ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ថ្មី​ ​២ នាក់ គឺ អេលីត ភក្តី និង ឡុង បេនលឿន ព្រម​ទាំង​អ្នក​ប្រដាល់​​ជើង​ចាស់ ពុយ វណ្ណៈ និង សូត្រ ខេវិន នឹង​ត្រូវ​ឡើង​មក​ប្រកួត​គ្នា ​ដណ្តើម​យក​​កៅអី​ចុង​ក្រោយ​ក្នុង​វគ្គ ​៣ នៃ​​ព្រឹត្តិការណ៍ TV5​ Boxing Knock Out Serie ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​ព្រែក​កំពឹស​នា​ថ្ងៃ​សៅរ៍​នេះ​។​

ការ​វិល​មក​ជួប​គ្នា​រវាង ​ពុយ វណ្ណៈ​ និង សូត្រ​ ខេវិន គឺ​អ្នក​ខ្លាំង​ទល់​នឹង​ខ្លាំង ព្រោះ​ពួក​គេ​​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង។ ចំណែក ​ឡុង ​បេនលឿន ​ទោះបី​គេ​មិន​សូវ​មាន​ឈ្មោះ​ល្បី​ ប៉ុន្តែ​សមត្ថភាព​វ៉ៃ​ខ្លាំង ​ចិត្ត​ធំ​ស្រដៀង​ទៅ​នឹង​ដៃ​គូ​​របស់​គេ ​អេលីត​ ភក្ដី​ ដែរ​។​ ហេតុ​នេះ​ការ​ជួប​គ្នា​រវាង​អ្នក​ទាំង ​២ មាន​ការ​លំបាក ​នឹង​​ព្យាករ​លទ្ធផល​ទុក​មុន ​ព្រោះ​ជើង​ខ្លាំង​ជំនាន់​ថ្មី​ដូច​គ្នា ​ប៉ុន្តែ ​អេលីត ​ភក្តី ចាញ់​ប្រៀប​ផ្នែក​កម្ពស់ ​ឡុង ​បេនលឿន​។​

លោក ​ស៊ន​ អេលីត​ គ្រូ​បង្វឹក អេលីត ភក្តី បាន​​ប្រាប់​ថា​ ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៦០ ​ភាគរយ​ ​ព្រោះ​មួយរយៈ​នេះ​ ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​របស់ ភក្តី ​បាន​ឈ្នះ​ភាគ​ច្រើន​ ហើយ​ហ្វឹកហាត់​ក៏​​បាន​ល្អ​ដែរ​។ ​ចំណែក​លោក​ ឡុង​ សាលវ័ន្ត គ្រូ​បង្វឹក​ ​ឡុង បេនលឿន ​និយាយ​ថា​ សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ ​ខណៈ​ដែល​ក្បាច់​ជង្គង់​របស់​ ឡុង​ បេន​លឿន ​ល្អ​ជាង ​និង​ហ្វឹកហាត់​សម្រួច​ត្រៀម​បាន​ល្អ​។​

គួរ​រំឭក​ថា មុន​ឈាន​ជើង​មក​ដល់​វគ្គ ​២ ឬ​វគ្គ ​១៦ នាក់​ចុង​ក្រោយ​នេះ ​​អេលីត ​ភក្ដី បាន​​ឈ្នះ​អ្នក​ប្រដាល់​ជើង​ចាស់ ​ភិន​ សុចន្ទី របស់​​ក្លិប​នាគរាជ​ចតុមុខ​ដោយ​ពិន្ទុ ចំណែក ​ឡុង បេនលឿន​ ​បាន​ឈ្នះ​អ្នក​ប្រដាល់​ សឿន ​ឆ្នើម ដោយ​ពិន្ទុ​ដែរ​ ហើយ​ការ​ប្រកួត​លើក​នេះ ​គឺ​អ្នក​ឈ្នះ និង​បាន​ឡើង​ទៅ​វគ្គ ​៣ ឯ​អ្នក​ចាញ់​ធ្លាក់។

ដោយ​ឡែក សូត្រ​​ ខេវិន ​និង​ ​ពុយ ​​វណ្ណៈ ​​មាន​បទពិសោធ​ប្រកួត​ចាស់​វស្សា​​ដូច​គ្នា​។​ ​ពុយ ​វណ្ណៈ​ ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ ហើយ​ សូត្រ ​ខេវិន ​ក៏​ធ្លាប់​ឈ្នះ​ជើងឯក​រង ​ពិសេស​រដូវកាល​មុន​នៅ​សង្វៀន​នេះ​ សូត្រ ​ខេវិន ទទួល​បាន​លេខ ​៣ ​ផង​ដែរ​។ ​លោក​ សួន ​ប៊ុន​សូត្រ​ ជា​គ្រូ​បង្វឹក​ និយាយ​ថា​ មាន​ទំនុក​ចិត្ត​ឈ្នះ ​៨០ ​ភាគរយ ​ចំណែក​អ្នក​គ្រូ​ សុខ​ សុខា​ អ្នក​គ្រប់គ្រង​កីឡាករ ​ពុយ ​វណ្ណៈ​ សង្ឃឹម​ឈ្នះ ៩០ ​ភាគរយ​។​

បើ​និយាយ​ពី​បច្ចេកទេស​ ពុយ ​វណ្ណៈ​ ជំនាញ​ប្រើ​ដៃ​ល្អ​ ចំណែក​ ​សូត្រ ​ខេវិន​ ជំនាញ​ប្រើ​ជង្គង់​ល្អ​ ប៉ុន្តែ​ចិត្ត​តូច​ជាង​បន្តិច​ ខណៈ​ការ​ប្រកួត​​វគ្គ​ជម្រុះ​នៅ​វគ្គ​ ១​ ពុយ ​វណ្ណៈ ឈ្នះ​ លីន សុខឈុន​ នៅ​ក្នុង​ទឹក​ទី ២​ ហើយ សូត្រ​ ខេវិន​ ​បាន​​ឈ្នះ លីន វីរៈ​ ​ដោយ​ពិន្ទុ​៕