ភ្នំពេញៈ ​អ្នក​ប្រដាល់​វ័យ​ក្មេង​ទម្ងន់​ធ្ងន់ ​វង្ស ​វិឆ័យ ​​មក​ពី​​ក្លិប​កង​ទ័ព​ឆត្រ​យោង ​៩១១​ បាន​យក​ឈ្នះ ​ឆៃ​ សារ៉ា​ ​របស់​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ទទួល​បាន​មេដាយ​មាស ​១ និង​​ខ្សែ​ក្រវាត់ ​១ អម​ជាមួយ​​ប្រាក់​រង្វាន់​​ចំនួន ​៥ ​០០០ ​ដុល្លារ ពី​ព្រឹត្តិការណ៍ ​Boostrong ​Gold​ Medal Fighter ​on ​Fire ​ទម្ងន់ ​៦៩ ​គីឡូ​ក្រាម​។ ចំណែក ​យ៉ាម ​ខេមរា ​បាន​វ៉ៃ​អ្នក​ប្រដាល់​ជើង​ចាស់ ​នន់​ ជំនិត ​ឲ្យ​បរាជ័យ​យ៉ាង​គ្រាំគ្រា​ ដើម្បី​ទទួល​បាន​លេខ ​៣​។

សម្រាប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ នៅ​លើ​​សង្វៀន​ SEATV កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កីឡាករ​វ័យ​ក្មេង​កម្លាំង​ល្អ ​វង្ស ​វិឆ័យ​ មាន​ប្រៀប​ដាច់​ក្នុង​ការ​វាយ​សង្គ្រប់​ដៃ​គូ​តាមរយៈ​កម្លាំង​ បង្ខំ​ឲ្យ​ ឆៃ​ សារ៉ា​ អស់​ថាមពល​ទប់ទល់​ និង​បែរ​មក​ព្យាយាម​ដក​ថយ​ ដើម្បី​គេច​ផុត​ពី​ការ​ចាញ់​ដោយ​សន្លប់​។

កីឡាករ ឆៃ ​សារ៉ា​ បាន​ព្យាយាម​ប្រើ​កែង​រូស និង​​ក្បាច់​ទាត់​ បាន​ល្អ​មើល​ត្រឹម​ទឹក​ទី​៣​ ប៉ុន្តែ​ការ​ប្រកួត​ចាប់​ពី​ទឹក​ទី​៤ ​ដល់​ទឹក​​ទី​៥​ ​សារ៉ា​ បាន​ត្រឹម​តែ​វាយ​បក​តិចតួច​ និង​ដក​ថយ​ ដោយ​គ្មាន​ថាមពល​គ្រប់គ្រាន់ ​ព្រម​ទាំង​បែរ​ខ្នង​ញឹកញាប់​ ខណៈ​ ​វង្ស​ វិឆ័យ​ ចូល​ចាប់​ឱប​ជាប់​ឡើង​ជង្គង់​បាន​ល្អ​ជាង ​និង​គ្រប់គ្រង​ស្ថានភាព​ល្អ​ និង​ឈាន​ទៅ​ទទួល​បាន​ពិន្ទុ​ឈ្នះ​ពី​ចៅ​ក្រម​ដោយ​ឯកឆន្ទ​។​

ក្រោយ​ប្រ​កាស​លទ្ធផល ​ឆៃ ​សារ៉ា​ ដែល​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ​២ ​​អម​ជាមួយ​​ប្រាក់​រង្វាន់ ២ ​៥០០ ​ដុល្លារ​នោះ ​សម្តែង​ការ​មិន​សូវ​ពេញ​ចិត្ត ​ដោយ​បាន​ចេញ​កាយ​វិការ​យក​ដៃ​ទៅ​វ៉ៃ​សង្វៀន​។ ​ទោះ​ជា​យ៉ាង​ណា​ មជ្ឈដ្ឋាន​ជា​ច្រើន​ពី​មហាជន​ និង​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​ព្រម​ទាំង​ចៅ​ក្រម​ ដែល​ផ្តល់​ពិន្ទុ​ឲ្យ ​វង្ស ​វិឆ័យ ​ឈ្នះ​នេះ​ គឺ​ជា​ភាព​សុក្រឹត​ត្រឹមត្រូវ​ល្អ​បំផុត​។​

ចំណែក​ ការ​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ រវាង ​នន់ ​ជំនិត​ និង យ៉ាម ​ខេមរា​ វិញ​ការ​បរាជ័យ​របស់​ នន់​ ជំនិត​ គឺ​បន្សល់​ស្នាម​បែក​ និង​គ្រាំគ្រា​ខ្លួន​យ៉ាង​ដំណំ​។ ទោះ​យ៉ាង​ណា នន់ ជំនិត ​ត​ដៃ​បាន​ខ្លះ ​និង​ព្យាយាម​ដក​ថយ​រត់​គេច​ខ្លះ ​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​តាម​វ៉ៃ​មិន​ប្រណី​ដៃ​របស់ ខេមរា ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​គេ​​អូស​បន្លាយ​បាន​ចំនួន ​៥ ​ទឹក​ពេញ ​និង​ចាញ់​ ​ខេមរា​ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​។​

តាម​លទ្ធផល​ផ្លូវ​ការ​នេះ​ម្ចាស់​ខ្សែ​ក្រវាត់ និង​មេដាយ​មាស​ វង្ស ​វិឆ័យ ទទួល​​​ប្រាក់រង្វាន់​​ចំនួន ​៥ ​០០០ ​ដុល្លារ​ ឯ​លេខ ​២ ​ឆៃ ​សារ៉ា​ ​បាន​ប្រាក់ ​២ ៥០០ ​ដុល្លារ​។ ចំណែក ​យ៉ាម ​ខេមរា ​មក​ពី​រស្មី​កុមារ​កំព្រា ​​បាន ​១ ​០០០ ​ដុល្លារ​ និង​អ្នក​បាន​លេខ ​៤ ​នន់​ ជំនិត​ ទទួល​បាន​ប្រាក់​​រង្វាន់​ ​៥០០ ​ដុល្លារ​ តែ​ពួក​គេ​សុទ្ធ​តែ​មិន​ទទួល​បាន​​តម្លៃ​ខ្លួន​បន្ថែម​ទៀត​ដូច​គ្នា​។​

លោក​ ញាណ​ សុធី ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត ​បាន​និយាយ​ថា៖ ​«ការ​ចំណាយ​ពេល​ប្រកួត​រយៈពេល ​១១ ​សប្តាហ៍ ​ក្នុង​ចំណោម​កីឡាករ​១៦ ​នាក់ ​ជា​លទ្ធផល​យើង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​មក​ដល់​ពេល​នេះ​ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត ​និង​​មាន​ការ​គាំទ្រ​ខ្លាំង​ច្រើន​កុះករ​ពី​មហាជន​»។​

លោក សុធី បាន​និយាយ​បន្ថែម​ថា៖ ​«ទាំង​​ប្រាក់​រង្វាន់​ និង​​ការ​វិនិច្ឆ័យ​របស់​គណៈកម្មការ ​គឺ​យើង​ទទួល​បាន​លទ្ធផល​ល្អ​ និង​ខ្ញុំ​​សូម​អរគុណ​ដល់​ទស្សនិកជន ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​ប្រកួត​របស់​សង្វៀន​អាស៊ី​អាគ្នេយ៍​យើង​ជា​និច្ច»​៕