ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេងរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ធន់ ចំរ៉ុង បាននឹងកំពុងតែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន ចាប់ផ្តើមល្បី ខណៈរូបគេ បានយកឈ្នះទាំងអ្នកប្រដាល់ជើងចាស់ និងជើងថ្មីជាប់ៗគ្នា និងមិនទាន់ស្គាល់ការចាញ់សោះនោះ ចំណែកនៅល្ងាចថ្ងៃសៅរ៍នេះ ចំរ៉ុង នឹងត្រូវជួបជើងចាស់ធ្លាប់ប្រកួត ច្រើនជាងខ្លួនចូល ៦០ ដង ឡុង ឡា នៅសង្វៀន បាយ័ន ប៉ុន្តែ ចំរ៉ុង នៅតែរំពឹងខ្ពស់ក្នុងការស្វែងរកការឈ្នះឱ្យបានគ្រប់ ១៨ លើក។
លោក ធន់ សុភា ដែលជាគ្រូបង្វឹក ធន់ ចំរ៉ុង បានប្រាប់ថា៖ «ចំរ៉ុង ទើបតែមកសុំហាត់បានត្រឹម ១ ឆ្នាំប៉ុណ្ណោះ តែឡើងប្រកួតជាមួយជើងខ្លាំងល្បីៗមួយចំនួន ឈ្នះជានិច្ចពោល គឺ ១៨ លើក ឈ្នះ ១៧ និងស្មើ ១ លើក ក្នុងនោះបានផ្តួលដៃគូឱ្យសន្លប់បាន ១៤ លើក មិនឱ្យតដៃរួច»។
លោក ធន់ សុភា ដែលជាជំនួយការផ្គូផ្គងឱ្យសង្វៀនបាយ័នផងនោះ បានបញ្ជាក់ថា៖ «ធន់ ចំរ៉ុង ពិតជាលំបាករកដៃគូទប់ទល់ជាមួយណាស់ ហើយការប្រកួតលើកនេះ ចំរ៉ុង មានភាគរយឈ្នះខ្ពស់ ព្រោះការវ៉ៃចេញមានស្នៀតកណ្តាប់ដៃ និងទាត់ធ្ងន់ ព្រមទាំងមានកម្លាំងធានា ៥ ទឹក មិនងាយថមថយនោះឡើយ»។
ដោយមានស្រុកកំណើតនៅភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ធន់ ចំរ៉ុង ជាកូនកសិក និងជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន ៤ នាក់ ដែលគ្មានសាច់ញាតិ ជាអ្នកលេងកីឡានោះទេ ប៉ុន្តែតាមរយៈការមើលប្រដាល់តាមទូរទស្សន៍ជាប្រចាំបានជំរុញឱ្យក្មេងប្រុសម្នាក់នេះ កើតមានជាចំណង់ចំណូលចិត្តចង់ហាត់ឡើងប្រកួត។ បន្ទាប់មកតាមរយៈមិត្តភក្តិ ចំរ៉ុង បានមកសុំ លោក ធន់ សុភា ដើម្បីហ្វឹកហាត់ប្រដាល់ និងបានឡើងប្រកួតចំនួន ១៨ លើក ឈ្នះ ១៧ និងស្មើ ១ ដង។
កីឡាករ ធន់ ចំរ៉ុង បានប្រាប់ថា៖ «ដៃគូដែលខ្ញុំធ្លាប់ប្រកួតមានជើងចាស់ និងជើងថ្មី ហើយពួកគេ ភាគច្រើនលំបាកគេចពីការសន្លប់ណាស់ ដោយក្នុងនោះខ្ញុំបានឈ្នះដូចជា ម៉ិល សារុន, ឆាយ មាស, ប្រាក់ ស៊ីណាត, នឹម ណន, ប្រាក់ ឌីណា, ឯម សីហា, សេក គឹមផាន, សេក គឹមផៃ, ពៅ ចំរ៉ុង, ធា វាសនា និងស្មើជាមួយ ធា វាសនា ជាដើម។ ចំណែកលើកនេះ ទោះជាបង ឡុង ឡា មានបទពិសោធច្រើនក្នុងការប្រកួត ហើយការប្រកួតរបស់គាត់ល្អមែន ប៉ុន្តែខ្ញុំគិតថា សង្ឃឹមយកឈ្នះគាត់ ៨០ ភាគរយ»។
ចំណែកលោកស្រី សុខ សុខុម ជាអ្នកគ្រប់គ្រងកីឡាករ ឡុង ឡា ក៏បានទទួលស្គាល់ថា ឡុង ឡា លំបាកទប់ទល់ជាមួយជើងថ្មី ធន់ ចំរ៉ុង ដែរ។ «ឡុង ឡា កំពុងហាត់ ត្រៀមបច្ចេកទេសបានល្អ ប៉ុន្តែប៉ះជាមួយជើងថ្មី ធន់ ចំរ៉ុង នេះពិតជាការងារធ្ងន់មែន និងលំបាកឈ្នះ ដោយខ្ញុំសង្ឃឹមត្រឹម ៥០ ភាគរយប៉ុណ្ណោះ»។
លោកស្រី សុខ សុខុម បានបញ្ជាក់ថា៖ «ឡុង ឡា ប្រកួតយូរហើយ ដោយបានប្រកួតលក្ខណៈអន្តរជាតិ និងធ្លាប់ឈ្នះចំណាត់ថ្នាក់លេខ ៣ ផងដែរ ហើយតាមខ្ញុំមើលបច្ចេកទេសរបស់ ឡុង ឡា ល្អជាង ប៉ុន្តែអាចចាញ់ប្រៀបកម្លាំង ព្រោះ ធន់ ចំរ៉ុង នេះរបៀបប្រកួតវាយសម្រុកសន្ធាប់ ៥ ទឹក មិនងាយដកថយនោះឡើយ ហេតុនេះអ្នកប្រដាល់មួយចំនួនភាគច្រើនចាញ់ដោយសារសន្លប់នេះតែម្តង។ ចំណែក ឡុង ឡា អាចមានចំណុចយកឈ្នះបាន គឺវាយមិនតទល់ខ្លាំងទេ តែគេចចេញ ដើម្បីវាយបកយកពិន្ទុ ទើបទទួលបានលទ្ធផលឈ្នះ ប៉ុន្តែមិនដឹងថា វាធ្វើបានប៉ុនណានៅឡើយទេ»៕