ភ្នំពេញ៖ ​ការ​ប្រកួត​គុន​ខ្មែរ​វគ្គ​ជម្រុះ​ដណ្តើម​​ពាន​រង្វាន់ ​TV5 ​Boxing Knock Out Series​ Cell Card​ បាន​ឈាន​ចូល​លើក​ទី​៤ ​ដែល​ត្រូវ​ចម្រាញ់​ជ្រើស​យក​អ្នក​ឈ្នះ​តែ​ម្នាក់​ ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​ ឡើង​ទៅ​វគ្គ​បន្ត​ ហើយ​​បេក្ខភាព​ទាំង ​២ ​រូប ​ត្រូវ​​ប្រកួត​ប្រជែង​នៅ​​ថ្ងៃ​សៅរ៍​នេះ ​​តម្រូវ​ទៅ​លើ​កីឡាករ​ជើង​ថ្មី សូដា​ សុវណ្ណម៉ាយ​ មក​ពី​ក្លិប​គោ​ព្រៃ ​និង​​ ​បាង​ កាណុន​ របស់​ក្លិប​អាណាចក្រ​គុន​ខ្មែរ។

សម្រាប់​​សមត្ថភាព​ និង​បទពិសោធ​ប្រកួត​របស់​អ្នក​​ទាំង ​២ ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នៅ​ខ្ចី​វស្សា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​បាន​ឈ្នះ​កៅអី​វគ្គ​២ ​ចំនួន ​៣ ​នាក់​ ដែល​កំពុង​រង់ចាំ​ជា​ស្រេច​ក្នុង​នោះ​មាន​កីឡាករ​ ធន់ ​អៀង​ឡៃ​, រិន ​ដេវីដ ​និង ​ពេជ្រ​ ប៊ុន​សិទ្ឋ​។​ រវាង សូដា សុណ្ណម៉ាយ និង បាង កាណុន ​នឹង​មាន​អ្នក​ឈ្នះ​ម្នាក់ ​ឡើង​ទៅ​វគ្គ​បន្ត ​ខណៈ​អ្នក​ទស្សនា​ប្រដាល់​ភាគ​ច្រើន ​បាន​ហៅ​ការ​ប្រកួត​របស់​អ្នក​ទាំង ​២ នេះ​ថា ​ទំនង​ដូច​ជា​ផ្សង​ព្រេង​ច្រើន​ជាង​ ​ព្រោះ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​នេះ ​​ប្រជុំ​ជើង​ខ្លាំង​ល្អ​ជាង​នេះ​ច្រើន​ណាស់​។​

លោក ​ញាណ​ សុធី​ ជំនួយ​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ TV5​ បាន​ប្រាប់​ថា​៖ «​ពួក​គេ​វ័យ​ក្មេង​បទពិសោធ​ថ្មី​ តែ​កំពុង​ឡើង​ជើង​ល្អ​។ ​ជាមួយ​គ្នា​នោះ​កីឡាករ ​សូដា​ សុវណ្ណម៉ាយ ​ហ្វឹកហាត់​កំពុង​ល្អ ​ហើយ​ ​បាង ​កាណុន​ ជំនាញ​កណ្តាប់​ដៃ​ មាន​ប្រភព​មក​ពី​ជម្រើស​ជាតិ​ប្រដាល់​សកល​ធ្លាប់​មាន​ស្នាដៃ​ប្រកួត​ល្អ​ដែរ»​។

លោក ​សុធី​ ដែល​ធ្លាប់​មាន​បទពិសោធ​​រៀបចំ​ផ្គូផ្គង​​នៅ​សង្វៀន​ SEATV ​បាន​​បន្ថែម​ថា​៖ ​«មុន​នឹង​ផ្គូផ្គង​ ខ្ញុំ​សុទ្ធ​តែ​បាន​ទៅ​ពិនិត្យ​មើល​ការ​ហ្វឹកហាត់ ​ព្រម​ទាំង​តាមដាន​ការ​ប្រកួត​ដល់​ទីតាំង​ក្លិប​​ផ្ទាល់ ​ដើម្បី​ឱ្យ​ប្រាកដ​ថា ​កីឡាករ​ហ្វឹកហាត់​ល្អ​ ទើប​យក​មក​ប្រកួត​ ចំណែក​ប្រវត្តិ​ប្រកួត​វិញ សូដា​ សុវណ្ណម៉ាយ​ ធ្លាប់​ប្រកួត ​២៥ ​ដង ឈ្នះ​ ១៦​ ​ចាញ់ ​៧​ និង​​ស្មើ ​២ ​ដង ហើយ ​បាង​ កាណុន​ ប្រកួត​បាន ​៣៥ ​ដង ​ឈ្នះ ​២២​ ​ចាញ់ ​១១​ និង​ស្មើ ​២ ​ដង»​។​

