ភ្នំពេញ៖ ​កីឡាករ​មាន​បទពិសោធ​នៅ​ខ្ចី​វស្សា​ ធន់ ផានិត, ពេជ្រ កក្កដា, អេលីត សេងហួរ និង បាន លីម ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សង្វៀន​​ថោន ដាក់​ឱ្យ​ពួក​គេ​ប្រកួត​​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៧ គីឡូក្រាម យក​ទឹក​ប្រាក់ ​៣,៤ ​លាន​រៀល នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​សម្រេច​ដាក់​កីឡាករ​ជើង​ថ្មី ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ដ៏​កម្រ​នេះ ត្រូវ​បាន​គណៈ​ផ្គូផ្គង​អះអាង​ថា មក​ពី​ពួក​គេ​មាន​​ទឹក​ចិត្ត​ប្រកួត​ចូល​វាយ​សម្រុក​ខ្លាំងៗ​ អស់​ពី​សមត្ថភាព​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​និយម​ចូលចិត្ត​ ហើយ​ការ​ផ្តល់​ឱកាស​នេះ ក៏​ដើម្បី​ចូលរួម​​លើក​ស្ទួយ​ និង​ជួយ​ឱ្យ​ជើង​ថ្មី​ទាំង​នេះ អាច​អភិវឌ្ឍ​សមត្ថភាព​កាន់​តែ​ល្អ​ប្រសើរ ​ឈាន​ទៅ​ជា​អ្នក​ប្រដាល់​ដែល​ឆ្នើម​នាពេល​អនាគត​ផង​ដែរ។​

លោក ​ជួប ​វុត្ថា ​ផលិតករ ​និង​ជា​អ្នក​គ្រប់គ្រង​សមាសភាព​កីឡាករ​ នៅ​សង្វៀន​ថោន​​ប្រាប់​​ថា​៖ «​ការ​ផ្តល់​ឱកាស​កីឡាករ​ឆ្នើមៗ​វ័យ​ក្មេង​ មាន​បទពិសោធ​​នៅ​ខ្ចី​វស្សា​ ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ព្រោះ​​ការ​ប្រកួត​របស់​ពួក​គេ ​វាយ​អស់​ពី​សមត្ថភាព​មាន​ភាព​ទាក់ទាញ​មហាជន​ខ្លាំង​ហើយ​នេះ​ក៏​ជា​ទស្សន​វិស័យ​មួយ​ ជួយ​គាំទ្រ​ និង​បណ្តុះបណ្តាល​អ្នក​ប្រដាល់​ ដែល​លេច​ធ្លោ​ជំនាន់​ក្រោយ​ឱ្យ​ក្លាយ​​ទៅ​ជា​អ្នក​ប្រដាល់​លំដាប់​ខ្លាំង​ជួរ​មុខ​ផង​ដែរ»​។​

លោក​​បន្ថែម​ថា៖ ​«​ទោះបី​ជា​ មាន​ការ​រិះ​គន់​ខ្លះ ​ប៉ុន្តែ​តាម​បទពិសោធ​របស់​ខ្ញុំ ​រយៈពេល​មួយ​ឆ្នាំ​លើ​ផ្នែក​ប្រដាល់​នេះ​ ខ្ញុំ​គិត​ថា ​គួរ​តែ​ផ្តល់​ឱកាស​ដល់​កីឡាករ​វ័យ​ក្មេង ​ជា​ពន្លក​គុន​ខ្មែរ​ ដើម្បី​ផលិត​បាន​នូវ​កីឡាករ​គុន​ខ្មែរ​ឱ្យ​សម្បូរ​បែប​ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ប្រកួត​ដ៏​ច្រើន​ ព្រោះ​​ជើង​ចាស់​ល្បី​ឈ្មោះ​​មួយ​ចំនួន​ចាប់​ផ្តើម​សម្តែង​ឫក​ផង និង​​ប្រកួត​មិន​សូវ​ទាក់ទាញ​ផង​»។​

