ភ្នំពេញ៖ ព្រឹត្តិការណ៍ ​TV5 Boxing Knock-Out Serie by K-Cement ពី​យប់​ថ្ងៃ​សៅរ៍​​ទី ៨ ​ខែ​កុម្ភៈ ​​បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ​២ ​នាក់​ដំបូង ​ដែល​បាន​កក់​កៅអី​វគ្គ​ទី ​៣ ​ដើម្បី​ទៅ​ប្រកួត​គ្នា​គឺ​កីឡាករ​ជើង​ថ្មី ​ខាំ​ ​សាបាន ​និង​ជើង​ចាស់​​​ ​រិន ​សារ័ត្ន​ បន្ទាប់​ពី​ឈ្នះ​​ថៃ​គូ​រៀងៗ​ខ្លួន​ដូច​ការ​រំពឹង​ទុក្ខ​។​ ជា​មួយ​គ្នា​នេះ​ អ្នក​ប្រដាល់​ចំនួន ​២ ​រូប​បាន​ខ្ទាត​ចេញ​ពី​ការ​ប្រកួត ​គឺ​កីឡាករ​ អៀប ​លីឆា ​និង ​អ៊ុំ​ កំសត់ ​ត្រូវ​អស់​ឱកាស​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៀត​ហើយ​។​

ចំណែក​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ អ្នក​កីឡាករ​ ផល ​សោភ័ណ្ឌ​ ក្លិប​តាឡី​ដំរី​មាន​រិទ្ធ​ប្រើ​ពេល​ត្រឹម ​៤ ​ទឹក​ប៉ុណ្ណោះ ​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ ​Wakai​ Thep​ ខណៈ​ដែល​កីឡាករ​ថៃ​រូប​នោះ​មិន​សូវ​ជា​ខ្លាំង​នោះ​ឡើយ​។​

ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទី ២ ​នេះ​ ​គឺ ​​អ្នក​ប្រដាល់​ចំនួន ២ ​រូប ​បាន​កក់​កៅអី​សម្រាប់​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំទី ៣​ គឺ​កីឡាករ​ ខាំ ​សាបាន​ មក​ពី​ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក​ ដែល​ទទួល​ជ័យជម្នះ​ដូច​ការ​រំពឹង​របស់​លោក​គ្រូ​បង្វឹក ​បឺត ​សំខាន់​។​

កីឡាករ ​អៀប ​លីឆា ​ក្លិបតាឯក​ដំបង​ដែក​​មាន​រិទ្ធ​​ប្រកួត​ប្រឹង​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​ចាញ់​ប្រៀប​​ផ្នែក​ទាត់​ក្នុង​នោះ​នៅ​ចុង​ទឹក​ទី ​៣ ​បាន​វ៉ៃ​ឲ្យ​ អៀប ​លីឆា​ ឲ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​ចំនួន ​៨។​

មាន​ស្ថានភាព​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ​សម្រាប់​គូ​ដណ្តើម​ពាន​មួយ​ទៀត ​អ្នក​ប្រដាល់​ រិន សារ័ត្ន​ក្លិប​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក​ប្រកួត​ឈ្នះ​​អ្នក​ប្រដាល់​ អ៊ុំ​ កំសត់ ​ក្លិប​ព្រៃ​ទទឹង​កីឡា​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ​ដូច​ការ​រំពឹង​តាំង​ពី​មុន​ប្រកួត​នេះ​​​ម្ល៉េះ ​ប៉ុន្តែ​មាន​លក្ខណៈ​​តឹងតែង​គួរ​សម​ផង​ដែរ​​។​

អ្នក​ប្រដាល់​ទាំង ២ ​រូប​នេះ ​ទោះបី​ សារ័ត្ន​ មាន​បទពិសោធ​ចាស់​វស្សា​ និង​មាន​កេរ្តិ៍​ល្បីល្បាញ​ជាង​ក៏​​ពិតមែន​ តែ​សមត្ថភាព​តស៊ូ​ប្រកួត​របស់​អ្នក​​ទាំង ​២ គឺ​ស្វិតស្វាញ​ដែល​លទ្ធផល​ឈ្នះ​ក្នុង​លក្ខណៈ​តឹងតែង​បំផុត​។​ ទោះ​ជា​យ៉ាង​ណា​ អ្នក​ប្រដាល់​ទាំង​ពី​បាន​កក់​កៅអី​ជម្រុះ​វគ្គ ​៣ ​មុន​គេ​ជា​ស្រេច​​ ហើយ​តាម​​រូបមន្ត​ប្រកួត ​គឺ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ប្រកួត​គ្នា ​ដើម្បី​បន្ត​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត​។​

ចំណែក​គូ​ប្រកួត​មិត្តភាព​អន្តរជាតិ​វិញ កីឡាករ​ចំណូល​ថ្មី​របស់​ថៃ​ក៍​ជា​កីឡាករ​ជើង​ចាស់​មួយ​ដែរ ​ប៉ុន្តែ​សមត្ថភាព​គឺ​មិន​មាន​ប្រៀប​ល្អ​ជាង​ ផល​ សោភ័ណ្ឌ ​នោះ​ឡើយ​។ ​នៅ​ទឹក​ដំបូង​ដែល​ជួប​គ្នា​មួយ​ប្រាវ​ ​ឃើញ​ថា​ចេញ​អាវុធ​ដាក់​គ្នា​ល្អ​គួរ​សម​ ប៉ុន្តែ​បន្ទាប់​​កីឡាករ​ថៃ​ទំនង​ជា​ស្រុត​ចុះ​ត្រូវ​បាន ​ផល ​សោភ័ណ្ឌ​ វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៨ ​មួយ​លើក​ ហើយ​នៅ​បន្ត​ការ​ប្រកួត​បាន​រហូត​ដល់​ទឹក​ទី ៤​។ ​ទោះបី​ជា​នៅ​តែ​​ប្រឹងប្រែង​ប្រកួត​បន្ត​ក៏​ដោយ​ ក៏​​​អ្នក​ប្រដាល់​ថៃ​រូប​នេះ​នៅ​តែ​មិន​អាច​គេច​ផុត ​ឬ​ឆ្លង​ផុត​ទឹក​ទី ​៤ ​នោះ​ឡើយ​។​ ក្បាច់​បញ្ចប់​ដៃ​គូ​របស់​កីឡាករ ផល​ សោភ័ណ្ឌ ​បាន​បញ្ចេញ ​១ ​ជង្គង់​ហោះ ​ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ វ៉ា​កៃ​ថេប ​សន្លប់​ក្រោក​លែង​រួច​តែម្ដង​៕