ភ្នំពេញ៖ អ្នក​ប្រដាល់​វ័យ​ក្មេង​ចំនួន ៣ រូប ដែល​ទើប​តែ​ពង្រឹង​សមត្ថភាព​បាន​ល្អ តាមរយៈ​ប្រកួត​ឈ្នះ​ញឹកញាប់​ដូចគ្នា​នោះ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជា​រៀម​ច្បង​ចាស់​វស្សា ដោយ​ក្នុង​នោះ​ជើង​ថ្មី​ជំនាញ​លេង​កណ្តាប់​ដៃ ជី ឆៃលី ត្រូវ​ជួប​កីឡាករ​មាន​បទពិសោធ​ចាស់​ជាង ប៊ន ពន្លឹក រីឯ ជើង​ថ្មី​ទម្ងន់​ធ្ងន់ លី រិទ្ធី ត្រូវ​ប៉ះ​ជើង​ចាស់ យ៉ាម ខេមរា ហើយ​ជើង​ថ្មី​ល្បី​ខ្លាំង ថាន់ ប៊ុនរ៉ុង ត្រូវ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​ជើង​ចាស់ ជ័យ ស៊ីនេត ដែល​ជា​គូស​ន្សំ​ប្រាក់​លាន​នៅ​លើ​សង្វៀន​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។

សម្រាប់​ការ​ប្រកួត​ទាំង ៣ គូ​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា សមត្ថភាព​កីឡាករ​ជើង​ថ្មី​ទាំង ៣ នាក់​ខាង​លើ ទំនង​មាន​ប្រៀប​ជាង និង​ក្លាហាន​ជាង​កីឡាករ​ជើង​ចាស់ ដែល​មាន​បទពិសោធ​ច្រើន​ជាង ហើយ​ទាំង​ភាគី ជី ឆៃលី, ថាន់ ប៊ុនរ៉ុង និង លី រិទ្ធី សុទ្ធ​តែ​សង្ឃឹម​ឈ្នះ​ក្នុង​ភាគរយ​ខ្ពស់។

លោក ធន់ សុភា ជំនួយ​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន និង​ជា​គ្រូបង្វឹក​ផ្ទាល់​របស់ ជី ឆៃលី និង ថាន់ ប៊ុនរ៉ុង បាន​ប្រាប់​ថា សម្រាប់​កីឡាករ ៣ គូ ក្នុង​ការ​ប្រកួត​របស់​ភេសជ្ជៈ WURKZ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ គឺ​កម្មវិធី​សម្រិតសម្រាំង ព្រោះ​ថា​មាន​តែ ៣ គូ ហេតុ​នេះ​ធនធាន​សមត្ថភាព​កីឡាករ គឺ​ភាគ​ច្រើន​ដាក់​ឱ្យ​ប្រកួត​អាច​ធានា​បាន​ថា មិន​ងាយ​នឹង​សន្លប់ ដើម្បី​កុំ​ឱ្យ​ខូច​កម្មវិធី ហើយ​បើ​និយាយ​ពី​បច្ចេកទេស​វិញ ជី ឆៃលី អាច​នឹង​មាន​ប្រៀប​ច្រើន​លើ ប៊ន ពន្លឹក ទោះបី​ជា​មាន​បទពិសោធ​ខុស​គ្នា​ក៏​ដោយ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ជា​គ្រូបង្វឹក ជី ឆៃលី ផ្ទាល់​ដៃ គឺ​មាន​ទំនុក​ចិត្ត​ឈ្នះ ៧០ ភាគរយ ព្រោះ​កម្លាំង​កណ្តាប់ដៃ​ក្នុង​ទឹក​ចិត្ត​ប្រកួត​មិន​ចេះ​បន្ធូរដៃ​ទេ ចំណែក ថាន់ ប៊ុនរ៉ុង ប្រកួត​បាន​ត្រឹម ២៧ ដង ចាញ់​តែ ៤ ដង​ទេ ប៉ុន្តែ​ផ្តួល​ជើង​ចាស់​ឱ្យ​ចុះចាញ់​ជាច្រើន​នាក់ ហើយ​ក្នុង​មួយរយៈ​នេះ គេ​ឈ្នះ​បាន​ចំណាត់​ថ្នាក់​រង្វាន់​ប្រាក់​លាន​កម្មវិធី Cambodia Beer ចំនួន ២ លើក ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ ជ័យ ស៊ីនេត ៨០ ភាគរយ»។

