The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជើង​ថ្មី​ ខាំ​ សុរិយា​ ប៉ះ​ ឡុង​ ជិន ​ខណៈ​ សុវណ្ណគិរី ​អាច​ផ្តួល ​ទូច ​ដេវីត​

ជើង​ថ្មី​ ខាំ​ សុរិយា​ ប៉ះ​ ឡុង​ ជិន ​ខណៈ​ សុវណ្ណគិរី ​អាច​ផ្តួល ​ទូច ​ដេវីត​

Content image - Phnom Penh Post
ជើងថ្មី ខាំ សុរិយា ត្រូវប្រឈមជាមួយជើងចាស់ ឡុង ជិន ដែលធ្លាប់ឈ្នះខ្សែក្រវាត់ ២ ស្ថាប័ន។ សហការី

ជើង​ថ្មី​ ខាំ​ សុរិយា​ ប៉ះ​ ឡុង​ ជិន ​ខណៈ​ សុវណ្ណគិរី ​អាច​ផ្តួល ​ទូច ​ដេវីត​

ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុនខ្មែរ​ជើងឯក​ TV5 Boxing Knock Out Series K.cement ​ទម្ងន់ ៦០ ​គីឡូក្រាម​ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​នៅ​ថ្ងៃ​សៅរ៍ ​​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ជុំទី ២ ​ហើយ គឺ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​​ជើង​ចាស់ ​២ ​រូប និង​ជើង​ថ្មី​ ដើម្បី​​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​។

សម្រាប់​ការ​ប្រកួត​នេះ ​ជើង​ថ្មី ​ខាំ​ សុរិយា​ មក​ពី​ក្លិប​រ៉ាហាប់​ស្វាយប៉ាក​ ​ត្រូវ​ជួប​​អ្នក​ប្រដាល់ ​លំដាប់​ខ្លាំង​ល្បី​ជួរ​មុខ​ ​ឡុង ​ជិន​ ​របស់​ក្លិប​ខ្លារខិន​មាន​រិទ្ធ ​ប៉ុន្តែ​​គ្រូ​បង្វឹក​របស់ ​ខាំ​ សុរិយា​ គឺ​លោក​ បឺត ​សំខាន់ ​អះអាង​ថា ​នឹង​អាច​មាន​ចំណុច​ត្រូវ​ឈ្នះ​។​ ចំណែក​អ្នក​​ប្រដាល់​ចាស់​វស្សា​ ទិត្យ សុវណ្ណគិរី​ ​របស់​ក្លិប​ក្រសួង​កសិកម្ម​ ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ខ្វី​វស្សា​ ទូច​ ដេវីត ​​ក្លិប​អារុណរះ​កីឡា​ខេត្ត​កណ្តាល។

កាល​ពី​ប្រកួត​ក្នុង​ជុំទី ១​ ​ខាំ ​សុរិយា​ បាន​ឈ្នះ ​ម៉ិល ​សារុន ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ ចំណែក​ ឡុង ​ជិន ​ឈ្នះ ​ឌុម ​កែវដប ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ​ដោយ​ពិន្ទុ​ដែរ​ ប៉ុន្តែ​តាមរយៈ​ការ​សម្ភាស​ស្តីពី​ការ​ត្រៀម​ខ្លួន​លើក​នេះ ​គឺ​ភាគី​កីឡាករ​ទាំង ​២ នាក់​នេះ ​សុទ្ធ​តែ​អះអាង​ពី​ការ​ត្រៀម​ខ្លួន​បាន​ល្អ និង​​តាំង​ចិត្ត​ប្រកួត​ឲ្យ​បាន​ល្អ​​។

លោក ​បឺត ​សំខាន់​ គ្រូ​បង្វឹក​ ​ខាំ ​សុរិយា បាន​ប្រាប់​ថា​៖ «​ទោះបី​ជា ឡុង ​ជិន ​មាន​ខ្សែ​ក្រវាត់ ​២ ​ស្ថាប័ន​ ហើយ​ចាស់​វស្សា​ និង​មាន​បទពិសោធ​​ច្រើន​ជាង ​ប៉ុន្តែ​តាម​ការ​ហ្វឹក​ហាត់​ត្រៀម​ ខាំ​សូរិយ៉ា​ អាច​មាន​លទ្ធភាព​យក​ឈ្នះ​បាន​ ​ព្រោះ​វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្តែង ​ដែល​ជា​យុទ្ធសាស្ត្រ​ប្រកួត ​និង​កម្លាំង​ប្រយុទ្ធ​»។​

