ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ចាស់​មាន​បទពិសោធ​ច្រើន គង់ ហូវ និង សេន កុសល ហាក់​មាន​ការ​ព្រួយបារម្ភ​ទៅ​នឹង​សមត្ថភាព​របស់​ជើង​ថ្មី​កំពុង​លេចធ្លោ សេក ថាវរី និង សំ អាន នៅ​ពេល​អ្នក​ទាំង ៤ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ៦០ គីឡូក្រាម ប្រចាំ​សប្តាហ៍​ទី​៦៨ នៅ​លើ​សង្វៀន​ថោន ថ្ងៃ​អាទិត្យ​នេះ។

កីឡាករ សេន កុសល ដែល​ធ្លាប់ជា​ជើង​ខ្លាំង​ក្នុង​ទម្ងន់ ៥៧ និង ៦០ គីឡូក្រាម គឺ​បាន​មក​ស្នាក់ ​និង​ហ្វឹកហាត់​ជាមួយ​លោកគ្រូ ធន់ សុភា ចំណែក​កីឡាករ​លំដាប់​ខ្លាំង គង់ ហូវ ក៏​បាន​មក​ស្នាក់នៅ និង​ហ្វឹកហាត់​ជា​បណ្តោះអាសន្ន​ជាមួយ​លោកគ្រូ ជា រិទ្ធ ផង​ដែរ ប៉ុន្តែ​អ្នក​ទាំង ២ នេះ គិត​ថា បើ​សិន​ចាប់​ឆ្នោត​ប៉ះ សំ អាន និង សេក ថាវរី ពិត​ជា​លំបាក​ឈ្នះ​ណាស់​ព្រោះ​គេ​កម្លាំង​ថ្មី វ៉ៃ​សម្រុក​ខ្លាំង​មិន​ញញើត​នោះ​ទេ។

លោក ធន់ សុភា ប្រាប់​ថា៖ «កុសល មក​ហាត់​ត្រៀម​ជាមួយ​ខ្ញុំ ហើយ​ស្ថានភាព​ដូចជា​មិនសូវ​បាន​ល្អ និង​លំបាក​ឈ្នះ​ជើង​ថ្មីៗណាស់ ព្រោះ​បើ​ប៉ះ​ជាមួយ​ជើង​ថ្មី​ដូចជា​កីឡាករ សំ អាន ពិត​ជា​ឧបសគ្គ​ធំ​ហើយ ហើយ​បើ​ប៉ះ សេក ថាវរី ក៏​មិន​ងាយ​ស្រួល​ដែរ ព្រោះ​ជើង​ថ្មី​ជំនាន់​ក្រោយ​ទាំង ២ នាក់​នេះ ហាត់​ល្អ ប្រកួត​ល្អ​ណាស់ និង​បាន​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​ផង​មក​ដែរ»។

អតីត​អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់ ធន់ សុភា បាន​បន្ថែម​ថា៖ «តាម​ខ្ញុំ​ពិនិត្យ ទៅ​លើ​សមត្ថភាព​របស់ សេន កុសល និង​ដៃគូ​ទាំង ៣ នាក់​ទៀត គឺ​យ៉ាប់​ឈ្នះ​គេ ព្រោះ​យើង​អាច​ចាញ់​ប្រៀប​ផ្នែក​កម្ពស់ ពិសេស​កម្លាំង ហេតុ​នេះ​រំពឹង​ឈ្នះ​មិន​លើស ៥០ ភាគរយ​ទេ»។

កីឡាករ គង់ ហូវ និយាយ​ថា ហ្វឹកហាត់​មិន​សូវ​បាន​ល្អ​ជាប់លាប់​ទេ ដោយ​ជីវភាព​ខ្វះខាត ឆ្លៀត​ពេល​ដើរ​ព្រៃ​រក​ឃ្មុំ​លក់​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ គង់ ហូវ បាន​បន្ត​ថា៖ «ក្នុង​បន្ទុក​គ្រួសារ ខ្ញុំ​មើលថែ​ទាំ​ចិញ្ចឹម​ឪពុកម្តាយ​ចាស់​ផង មាន​ប្រពន្ធ និង​កូន​ផង ហេតុ​នេះ​ពេលវេលា​ហ្វឹកហាត់​បាន​តិច​តួច ហើយ​មួយរយៈ​នេះ ប្រកួត​មិន​សូវ​បាន​ល្អ»។

គង់ ហូវ ដែល​ទើប​ចាញ់ ទូច ដេវីដ, អេ អាំម៉ារីន និង រឿម វណ្ណៈ បាន​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​មិន​ដែល​ប្រកួត​ជាមួយ សំ អាន និង សេក ថាវរី ទេ គឺ​ពួក​គេ​ខ្លាំង​ជំនាន់​ក្រោយ ហេតុ​នេះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ ប៉ុន្តែ សេន កុសល ខ្ញុំ​ធ្លាប់​ប្រកួត ៤ លើក ឈ្នះ ២ និង​ចាញ់ ២ លើក។ ខ្ញុំ​សង្ឃឹម​ឈ្នះ ៥០ ភាគរយ និង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព»។

ចំពោះ លោក ឡៅ ស៊ីណាត គ្រូ​ជំនួយ​កីឡាករ សំ អាន បាន​និយាយ​ថា៖ «សំ អាន ហាត់​ឡើង​វ៉ៃ​បាន ២ ឆ្នាំ ប៉ុន្តែ​សមត្ថភាព​ល្អ ហើយ​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង ៤ នាក់​នេះ ខ្ញុំ​មើល​ឃើញ​ថា សមត្ថភាព​វា​កំពុង​ល្អ​ខ្លាំង អាច​មាន​លទ្ធភាព​យក​ឈ្នះ​ជើងចាស់​ទាំង​នោះ​បាន។ សំ អាន មាន​កណ្តាប់​ដៃ​ធ្ងន់ កម្លាំង​ល្អ និង​ធន់​ទៅ​នឹង​ការ​វ៉ៃ​លុក​របស់​ដៃគូ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ ៨០ ភាគរយ ខណៈ​កន្លង​មក សំ អាន ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​នេះ​ម្តង​ហើយ»។

យ៉ាងណា​មិញ សេក ថាវ​រី មិន​អាច​ទាក់ទង​សម្ភាស​បាន ប៉ុន្តែ​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ​នៅ​សង្វៀន​ថោន​បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ឃើញ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ សេក ថាវរី ប្រកួត​ល្អ ហើយ​សមត្ថភាព​របស់​គេ​ប្រហាក់ប្រហែល​ជាមួយ សំ អាន ដែរ ហេតុ​នេះ​ការ​ចាញ់ឈ្នះ​នឹង​តឹងតែង»៕