អ្នក​ប្រដាល់​ជើង​ថ្មី ​ទើប​សាង​បាន​​ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ ​២០១៩ រិន​ ដេវីត បាន​ត្រួសត្រាយ​ឧបសគ្គ​ជា​ច្រើន ​ដើម្បី​បាន​​ឈាន​ជើង​​ចូល​មក​ក្នុង​ក្រុម​​ជម្រើស​ជាតិ​ថ្នាល​ប្រដាល់​គុន​ខ្មែរ​ក្នុង​រយៈពេល​ខ្លី​បំផុត​ ហើយ​​តាមរយៈ​ការ​តស៊ូ​ និង​តាំង​ចិត្ត​ហ្វឹកហាត់​ ឡើង​ប្រកួត​មាន​លក្ខណៈ​មោះ​មុត​ ក្លាហាន​ គឺគេ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​នៅ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គ.ក្រ ​ដែល​សឹង​តែ​រក​ដៃ​គូ​ក្នុង​ស្រុក​ប្រកួត​មិន​បាន​។ ​

ទោះ​ជា​យ៉ាង​នេះ​សមត្ថភាព​របស់​ រិន ​ដេវីត ​បច្ចុប្បន្ន​បាន​ឈាន​ចូល​ក្នុង​លំដាប់​ខ្លាំង​ប្រហាក់​ប្រហែល​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ម្នាក់​ទៀត​គឺ​ ​ហ៊ឹម ​គឹមរៀង​ មក​ពី​ក្លិប​តាព្រហ្ម​មាន​ជ័យ​។​ ដោយ​ឡែក​នៅ​ក្នុង​ការ​ប្រកួត​​នៅ​​សង្វៀន​​អាស៊ី​អាគ្នេយ៍​ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​​ រិន ​ដេវីត​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ជាមួយ​ជើង​ចាស់​ ម៉ន ​វណ្ណី។

នៅ​ក្នុង​ជំនួប​នេះ ដេវីត ​​បាន​ប្រាប់​ថា​៖ ​«ខ្ញុំ​រីករាយ​ នឹង​​ការ​​សាកល្បង​សមត្ថភាព​ជាមួយ​រៀម​ច្បង ​ម៉ន ​វណ្ណី។​ ខ្ញុំ​សព្វ​ថ្ងៃ​ដូច​ជា​លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់​ ប៉ុន្តែ​រៀម​ច្បង ​ម៉ន ​វណ្ណី ​ល្បីល្បាញ​ខ្លាំង​មុន​ខ្ញុំ»។

សិស្ស​​ក្លិប​នាគរាជ​ចតុមុខ រិន ដេវីត បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​បាន​ប្រកួត​ឈ្នះ​កីឡាករ​​ជើង​ចាស់​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ លើកលែង​តែ​កីឡាករ​ ហ៊ឹម​ គឹមរៀង ​​ដែល​ខ្ញុំ​វ៉ៃ​បាន​ត្រឹម​ទប់ទល់​ល្អ​មើល ​ប៉ុន្តែ​មិន​ដែល​បាន​ឱកាស​ឈ្នះ​ម្ដង​ណា​ឡើយ​។​ ចំណែក ​​ម៉ន ​វណ្ណី ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ទៀត​ ដែល​ខ្ញុំ​ត្រូវ​ការ​ឈ្នះ​ ដើម្បី​ត្រួស​ត្រាយ​ឈាន​គ្រប់គ្រង​នៅ​ទម្ងន់ ​៥៤ ​គ.ក្រ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ជ័យ​ជម្នះ​ពិត​ជា​តឹងតែង​ និង​ឧបសគ្គ​ធំ​​ណាស់»​។​

លោក ​ញាន ​សុធី ​នាយក​គ្រប់គ្រង​ និង​ផ្គូផ្គង​នៅ​សង្វៀន​ SEATV និយាយ​ថា​៖ «​ពួក​គេ​ទាំង ​២ ​នាក់​ សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​ ​ព្រោះ​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​។​ ទោះ​យ៉ាង​ណា ជំនួប​រវាង​អ្នក​ខ្លាំង​ជំនាន់​មុន ​និង​ស្រករ​ក្រោយ​នេះ​ អ្នក​ឈ្នះ ឬ​អ្នក​​ចាញ់ ​សុទ្ធ​តែ​ឈឺ​ខ្លួន​ដូច​គ្នា​ ​ព្រោះ​សមត្ថភាព​វិជ្ជា​គុន​វ៉ៃ​សម្រុក​មិន​ចេះ​បន្ធូរ​ដៃ​ដូច​គ្នា​»។​

លោក​ ម៉ាង​ ម៉ន​ គ្រូ​បង្វឹក​ ម៉ន​ វណ្ណី ​បាន​និយាយ​ថា​៖ «​គូ​នេះ​សមត្ថភាព​ប្រហែល​គ្នា​ អ៊ីចឹង​បញ្ហា​ចាញ់​ ឬ​ឈ្នះ​ គឺ​អាស្រ័យ​លើ​កម្លាំង​ និង​ស្ថានភាព​ជាក់​ស្តែង ​ល្បិច​ប្រកួត ​ចេញ​ចូល​ ឬ​ផ្លាស់​ប្តូរ​ក្បាច់​ក្នុង​ពេល​ប្រកួត​។​ ​នៅ​ក្នុង​ទម្ងន់​ស្មើ​គ្នា ​កីឡាករ​ជា​កូនៗ​ក្នុង​ក្លិប​របស់​ខ្ញុំ ​ទោះ​ជា​មាន​សមត្ថភាព​ល្អ​ប្រៀប​លើ​គេ​ ឬ​ខ្លាំង​ជាង​គេ​ ឬ​ឈ្នះ​ខ្សែ​ក្រ​វាត់ ​ក៏​ដោយ​ គឺ​នៅ​តែ​គ្មាន​ឱកាស​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ម្តង​ណា​ឡើយ​»។​

នៅ​មាន​គូ​ឯក​ប្រចាំ​សប្តាហ៍​ ​ទម្ងន់ ​៦០ ​គីឡូក្រាម​ ដែល​មាន​ប្រិយភាព​ខ្លាំង ​គឺ​ សូត្រ​ វាសនា​ ត្រូវ​​ប្រកួត​ជាមួយ​​ ថន ​ភឿត​។​ អ្នក​ទាំង ​២ នេះ​មិន​ធ្លាប់​ជួប​គ្នា​ទេ​ ខណៈ​ដែល​ សូត្រ​ វាសនា ​ជា​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ ធ្លាប់​វ៉ៃ​ក្នុង​ទម្ងន់ ​៥៤ ​ និង ​៥៧ ​គ.ក្រ​ ​ទើប​តែ​ឡើង​ទម្ងន់​មក​វ៉ៃ​ក្នុង​ទម្ងន់ ​៦០ ​គ.ក្រ។​ ចំណែក ថន ភឿត​ ធ្លាប់​ប្រកួត​ចាញ់​ញឹក​ញាប់​ជាមួយ​ សូត្រ​ ខេវិន ​ជា​បង ​សូត្រ ​វាសនា​ ហើយ​ជា​កីឡាករ​ចាស់​វស្សា​ មាន​កម្លាំង​រឹងមាំ​ល្អ ​ប៉ុន្តែ​ចេញ​ចូល​យឺត ​ព្រម​ទាំង​ស្ថានភាព​ទឹក​ចិត្ត​ប្រកួត​សាមញ្ញ​ មិន​ពុះ​កញ្ជ្រោល​សម្រុក​ខ្លាំង​នោះ​ឡើយ​៕