ជាមួយ​បទបិសោធ​ប្រកួត​ ​២៧ ​ដង ឈ្នះ ​២០​ ​ចាញ់ ​៦ និង​​ស្មើ ​១ ​​ខាំ សុរិយា​ ជា​កីឡា​ចិត្ត​ធំ​ចូល​វ៉ៃ​ហ៊ាន​ប្តូរ​ក្បាច់​គ្នា​ ដើម្បី​ភាព​ជោគជ័យ​។​ លោក ​បឺត​ សំខាន់​ បាន​បន្ថែម​ថា​៖ «​មិន​អស់​សង្ឃឹម​នោះ​ទេ​ គឺ​ ​សូរិយា​ មាន​ចំណុច​ឈ្នះ ​៥០ ​ភាគរយ ​និង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​។​ អ្នក​ខ្លះ​ឮតែ​ដៃ​គូ​ប្រកួត​មាន​សមត្ថភាព​ខ្លាំង​ គឺ​បាក់​ទឹក​ចិត្ត ​ប៉ុន្តែ​កូន​សិស្ស​របស់​ខ្ញុំ ​គឺ​ចង់​ជួប​អ្នក​ខ្លាំង ​ទើប​ជួយ​យើង​ឲ្យ​ខ្លាំង​បាន​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត ​និង​សង្ឃឹម​ឈ្នះ​ ​ព្រោះ​យើង​ត្រៀម​បាន​ល្អ​ សម្រាប់​វាយ​ប្តូរ ខណៈ ​ឡុង​ ជិន ​មួយ​រយៈ​នេះ ​ធ្លាក់​ចុះ​មួយ​កម្រិត​ដែរ​»​។

ចំណែក​ ឡុង​ ជិន​ ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន​នោះ គឺ​មួយ​រយៈ​នេះ​បាន​​ធ្លាក់​ចុះ​ខ្លាំង ​ទាំង​ថាមពល ​និង​បច្ចេកទេស​ ហើយ​កាល​ពី​សប្តាហ៍​មុន បាន​​ចាញ់​សន្លប់​ក្រោម​ជង្គង់​ ​វេង​ សុភ័ក្រ។ ​ឡុង​ ជិន ធ្លាប់​ប្រកួត​បាន​ជាង ​១០០ ​ដង ​ក្នុង​នោះ​ប៉ះ​​កីឡាករ​បរទេស​ជិត ​៥០ ​លើក ​និង​ធ្វើ​ឲ្យ​ដៃ​គូ​ខ្លាច​ញញើត​។​

លោកស្រី​ ឡុង ​រ៉ាវី​ អ្នក​គ្រប់គ្រង​ ឡុង ​ជិន បាន​​និយាយ​ថា​៖ ​«​មួយ​រយៈ​នេះ ​ឡុង ​ជិន ​ពិត​ជា​ខ្សោយ​ជាង​មុន ​ដោយសារ​កម្លាំង​ធ្លាក់​ចុះ​ ដើរ​លេង​ច្រើន ​ហ្វឹកហាត់​មិន​សូវ​បាន​ល្អ ​ពិសេស​ខ្សោយ​ខាង​វិន័យ​។​ តែ​ទោះ​ជា​យ៉ាង​ណា​ ជំនួប​ប្រកួត​នេះ ​ដែល​មាន​ ​៣ ​ទឹក​នោះ ​​ឡុង ​ជិន ​​មិន​ស្រុត​ប៉ុន្មាន​ទេ ​គឺ​ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ​ ​៧០ ​ភាគរយ»​។​