ចំណែក​លោក ​ផាត់ ​សូដា​ គ្រូ​បង្វឹក​ប្រចាំ​ក្លិប​គោព្រៃ​ បាន​និយាយ​ថា​៖ «​សូដា​ សុវណ្ណម៉ាយ ​ហ្វឹកហាត់​ និង​គោរព​វិន័យ​ល្អ​ ហើយ​ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម​នេះ​ ថ្នាក់​ដឹកនាំ​ក្លិប​ ជំរុញ​ឱ្យ​គេ​ទៅ​ចូល​រួម​ដណ្តើម​ពាន​នេះ​។​ សមត្ថភាព​របស់​គាត់​ ទើប​តែ​មាន​បទពិសោធ​ខ្ចី ​ប៉ុន្តែ​ការ​ចូល​ប្រកួត ​គឺ​ដូច​យើង​សាកល្បង​ដែរ ​ថា​តើ​ពេល​ប្រកួត​ជាមួយ​អ្នក​ខ្លាំង ​យើង​នឹង​ទទួល​បាន​​បច្ចេកទេស​ល្អៗ​សម្រាប់​យើង​បាន​ដូច​ម្តេច?​»​។​

លោក ​​សូដា ​បន្ត​ថា៖ ​«​ខ្ញុំ​គិត​ថា ​សុវណ្ណម៉ាយ ​ជួប ​បាង​ កាណុន​ មិន​មែន​ជា​ឧបសគ្គ​ធំ​នោះ​ឡើយ​ ​ព្រោះ​ស្នៀត​ទាត់​ ជង្គង់ ​និង​កណ្តាប់​ដៃ ​យើង​មាន​ទំនុក​ចិត្ត​ល្អ​ជាង ​ខណៈ​ ​បាង​ កាណុន​នេះ ​មាន​ជំនាញ​តែ​ស្នៀត​កណ្តាប់​ដៃ​មួយ​ផ្នែក​ប៉ុណ្ណោះ ​ហេតុ​នេះ​ចំពោះ​ខ្ញុំ​ជា​គ្រូ​បង្វឹក​មើល​ឃើញ​ថា ​សង្ឃឹម​ឈ្នះ ​៦០ ​ភាគរយ​»។​

ចំណែក បាង​ កាណុន ​មិន​អាច​ទាក់ទង​សម្ភាស​បាន​ ប៉ុន្តែ​ជំនួយ​ការ​ផ្គូផ្គង​លោក​ ញាន ​សុធី បាន​និយាយ​ថា ​សមត្ថភាព​ គឺ​មាន​កម្រិត​ប៉ុន​គ្នា ​ហើយ​បើ​ប្រៀបធៀប​ជាមួយ​កីឡាករ​ទាំង​ ​៣ ​នាក់ ​មាន​ ធន់​ អៀង​ឡៃ, ​រិន ​ដេវីដ ​និង ​ពេជ្រ ​ប៊ុនសិទ្ឋ ដែល​បាន​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​នេះ​រួច​ហើយ​នោះ ​គឺ​ពិត​ជា​គ្មាន​លទ្ធភាព​ឈ្នះ​បាន​​មែន ​សម្រាប់​ជុំ​ក្រោយៗ​ ព្រោះ​ប៉ះ​សុទ្ធ​តែ​អ្នក​ខ្លាំង​ៗ។​

ចំណែក​គូ​ពិសេស​អម ​១ ​គូ​ទៀត​ គួរ​ឱ្យ​ចាប់​អារម្មណ៍​ គឺ​ក្លិប​គោព្រៃ​ បាន​​អ្នក​ប្រដាល់​ទម្ងន់ ​៦០ ​គីឡូក្រាម​ជើង​ថ្មី​ ​សូដា ​ម៉ាឡាកាំង​ ឱ្យ​ប្រកួត​ជាមួយ​ជើង​ចាស់​ យុគ​ យក្សផ្លែ ​​ក្លិប​បុរី​រាជសីហ៍​។​ សូដា​ ម៉ាឡាកាំង​ នេះ​ត្រូវ​បាន​គេ​អះអាង​ថា ​ហ៊ាន​ប៉ះ​ជាមួយ​ជើង​ចាស់​ យក្សផ្លែ ​មិន​ទាន់​ដឹង​ថា ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ទេ​​ក្នុង​ការ​ប្រកួត ​៥ ​ទឹក​ពេញ​​នោះ៕