ភ្នំពេញ៖ សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ចំនួន​ ៣ មាន CNC, បាយ័ន​ និង​ថោន​នឹង​បើក​ប្រកួត​វិញ​នៅ​ចុង​សប្តាហ៍​នេះ​ បន្ទាប់ពី​ផ្អាក​អស់​ជាង​ ៣ ​សប្តាហ៍​ស្របពេល​រាជរដ្ឋាភិបាល​បាន​បិទខ្ទប់ រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការផ្ទុះឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩​ ចំណែក​សង្វៀន​ចំនួន​ ៣ ​ទៀត​មាន​ប៉ុស្តិ៍​លេខ​ ៥ ​សង្វៀន​ហង្សមាស​ និង​សង្វៀន​ឯក​ភ្នំ​ខេត្តបាត់ដំបង​មិនទាន់​មាន​ដំណឹង​ថា នឹង​បើក​វិញ​ថ្ងៃ​ណា​នៅឡើយ​ទេ​។

សម្រាប់​សង្វៀន​ថោន​ដែលមាន​កម្មវិធី​ប្រកួត​ទាក់ទាញ​ខ្លាំង​ប្រចាំ​សប្តាហ៍​គឺ​ការប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នោះ ត្រូវ​បាន​ចាប់ផ្តើម​បន្ត​ក្នុង​សប្តាហ៍​ទី​ ៧១ ​ខណៈ​ដែល​សមាស​ភាពជា​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ជើង​ខ្លាំង​ជំនាន់​ថ្មី​ចំនួន​ ៤ ​នាក់​មាន​ឡុង​ខេត្ត​,​យ៉ន ពិសី,​សាន ​សំអុន​ និង​ជើងចាស់​ ហ៊ឹម ​គឹមរៀង ​ត្រូវ​បាន​ជ្រើសរើស​យក​មក​ដាក់​ឱ្យ​ប្រកួតប្រជែង​ដណ្តើម​ប្រាក់​ចំនួន​ ៣ ​លាន​ ៤ ​សែន​រៀល​នា​ល្ងាច​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​។

លោក​ និន ​វណ្ណដា ​អ្នក​កាន់​កម្មវិធី​ប្រដាល់​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​ប្រាប់ថា​៖ «​កម្មវិធី​ប្រកួត​ប្រដាល់​បាន​បើក​ឡើងវិញ​ហើយ​នៅ​សប្តាហ៍​នេះ ដោយ​ខ្ញុំ​បាន​ទទួល​ឯកសារ​សមាសភាព​អ្នក​ប្រដាល់​រួចហើយ​គឺមាន​សង្វៀន​ CNC ​សង្វៀន​បាយ័ន​ និង​សង្វៀន​ថោន​ដែល​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​នេះ​តែម្តង​»​។

ចំណែក​លោក​ ជួប ​វុត្ថា ​អ្នក​ផ្គូផ្គង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ថោន បានឱ្យដឹងថា​៖ «​ខាង​ខ្ញុំ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ប្រកួត​វិញ​ហើយ​ ប៉ុន្តែ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការរក្សា​ និង​អនុវត្តតាម​គោលការណ៍​ ៣ ​កុំ​ និង​ ៣ ​ការពារ​ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ហើយ​បើ​មាន​អ្វី​ថ្មី និង​បទបញ្ជា​ថ្មី​នឹង​ប្រែប្រួល​តាម​ជាក់ស្តែង​»​។

បឺត សង្ឃឹម នឹង​ត្រូវ​ប្រកួត Mas Fight ៩ ​នាទី​ពេញ​ជាមួយ អេ អាំម៉ារីនភូថង​។

លោក​ ជួប ​វុត្ថា បាន​បន្ថែមថា​៖ «​ការចាប់ផ្តើម​ប្រកួត​ឡើងវិញ​នេះ​គ្មាន​បញ្ហាលំបាក​ទេ​ ព្រោះ​ការងារ​យើង​បាន​ត្រៀម​ជា​បណ្តើរៗ​។ ​ជាមួយ​គ្នា​នេះ​យើង​មាន​បទពិសោធ​ក្នុង​ការរៀបចំ​គឺមាន​ទំនាក់ទំនង​ជាមួយ​សមាគម​ក្លិប​គ្រូបង្វឹក​ និង​កីឡាករ​ ដើម្បី​ស្វែងយល់​ពី​ការហ្វឹកហាត់​សុខភាព​ និង​សមត្ថភាព​របស់​ពួកគេ ​ដើម្បី​ជ្រើស​យកមក​ផ្គូផ្គង​ឱ្យ​ការប្រកួត​បានល្អ​»​។

