ភ្នំពេញ៖ ​កីឡាករ​ជើង​ថ្មី ​ថាន់ ប៊ុនរ៉ុង​ បាន​​ប្រើ​ពេល​តែ ​៣ ​ទឹក​ប៉ុណ្ណោះ​ ក្នុង​ការ​ផ្ដួល​អ្នក​ប្រដាល់​ចាស់​វស្សា​ ភួង​ ពិសិដ្ឋ ​ឱ្យ​ដួល​សន្លប់​​នៅ​ចុង​ទឹក​ទី​៣​ ខណៈ​មុន​ពេល​ប្រកួត​គ្មាន​នរណា​ហ៊ាន​ទស្សន៍ទាយ​ ឬ​ព្យាករ​ថា ជើង​ថ្មី ​ថាន់ ​ប៊ុនរ៉ុង ​អាច​ធ្វើ​បាន​ល្អ​បែប​នេះ​នោះ​ទេ​ ​ព្រោះ​ការ​ប្រកួត​ក្នុង​ឋានៈ​ជា​គូ​ឯក​ប្រចាំ​សប្តាហ៍​ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៦ កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ត្រូវ​បាន​គេ​ស្គាល់​ ប៊ុន​រ៉ុង ​តិច​ណាស់​ ​អ៊ីចឹង​​គេ​យល់​ថា​ សមត្ថភាព​ពិត​ជា​មិន​អាច​យក​ឈ្នះ​រាម​ច្បង ​ភួង ​ពិសិដ្ឋ បាន​​នោះ​​ទេ​។

អ្នក​ទស្សនា​ភាគ​ច្រើន​ សុទ្ធ​តែ​រំពឹង​​ថា ​ជើង​ថ្មី ​ថាន់​ ប៊ុនរ៉ុង ​បើ​គេច​ផុត​ពី​សន្លប់ ​ដោយ​ចាញ់​ត្រឹម​ពិន្ទុ ​ចាត់​ទុក​ថា​ ល្អ​ប្រសើរ​ណាស់​ទៅ​ហើយ​ ហើយ​ជាមួយ​គ្នា​នេះ ​ការ​ប្រកួត​នៅ​ក្នុង​​អំឡុង​​ទឹក​ទី​១ ​ភួង ​ពិសិដ្ឋ​ ទំនង​ដូច​ជា​មាន​ប្រៀប​​ពិន្ទុ​នាំ​មុខ​ដែរ ​ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៣ ​ការ​វាយ​ចេញ​ដោយ​ប្តូរ​ក្បាច់​កណ្តាប់​ដៃ​របស់​ ប៊ុនរ៉ុង ​បាន​ល្អ​ធ្វើ​ឱ្យ​ ពិសិដ្ឋ​ ដួល​សន្លប់​ មិន​អាច​បន្ត​ការ​ប្រកួត​បាន​ទៀត​។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម ​ភួង​ ពិសិដ្ឋ​ ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ​ធ្ងន់ ​រហ័ស ​មាន​ជង្គង់​ល្អ ​និង​ជា​អ្នក​ប្រដាល់​ល្បី​លំដាប់​ល្អ​ មាន​បទពិសោធ​ល្អ​ជាង​ ថាន់ ប៊ុនរ៉ុង ដាច់​ ប៉ុន្តែ​ការ​ប្រកួត​ជាក់​ស្តែង​ដ៏​គួរ​ឱ្យ​កោត​សរសើរ​ គឺ ប៊ុនរ៉ុង បែរ​ជា​​បាន​ធ្វើ​ឱ្យ ​​ពិសិដ្ឋ ​ចុក​រមួល​ម្ដង ​ដោយ​ក្បាច់​ជង្គង់​ ហើយ​​អាជ្ញាកណ្ដាល​រាប់ ​៨ ​ចប់ ​គេ​នៅ​បន្ត​ការ​ប្រកួត​បាន​ទៀត។ ទោះ​យ៉ាង​ណា ​ថាន់ ប៊ុនរ៉ុង ​បាន​ប្រើ​កណ្តាប់​ដៃ​វាយ​ផ្តាច់​ នៅ​ទឹក​ទី​៣ ​ឱ្យ ​ភួង ​ពិសិដ្ឋ​ សន្លប់​យ៉ាង​លឿន​មិន​គួរ​ឱ្យ​ជឿ​។​