ចំណែក​លោកស្រី សុខ អ្នក​គ្រប់គ្រង​កីឡាករ ជ័យ ស៊ីនេត បាន​ប្រាប់​ថា៖ «ស៊ីនេត ហាត់​បាន​ល្អ ប៉ុន្តែ​គ្នា​ចាស់​កម្លាំង ខ្សោយ​ជាង​ក្មេង ហេតុ​នេះ យើង​មិន​ហ៊ាន​សង្ឃឹម​ឈ្នះ​ច្រើន​ទេ ព្រោះ​អាច​ចាញ់​ការ​ចូល​វាយ​សម្រុក​សន្ធាប់​ខ្លាំង។ យើង​អាច​ចាញ់ តែ​បើ​វ៉ៃ​តាម​របៀប​បច្ចេកទេស​ធានា​ល្អ​ជាង តែ​ទោះ​បី​ជា​យ៉ាងណា ការ​ចាញ់ ឬ​ឈ្នះ ក្នុង​លក្ខណៈ​តឹងតែង​ដែរ»។

សម្រាប់​គូ​ទម្ងន់​ធ្ងន់​រវាង​ជើង​ថ្មី លី រិទ្ធី និង យ៉ាម ខេមរា សុទុ្ធ​តែ​រំពឹង​ឈ្នះ​ដូចគ្នា។ តាម​ប្រវត្តិ​ប្រកួត​ថ្មីៗ យ៉ាម ខេមរា ល្អ​ជាង​មុន ដោយ​ទើបតែ​ឈ្នះ​ជើងចាស់ ធី តុងហ៊ី និង​ឈ្នះ ឯម ឡេងលី។ ចំណែក លី រិទ្ធី វិញ​ប្រកួត​ចុង​ក្រោយ​នេះ ចាញ់​ពិន្ទុ ឡុង សុភី ប្រផិតប្រផើយ ប៉ុន្តែ​ឈ្នះ​ពិន្ទុ​អ្នក​លេង​ស្នៀត​ទាត់ ឡុង ល្វៃ។

កីឡាករ ថៃ រិទ្ធី ដែល​ជា​គ្រូ​របស់ លី រិទ្ធី បាន​និយាយ​ថា៖ «ឥឡូវ​ក្លិប​មិនទាន់​បើក​ហាត់​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​កីឡាករ​ហាត់​ក្នុង​ក្លិប​មិន​បើក​ទូលាយ ហើយ​ខ្ញុំ​តាម​ត្រួត​ពិនិត្យ​តាម​អនឡាញ។ តាម​ខ្ញុំ​គិត លី រិទ្ធី ឥឡូវ​ល្អ​ខ្លាំង កម្លាំង​ល្អ​ជាង យ៉ាម ខេមរា ពិសេស​ស្នៀត​កណ្តាប់ និង​ទាត់​ឆ្ងាយ ប៉ុន្តែ​យើង​បារម្ភ​តែ​ក្បាច់​ឱប​ឡើង​ជង្គង់​ប៉ុណ្ណោះ ដែល យ៉ាម ខេមរា មាន​ប្រៀប​ជាង។ តែ​ទោះបី​ជា​យ៉ាង​ណា ខ្ញុំ​គិត​ថា លី រិទ្ធី នៅ​តែ​ឈ្នះ ក្នុង​ទំនុក​ចិត្ត ៩០ ភាគរយ»៕