ដោយ​ឡែក ការ​ជួប​គ្នា​រវាង ទិត្យ​ សុវណ្ណគិរី​ ​និង ទូច ​ដេវីត​ ត្រូវ​គេ​វាយ​តម្លៃ​ថា សុវណ្ណគិរី​ មាន​ប្រៀប​ជាង​ ឬ​អាច​ថា ​ស៊ី​ផុយ ព្រោះ​​សមត្ថភាព​ និង​បទពិសោធ​ ​ខុស​​គ្នា​ពេក​ គឺ សុវណ្ណគិរី ​មាន​ប្រៀប​ជាង ​មាន​កលល្បិច​ល្អ ​និង​​ចាស់​វស្សា​ជាង​។​

គ្រូ​បង្វឹក​ ​ទូច ​ដេវីត​ ​លោក​ អាត​ សំរិទ្ធ បាន​​ទទួល​ស្គាល់​ថា ​ទិត្យ សុវណ្ណគិរី​ ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ គឺ​កាល​ពី​កន្លង​មក ​ពិត​ជា​ល្បី​ខ្លាំង ​តែ​មិន​អាច​ស៊ី ​ទូច ​ដេវីត ផុយ​នោះ​ទេ។ លោក​បាន​ប្រាប់​ថា៖ ​«កូន​សិស្ស​ខ្ញុំ ជើង​ថ្មី​មែន តែ​ខ្ញុំ​ក៏​សង្ឃឹម​ឈ្នះ​ដែរ។ ទោះ ដេវីត មាន​បទពិសោធ​ប្រកួត​ត្រឹម​ ​១០ ​ដង ​តែ​គេ​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង ​១០ ​ដង ​ជាមួយ​​ជំនាញ​កណ្តាប់​ដៃ​ពិឃាត​»៕

អត្ថបទគួរចាប់អារម្មណ៍

  • មាស សុខសោភា វិល​ពី​កាណាដា​ភ្លាម ក៏​ចេញ​ទៅ​​សម្តែង​នៅ​កូរ៉េ​ភ្លែត

    ភ្នំពេញ៖ ខណៈ​ការ​ឃ្លាត​ឆ្ងាយ​ពី​ប្រិយ​មិត្ត​ទៅ​កាន់​ទឹក​ដី​ឯ​នាយ​សមុទ្រ​​​ប្រទេស ​កាណាដា ​អស់​រយៈពេល​ប្រមាណ​​​ ៦ ​ខែ​​​​ ដើម្បី​លម្ហែ​កាយ ​​​ជា​​មួយ​​ម្ចាស់​ចិត្ត​ និង​សម្តែង​សិល្ប

  • កីឡារាំ​ រក​ឃើញ​ជោគជ័យ​កាន់​តែ​ធំ មុន​ទៅ​ស៊ីហ្គេម

    ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​រាំ​​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​រហូត​ដល់ ៨ ព្រម​ទាំង​មេដាយ​ប្រាក់ ​៧​ និង​មេដាយ​សំរឹទ្ធ​ ​៦ ពី​ការ​ប្រកួត​កីឡារាំ​ជើងឯក​​អាស៊ី ADSF Asian Youth Single Dance Championship និង ADSF Asain Hong Kong Open 2019 នៅ​ទីក្រុង​ហុងកុង

  • ខុនដូ​គម្រោង Phnom Penh Harbour ចាប់ផ្តើម​សាងសង់

    ភ្នំពេញៈ អគារ​ខុនដូ​ចំនួន ២ ដែល​មាន​កម្ពស់​ ៤៦ ​ជាន់ ​ក្នុង​គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់​ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ហើយ​កាលពី​ចុងខែ​តុលា​កន្លងមក ​ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

  • បញ្ជូន​បុរស​វៀតណាម​ទៅ​តុលាការ​ រឿង​លួច​រថយន្ត​ដោយ​ផ្ដាច់​ GPS

    ភ្នំពេញៈ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​ ១ ​គ្រឿង​ ដោយ​ប្រើល្បិច​ផ្តាច់​ប្រព័ន្ធ​ GPS ​កាលពី​ថ្ងៃទី​ ១១ ​វិច្ឆិកា​ នៅ​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។