លោក​ ធន់ ​សុភា ​គ្រូ​បង្វឹក​របស់​ ​ថាន់ ​ប៊ុនរ៉ុង បាន​​និយាយ​ថា​៖ «​ថាន់ ប៊ុន​រ៉ុង​ មាន​បទពិសោធ​​តិច​ និង​ខ្ចី​ជាង​ដៃ​គូ​មែន ​ប៉ុន្តែ​ស្នៀត​សម្លាប់ ​គឺ​អាវុធ​ល្អ ​ដូច​ជា​ក្បាច់​ជង្គង់​ស្រួច​ និង​កណ្តាប់​ដៃ​ធ្ងន់ ​ដែល​ជា​ចំណុច​ពិសេស​ក្នុង​ការ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​នោះ​»។​

លោក​​បាន​បន្ថែម​ថា៖ ​«ប៊ុនរ៉ុង ជា​សិស្ស​ថ្មី​ប្រកួត​បាន​​ប្រហែល ​២០ ​លើក​ ​ប៉ុន្តែ​អាច​ចាត់​ទុក​ថា ​ជើង​ថ្មី​ដែល​ចាប់​ផ្តើម​សាង​ឈ្មោះ​ល្បី​តាមរយៈ​ការ​ផ្តួល​ជើង​ចាស់​មួយ​ចំនួន​ ហើយ​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​​គីឡូក្រាម​​នេះ ​ថាន់ ប៊ុនរ៉ុង ​មាន​បទពិសោធ​​តិច ​និង​ខ្ចី​ជាង​គេ ​​តែ​​អាច​ចាប់​គូ​ឱ្យ​ប្រកួត​ជាមួយ​ជើង​ចាស់​រៀម​ច្បង​មួយ​ចំនួន​បាន​​ក្នុង​លក្ខណៈ​ប្រជែង​គ្នា​ស្វិតស្វាញ​ល្អ​មើល​»។​

ចំណែក​លោក​ ម៉ាក់​ សាខន ​គ្រូ​បង្វឹក​ ​ភួង​ ពិសិដ្ឋ​ បាន​និយាយ​ថា​៖ «​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា​ ភួង​ ពិសិដ្ឋ​ សន្លប់​ដែរ​ ​ព្រោះ​កន្លង​មក​វា​ល្អ​ជង្គង់ ​និង​ទាត់​ ហើយ​ជើង​ថ្មី​មួយ​ចំនួន​ក៏​លំបាក​យក​ឈ្នះ​វា​ដែរ ​ប៉ុន្តែ​លើក​នេះ​ ពិត​ជា​ស្មាន​មិន​ដល់​ថា ​វា​សន្លប់​ធ្ងន់​របស់​អ្នក​ជំនាន់​ក្រោយ​ទៅ​វិញ​។​ ទោះ​យ៉ាង​ណា ​ខ្ញុំ​ទទួល​ស្គាល់​ថា​ គេ​ជើង​ថ្មី​ជាង​យើង​ តែ​បើ​គេ​ហាត់​ល្អ​ វ៉ៃ​ល្អ ​ចូល​គោលដៅ​ល្អ​នោះ ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​សមត្ថភាព​គេ​ល្អ​ និង​អាច​​ផ្តួល​យើង​បាន​ ​អ៊ីចឹង​​នៅ​លើ​សង្វៀន យើង​កុំ​មើល​ងាយ​ដៃ​គូ​ឱ្យ​សោះ​»​។​

ជំនួយ​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ លោក​ ញាន​ សុធី​ ​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ជើង​ថ្មី ​ថាន់ ប៊ុន​រ៉ុង ​អាច​ផ្តួល​រៀម​ច្បង​ ភួង​ ពិសិដ្ឋ​ ឱ្យ​សន្លប់​ទឹក​ទី​៣ ​​ទេ។​ ខ្ញុំ​គិត​ពី​ដំបូង​ថា ​ប៊ុន​រ៉ុង ​ទប់​ត្រឹម​ចាញ់​ពិន្ទុ ​គឺ​ល្អ​ណាស់​ហើយ​ ប៉ុន្តែ​ជាក់​ស្តែង​ គេ​វ៉ៃ​ជើង​ខ្លាំង​ឱ្យ​សន្លប់​បាន​ទៀត អ៊ីចឹង​សមត្ថភាព​របស់​ ថាន់ ប៊ុន​រ៉ុង ​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គ.ក្រ​នេះ​អាច​ថា ​ចាប់​ផ្តើម​លេច​ធ្លោ​ល្អ​មិន​ខាន​»៕​