ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយ អេលីត ភត្តី ត្រូវប្រកួតដណ្តើមកៅអីទៅវគ្គ ២ ជាមួយកីឡាករជើងចាស់ យ៉ុន ដារ័ត្ន ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម នៅសង្វៀនប៉ុស្តិ៍លេខ ៥ ហើយជាមួយគ្នានេះ ជើងខ្លាំងកម្ពុជា ឡុង សំណាង ត្រូវសាកកណ្ដាប់ដៃជាគូមិត្តភាពអន្តរជាតិ និងថៃ Yuk Phich ដែលអ្នកទាំង ៣ នេះជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៣,៥ គីឡូក្រាមដូចគ្នា។
ទោះបីជា អេលីត ភក្តី ទើបតែល្បីល្បាញក្នុងអំឡុងឆ្នាំ ២០១៩ ប៉ុន្តែសមត្ថភាពវិជ្ជាគុនព្រមទាំងស្មារតីប្រកួតរបស់គេ មានភាពរីកចម្រើនខ្លាំង និងបានឈ្នះជើងចាស់មួយចំនួនហើយ ចំណែក យ៉ុន ដារ័ត្ន ជាកីឡាករលំដាប់ជម្រើសជាតិ ដែលសាងភាពល្បីល្បាញលំដាប់ជួរមុខផងដែរ ប៉ុន្តែអាចមានចំណុចខ្សោយខ្លះផ្នែកកម្លាំងនៅចុងទឹក។
លោក ស៊ន អេលីត គ្រូបង្វឹក អេលីត ភក្តី បានប្រាប់ថា៖ «អេលីត ភត្តី ជើងថ្មី តែចិត្តធំនិងមានក្បាច់ប្រកួតល្អ ហើយខ្ញុំមានទំនុកចិត្តថា មានប្រៀបឈ្នះលើ យ៉ុន ដារ័ត្ន ៨០ ភាគរយ។ តាមខ្ញុំគិត យ៉ុន ដារ័ត្ន អាចចាញ់ប្រៀបផ្នែកកម្លាំងមិនខាន»។
ចំណែកលោក ម៉ាក់ សាខន គ្រូបង្វឹក យ៉ុន ដារ័ត្ន បានប្រាប់ថា៖ «ខ្ញុំមិនហ៊ានទស្សន៍ទាយមុនទេ ប៉ុន្តែគូនេះ គឺល្អ និងមានប្រៀបម៉្យាងម្នាក់ ហើយការឈ្នះចាញ់ ពិតជាតឹងតែង មិនមែនឈ្នះគ្នាងាយស្រួលនោះឡើយ»។
ជាមួយគ្នានេះ ឡុង បេនលឿន ក៏ត្រូវប្រកួតជម្រុះជាមួយ សឿន ឆ្នើម ផងដែរ ប៉ុន្តែគូនេះមិនសូវល្អ ឬចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះសុទ្ធតែជាជើងថ្មីជំនាន់ក្រោយ មិនទាន់ល្បីនៅឡើយ។ ផ្ទុយពីនេះការជួបគ្នារវាង ឡុង សំណាង និង Yuk Phich បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះអ្នកទាំង ២ សុទ្ធតែជាកីឡាករធ្លាប់ដណ្តើមបានខ្សែក្រវាត់ដូចគ្នា។
ឡុង សំណាង មួយរយៈនេះ ល្អ ១ កំប្លេ ខណៈដែលជង្គង់ និងកែង ព្រមទាំងចូលវាយសម្រុកគ្មានបន្ធូរដៃ ប៉ុន្តែ Yuk Phich ជាជើងខ្លាំង ដោយគេធ្លាប់វាយឈ្នះខ្សែក្រវាត់គូបូតានៅសង្វៀនបាយ័ន។ គេនៅចាំបានថា Yuk Phich នេះ ធ្លាប់ប៉ះ ឃីម ឌីម៉ា ២ ដង ដោយវាយស្មើពិន្ទុគ្នាម្តង និងចាញ់ក្នុងទឹកទី ២ ម្តង ហើយគេធ្លាប់ឈ្នះ ចាន់ ស៊ីណាត និង ផល សោភ័ណ្ឌ ប៉ុន្តែចាញ់ពិន្ទុ ឡៅ ចិត្ត្រា។
លោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង សំណាង បានប្រាប់ថា៖ «ខ្ញុំមានទំនុកចិត្តថា ឡុងសំណាង គឺឈ្នះ ប៉ុន្តែមិនមែនឈ្នះ ដោយស៊ីផុយនោះឡើយ។ ឡុង សំណាង ជួបប្រកួតជាមួយថៃកន្លងមកនេះ គេស្គាល់ពាក្យថាចាញ់តិចបំផុត។ និយាយរួម សំណាង គេមានស្នៀតប្រដាល់ល្អ ពិសេសជង្គង់តែម្ដង ហើយការវាយចេញមុនរហូត មិនឲ្យដៃគូចេញស្នៀតបានមុនឡើយ ដែលនេះជាចំណុចល្អមានប្រៀបជាង»៕