរួន និង គង់ សំបូរ សុទ្ធតែញញើតកណ្តាប់ដៃ ធន់ ចាន់តាក់។
កីឡាករ គង់ សំបូរ បាននិយាយថា៖ «ខ្ញុំមានទំនុកចិត្តឈ្នះខ្ពស់ដល់ទៅ ៨០ ភាគរយ ប៉ុន្តែខ្ញុំញញើតតែ ធន់ ចាន់តាក់ ម្នាក់គត់ ដែលមានជំនាញកណ្តាប់ដៃ និងចូលវាយសម្រុកមិនចេះដកថយ ព្រោះខ្ញុំធ្លាប់ជាសិស្សរួមគ្រូ រួមក្លិបជាមួយ ចាន់តាក់ និងដេកហ្វឹកហាត់ជាមួយគ្នាខ្ញុំ អ៊ីចឹងខ្ញុំដឹងច្បាស់។ ចំណែក សេក គឹមរួន និង សូត្រ ខេវិន ខ្ញុំធ្លាប់ឈ្នះច្រើនដងមកហើយ មិនសូវព្រួយបារម្ភនោះទេ គឺអាចយកឈ្នះបានគ្រាន់តែតឹងតែងបន្តិចដែរ»។
ចំណែក លោក សួន ប៊ុនសូត្រ គ្រូបង្វឹក និងជាឪពុក ខេវិន ប្រាប់ថា៖ «ខេវិន ធ្លាប់ចាញ់ សំបូរ និងឈ្នះ សេក គឹមរួន ប៉ុន្តែមិនដែលជួប ចាន់តាក់ ទេ។ តាមការប្រឹងហាត់មួយរយៈនេះ ខ្ញុំមានល្បិចកលខ្លះ ដើម្បីយកឈ្នះ គង់ សំបូរ និង គឹមរួន ឱ្យបានក្នុងទំនុកចិត្តខ្ពស់ ៨០ ភាគរយ ប៉ុន្តែបើចាប់ឆ្នោតប៉ះ ចាន់តាក់ គឺលំបាកប្រកួតណាស់ ព្រោះវាវ៉ៃមិនចេះស្ទាបស្ទង់ទេ ចូលទៅដឹងតែសម្រុកផ្តាច់តែម្តង។ ទោះយ៉ាងណា ខ្ញុំនឹងជួយផ្តល់បច្ចេកទេសឱ្យ ខេវិន វ៉ៃឱ្យបានប្រាក់លានលើកនេះ»។
ចំពោះ សេក គឹមរួន វិញនិយាយថា៖ «ខ្ញុំឡើងទៅ ដឹងតែវ៉ៃអស់ពីសមត្ថភាព ប៉ុន្តែមិនហ៊ានអះអាងឈ្នះប៉ុន្មានភាគរយទេ ព្រោះគេសុទ្ធតែជាជើងចាស់ខ្លាំងៗក្នុងទម្ងន់នេះ។ ខ្ញុំសង្ឃឹមឈ្នះតែ ៥០ ភាគរយប៉ុណ្ណោះ ហើយបើប៉ះ ធន់ ចាន់តាក់ វគ្គជម្រុះវិញ ដូចជាញញើតខ្លាចគាត់ដែរ ព្រោះមួយរយៈនេះ ខ្ញុំមានសុខភាពមិនសូវល្អ ហាត់មិនបានល្អ ប្រកួតចាញ់ញឹកញាប់ដែរ ដោយសារកម្លាំងធ្លាក់ចុះ»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក ធន់ ចាន់តាក់ បាននិយាយថា៖ «ពួកគេទាំង ៤ នាក់នេះ ជើងចាស់ដូចគ្នា មិនងាយឈ្នះចាញ់ផុយៗទេ គឺតឹងតែងណាស់។ តាមខ្ញុំមើល ធន់ ចាន់តាក់ មិនល្អលើសកីឡាករ ៣ នាក់ទៀតនេះទេ ប៉ុន្តែវាមានចិត្តធំ ចូលវាយមុន មិនប្រចាំដៃគូ តែបើវ៉ៃតាមបច្ចេកទេសមួយៗវិញ គង់ សំបូរ ល្អជាង ព្រោះ សំបូរ និង ចាន់តាក់ ធ្លាប់ជាកូនសិស្សក្នុងក្លិបតែមួយ ហើយក្រោយមកទើបបែកទៅនៅក្លិបផ្សេងពីគ្នា»៕