
កីឡាករថៃ Phanoun រងការវាយឲ្យសន្លប់ពីកីឡាករកម្ពុជាសៀវ ង៉ុយ។ យឺន ពន្លក
ភ្នំពេញ: កីឡាករចាស់វស្សាសៀវ ង៉ុយ មកពីកងអន្តរាគមន៍លេខ ២ ក្រសួងការពារជាតិ ដែលធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំង ១ រូប ប៉ុន្តែបាត់ភាពល្បីល្បាញពីសង្វៀនមួយរយៈកន្លងមកនោះបានវិលមកប្រកួតជាមួយកីឡាករថៃ ដោយផ្តួលឲ្យសន្លប់ត្រឹមទឹកទី ២។
ចំណែកជើងថ្មីឡុង ឡា ដែលមកតាំងពីខេត្ត ឧត្តរមានជ័យ បានប្រកួតជាមួយកីឡាករថៃ Phanoun Nom និងទទួលបានលទ្ធផលឈ្នះពិន្ទុគួរឲ្យកត់សម្គាល់ នៅសង្វៀនអាស៊ីអាគ្នេយ៍។
មួយរយៈនេះសៀវ ង៉ុយ ហាក់បីដូចជាធ្លាក់ចុះប្រិយភាព ខណៈដែលការប្រកួតរបស់គេគ្មានភាពទាក់ទាញមហាជនសោះ ប៉ុន្តែការប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ រូបគេធ្វើបានល្អក្នុងពេលជួបកីឡាករថៃ Rak Samyan ដែលតស៊ូបានត្រឹមតែ ២ ទឹកប៉ុណ្ណោះ។
ជ័យជម្នះរបស់កីឡាករទាំង ២ បានធ្វើឲ្យអ្នកទស្សនាភាគច្រើនកោតសរសើរ ដែលអាចនឹងធ្វើឲ្យពួកគេមានប្រជាប្រិយភាពឡើងវិញ។
សៀវ ង៉ុយ មានទម្លាប់មិនដេញវាយលើដៃគូមុនទេ ហេតុនេះភាពទាក់ទាញហាក់បីដូចកាន់តែធ្លាក់ចុះទៅៗ ប៉ុន្តែការប្រកួតលើកនេះ រូបគេបានចេញស្នៀតទាត់ជង្គង់ ព្រមទាំងចូលវាយកែងបានល្អគួរឲ្យជក់ចិត្ត ខណៈដែលការប្រកួតក្នុងទឹកទី ១ កីឡាករថៃហាក់បីដូចរឹងមាំ ប៉ុន្តែក្នុងពេលការប្រកួតឈានចូលដល់ទឹកទី ២ សៀវ ង៉ុយ កាន់តែមានប្រៀបខ្លាំងឡើង។ អ្វីដែលកត់សម្គាល់នៅទឹកទី ២ គឺថា សៀវ ង៉ុយ បានព្យាយាមទាត់ជើងក្រោមរបស់កីឡាករថៃ Rak Samyan មានប្រសិទ្ធភាពល្អខណៈដែលកីឡាករថៃរូបនោះមានសញ្ញាបង្ហាញការឈឺជើង។
ជាមួយគ្នានោះ លោកអាជ្ញាកណ្តាលណន រិទ្ធ បានចាប់កីឡាករថៃរាប់ដល់ចំនួន ៨ ទើបបន្តការប្រកួតទាំងលំបាកលំបិន មុននឹងសៀវ ង៉ុយបានបន្ថែមស្នៀតធាក់ចូលមុខ និងទាត់បន្ថែមចូលជើងក្រោមបណ្តាលឲ្យកីឡាករ Rak Samyan ដួលសន្លប់ធំ សុំចុះចាញ់ក្នុងចុងទឹកទី ២ តែម្តង។
ចំណែកកីឡាករឡុង ឡា ដែលទើបទទួលបានឱកាសប្រកួតជាមួយកីឡាករថៃលើកទី ១ នោះ បានប្រឹងប្រែងអស់ពីលទ្ធភាព និងធ្វើឲ្យអ្នកទស្សនាជក់ចិត្ត។
បន្ថែមលើសពីនេះស្នៀតវាយកែង និងកណ្តាប់ដៃរបស់គេ បានធ្វើឲ្យកីឡាករថៃបែកឈាមនៅទឹកទី ៣ ហើយអាជ្ញាកណ្តាលបញ្ជូនទៅឲ្យគ្រូពេទ្យជូតឈាមផងដែរ។ ទោះជាយ៉ាងណា លទ្ធផលរបស់ឡុង ឡា បានឈ្នះត្រឹមពិន្ទុបន្ទាប់ពីការប្រកួត ៥ ទឹកប៉ុណ្ណោះ។
លោកញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រកួត បានកោតសរសើរចំពោះការប្រកួតរបស់អ្នកទាំង ២ ដែលមានភាពទាក់ទាញជាងមុន ដោយសារតែមាន ការប្រឹងប្រែងល្អជាងមុន៕