អ្នក​ផ្គូផ្គង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ថោន​រូបនេះ​បញ្ជាក់ថា​៖ «​សមាសភាព​គូប្រកួត​នៅ​សប្តាហ៍​នេះ​យើង​បាន​ផ្លាស់ប្តូរ​ទៅតាម​ភាពជាក់ស្តែង ព្រោះ​កីឡាករ​ខ្លះ​មិនបាន​ហាត់​ដោយ​បញ្ហា​ផ្សេងៗ​ក្នុងពេល​ផ្ទុះ​កូវីដ​តែ​យើង​បាន​ជំនួស​មកវិញ​តាម​ជាក់ស្តែង​។ ​សប្តាហ៍​នេះដែរ​គូ​ដាក់ឱ្យ​ចាប់ឆ្នោត​ប្រកួត​ដណ្តើម​ប្រាក់​លាន​មាន​កីឡាករ​ ហ៊ឹម ​គឹមរៀង ​មកពី​ខេត្តកំពង់ស្ពឺ​យ៉នពិសី​មកពី​សាលវ័ន្ត​កីឡា​ឡុង​ខេត្ត​មកពី​ក្លិប​ខ្លារខិន​ និង​ សាន សំអុន ​មកពី​ក្លិប​អរុណរះ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៧​ គីឡូក្រាម​»​។

តាម​កំណត់សម្គាល់​កីឡាករ​ទាំង​ ៤ ​នាក់​នេះ​មាន​សមត្ថភាព​លំបាក​ទស្សន៍ទាយ​ ព្រោះ​ ហ៊ឹម ​គឹម ​រៀង​ចាស់វស្សា​ជាងគេ​ធ្លាប់​ខ្លាំង តែមួយ​រយៈនេះ​ធ្លាក់​ចុះ​ប្រកួត​មិនសូវ​បានល្អ​ ប៉ុន្តែ​កីឡាករ​ ៣ ​នាក់​ទៀត​កំពុង​លេចធ្លោ​ក្នុង​ការបញ្ចេញ​សមត្ថភាព​ឱ្យគេ​ស្គាល់​មាន​ ឡុងខេត្ត​, ​យ៉ន ​ពិសី ​និង​ សាន ​សំអុន ​នេះ​តែម្តង​។

ឡុងខេត្ត បាន​និយាយថា​៖ «​ខ្ញុំ​ធ្លាប់​ចាញ់​ យ៉ន ​ពិសី ​កន្លងមក​គឺ​មិន​អស់ចិត្ត​ហើយ​លើក​នេះ​បើ​ចាប់ឆ្នោត​ប៉ះគ្នា​ខ្ញុំ​មាន​ទំនុកចិត្ត​យកឈ្នះ​បាន​។ ចំណែក គឹម ​រៀង ​ពី​មុន​នរណា​ក៏​ខ្លាច​ និង​ញញើត​ដែរ​ ប៉ុន្តែ​ឥឡូវ​បើ​ប៉ះ​ខ្ញុំ​ក៏​មិន​ខ្លាច​ដែរ​»​។

ជាមួយ​គ្នា​នេះ លោក​ ឡុង ​សាលវ័ន្ត ​គ្រូបង្វឹក យ៉ន ពិសី និយាយថា​៖ ​អ្នក​ប្រដាល់​ទាំង​ ៤ ​នាក់​នេះ​បើ​និយាយ​ពី​សមត្ថភាព​ក្បាច់គុន​វិញ​លំបាក​វាយតម្លៃ​ព្រោះ​អ្នកជំនាន់​ក្រោយ​កម្លាំង​ល្អ​ និង​ចិត្តធំ​ហ៊ាន​ចូល​វ៉ៃ​មិន​សំចៃ​កម្លាំង​។ ​បើ​ខ្ញុំ​គិត​វិញ​ ៥០ ​ភាគរយ​ម្នាក់ ហើយ​ជើង​ខ្លាំង​ ហ៊ឹម ​គឹមរៀង ​ក៏​មិនមែន​ជា​ឧបសគ្គ​ធំ​របស់​ យ៉ន ​ពិសី ​ដែរ គឺ​ស៊ីសង​ប្រកួត​ជាក់ស្តែង​។ ​យ៉ាងណា​ខ្ញុំ​រំពឹង​លើ​កូនសិស្ស​ខ្ញុំ​ យ៉ន ​ពិសី ​ច្រើន​ដែរ​ ព្រោះ​វា​ហាត់​ជាមួយ​ខ្ញុំ​នៅក្នុង​ក្លិប​មិនបាន​ចេញ​ទៅ​ណា​ទេ​ក្នុង​កូវីដ​១៩​នេះ​»​។

សម្រាប់​សង្វៀន​ ថោន នៅ​សប្តាហ៍​នេះ​ក្រៅពី​គូ​ដណ្តើម​ប្រាក់​លាន​នេះ ក៏​មាន​ការប្រកួត​បើកឆាក​ ១ ​គូ និង​ការប្រកួត Mas Fight គួរ​ឱ្យ​ចាប់អារម្មណ៍​ចំនួន​ ២ ​គូ​ទៀត​ផងដែរ ដោយ​ក្នុងនោះ​កីឡាករ​ បឺត សង្ឃឹម ត្រូវ​ប៉ះ​ អេអាំម៉ារីនភូថង​ ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម ហើយ​ សុខ ​សុវណ្ណ ​ប្រកួត​ជាមួយ​ ជ័យ ស៊ីណេត ​ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​សុទ្ធតែ​ជា​គូ​ដែលមាន​សមត្ថភាព​ល្អ​៕