ទាក់ទង​ទៅ​នឹង​សមត្ថភាព​ និង​បទពិសោធ​បច្ចេកទេស​​វិញ ​នៅ​ក្នុង​កីឡាករ​វ័យ​ក្មេង​ទាំង ​៤ ​នាក់​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ ​ពេជ្រ​ កក្កដា ​មាន​ក្បាច់​គួរ​ចាប់​អារម្មណ៍​ ហើយ​ ​ធន់​ ផានិត ​​មាន​ទឹក​ចិត្ត​ប្រកួត​ពុះ​កញ្ជ្រោល​ ចូល​វាយ​សម្រុក​មិន​បន្ធូរ​ដៃ​ ដែល​​ទំនង​មាន​ប្រៀប​ជាង​គេ​បន្តិច​​ព្រោះ​​សូម្បី​តែ​ជើង​ខ្លាំង ​រិន​ ដាវីត ​ក៏​លំបាក​យក​ឈ្នះ​គេ​ណាស់​។ ប៉ុន្តែ ​អេលីត​ សេងហួរ​ និង បាន លីម​ ក៏​ជា​កីឡាករ​ចូលចិត្ត​វាយ​សម្រុក​ ដែល​​ចំ​គោលដៅ​ល្អ​អាច​សន្លប់​ភ្លាមៗ​ដូច​គ្នា​។

លោក ​ធន់ ​សុភា​​ គ្រូ​បង្វឹក ​ធន់ ​ផានិត បាន​និយាយ​ប្រាប់​​​ថា​៖ «ខ្ញុំ​មាន​ជំនឿ​មុតមាំ​ថា​ ​កូន​សិស្ស​របស់​ខ្ញុំ នឹង​​ឈ្នះ​ប្រាក់​លាន​នៅ​សប្តាហ៍​នេះ​ ​ព្រោះ​ហ្វឹកហាត់​បាន​ល្អ​ណាស់​ ពិសេស​ដៃ​គូ​ប្រកួត​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ​និង​មាន​ដៃ​គូ​ខ្លះ​ទំនង​មាន​កម្រិត​ក្រោម​យើង​បន្តិច​បន្តួច​ដែរ​។​ ហេតុ​នេះ ខ្ញុំ​សង្ឃឹម​ជឿជាក់​ ៩០ ​ភាគរយ​ថា គេ​នឹង​​ឈ្នះ​ប្រាក់​លាន​»​។​

ចំណែក​លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក​របស់ ពេជ្រ ​កក្កដា​ បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​កូន​សិស្ស​របស់​​ខ្ញុំ​ នឹង​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។​ នៅ​ក្នុង​ចំណោម​អ្នក​ទាំង ៤​ ​នេះ ​យើង​លំបាក​ទស្សន៍ទាយ​ឱ្យ​ច្បាស់​ណាស់​ ​ព្រោះ​ជា​ប្រភេទ​កីឡារ​មាន​​ចិត្ត​ធំ​ ហ៊ាន​ចូល​វាយ​ប្តូរ​ដូច​គ្នា ​ហេតុ​នេះ​បើ​វាយ​ចូល​គោលដៅ​ពេញ​ វា​ប្រឈម​ទៅ​នឹង​ការ​ស្រុត​ចុះ​ ឬ​សន្លប់​ភ្លាមៗ ​ក៏​ថា​បាន​ដែរ​។ ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​រំពឹង​​ឈ្នះ ៨០ ​​ភាគរយ ​ប៉ុន្តែ​​បើ​ចាប់​ឆ្នោត​ប៉ះ​ ធន់​ ផានិត​ ​ចាញ់​ឈ្នះ​តឹងតែង​ណាស់​ គឺ​មាន​ទំនុក​​ចិត្ត​ឈ្នះ​ត្រឹម ​៥០ ​ភាគយ​ប៉ុណ្ណោះ»​។

ជាមួយ​គ្នា​នេះ​ដែរ លោក ​ស៊ន ​អេលីត បាន​​និយាយ​ថា​៖ «​កូន​សិស្ស​ខ្ញុំ​ អេលីត​ សេងហួរ​ មិន​ហ៊ាន​និយាយ​មុន​ទេ​ ​ព្រោះ​កុំ​ឱ្យ​គេ​ថា ​ខ្ញុំ​អួត ​ប៉ុន្តែ​ជា​ទូទៅ​កូន​សិស្ស​ខ្ញុំ ​ឡើង​សង្វៀន​​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​សន្លប់​ចោល​ មិនមែន​ឡើង​រាំ ​តាម​ចង្វាក់​ភ្លេង​ដូច​កូន​សិស្ស​គេ​នោះ​ទេ​»។​

ចំណែក​លោក​គ្រូ ហង្ស ​ស៊ឺន ​គ្រូ​បង្វឹក មិន​អាច​សុំ​សម្ភាស​បាន​ទេ ​ខណៈ​ដែល​កីឡាករ​ បាន ​លីម ជា​ជើង​ថ្មី ​តែ​គេ​បាន​កត់​សម្គាល់​ថា​ឆ្នើម​ផង​ដែរ​៕