ភ្នំពេញ៖ ​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​​ ២០២០ ​ដែល​បាន​អូស​បន្លាយ​ឈាន​ចូល​ឆ្នាំ​ថ្មី ​ដោយ​សារបញ្ហា​កូវី ១៩ ​នោះ​ បាន​បើក​ការ​ប្រ​កួត​កាល​ពី​ថ្ងៃទី​ ២៥ ​ខែ​មករា ​​នៅ​កីឡដ្ឋាន​ស្តាតចាស់​ និងគ្រោងបញ្ចប់​នៅ​ថ្ងៃទី​ ២៩ ខែ មករា ឆ្នាំ២០២១ ​​ហើយ​​ការ​ប្រកួត​នេះ មានការ​​គាំ​ទ្រ​ពី​​ក្រសួង​អប់រំ យុវជន និង​កីឡា ​ដូច​រាល់​ឆ្នាំ​ ប៉ុន្តែ​ឆ្នាំ​នេះខាង​វិស័យ​ឯក​ជន​ បាន​ចូល​រួម​គាំ​ទ្រ​ច្រើន ធ្វើ​ឱ្យ​ប្រាក់រង្វាន់​មានការកើន​ឡើង​​។​

យ៉ាង​ណា​ក៏ដោយ បើ​សង្កេត​មើល​ឱ្យ​ស៊ី​ជម្រៅ​ គឺ​សមាស​ភាព​កីឡាករ​ឆ្នើមៗ និង​​ល្បីៗ ​​ភាគ​ច្រើនគ្មាន​វត្ត​មាន​ទេ ​និង​ជំនួស​ដោយ​កីឡាករ​ថ្មីៗ​ទៅ​វិញ​ ហើយ​​ការ​ប្រកួតដែលមានការ​​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ នេះ ​មាន​កីឡាករ​ចូល​រួម​ចំនួន​ ១០០​ នាក់ ​មកពី​ ១៦​​ សមាគម​ក្នុង​រាជធានី​-ខេត្ត ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ និង​គណៈ​កម្មការបច្ចេកទេស​ជាង​ ១១៤​ នាក់ ​រួមមាន​គណៈកម្មកា​រវិ​និ​ច្ឆ័យ​អាជ្ញាកណ្តាល និងចៅក្រម ​គណៈកម្មការ​រៀប​ចំ​សម្លៀក​បំពាក់​ គណៈ​កម្មការ​ថ្លឹង​ទម្ងន់ ​​និង​គណៈ​កម្មការ​ពេទ្យ​។

ទោះ​យ៉ាង​ណា លោក តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរបានអះអាងថា ការ​ប្រកួត​ថ្នាក់ជាតិ​លើកនេះ មានសារៈសំខាន់ណាស់។ លោកថា៖​ «ការ​ប្រកួត​នេះ​ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សហ​ព័ន្ធ​​ ក្នុង​ការ​ចម្រាញ់​រក​កីឡាករ​គុន​ខ្មែរ​ឆ្នើមៗ ដើម្បី​ហ្វឹកហាត់​​ក្នុង​ក្រុម​​ជម្រើសជាតិត្រៀម​ចូលរួម​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀត​ណាម​ និង​ស៊ីហ្គេម ​លើក​ទី​៣២ ឆ្នាំ ​២០២៣ ​នៅ​ប្រទេស​កម្ពុជា​យើង»​។​

លោក​​បាន​បន្ថែម​​ថា​៖ «​សហ​ព័ន្ធមាន​ការ​ងារ​ចាំ​បាច់​សំខាន់​នៅ​ឆ្នាំ​ ២០២១​ នេះ ដោយ​​ត្រូវ​រៀបចំ​ព្រឹត្តិ​ការណ៍​ធំៗ​ចំនួន​ ៣​ គឺ​ការប្រកួត​ជ្រើសរើស​ថ្នាក់ជាតិ​ ឆ្នាំ​ ២០២០ នេះ ​​ការ​ប្រកួត​​ថ្នាក់​ជាតិ ឆ្នាំ​​ ២០២១​ ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ខែ​មិថុនា ​និង​ការប្រកួត​ជ្រើសរើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​កម្ពុជា ដែល​​គ្រោង​ប្រ​ព្រឹត្តទៅនៅ​ខែ​សីហា​ ដោយ​មាន ​១១ ​ប្រទេស​​ចូល​រួម ​គឺ​នៅ​មុន​ការ​ប្រកួត​ស៊ីហ្គេមមក​ដល់​»។​

ទាក់​ទង​នឹង​បេក្ខ​ភាព​កីឡាករ​​ទាំង​ ១០០​ នាក់ មក​ប្រកួត​ឆ្នាំ​នេះ ​ខ្សត់​កីឡាករ​លំដាប់​ខ្លាំងៗ ​និង​​ឆ្នើមៗ​ ​លោក ​និន ​ភារម្យ​ អនុ​ប្រធាន​ប្រចាំ​ការសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរបាន​ពន្យល់​ថា​ ​តាម​ការ​ណែរ​នាំ​របស់​ក្រសួង​ ចង់​បាន​កីឡាករ​ឆ្នើមៗ ​សម្រាប់​សម្រួច​ចូល​ជម្រើស​ជាតិ​ ដើម្បី​ហ្វឹក​​ហាត់​ត្រៀម​ស៊ី​ហ្គេម ​ប៉ុន្តែ​ជាក់​ស្តែង​យើង​ទទួល​បាន​ការ​ដាក់​ពាក្យ​ចូល​ប្រ​កួត​ភាគ​ច្រើន​កីឡាករ​​ថ្មី​ៗ​។ ​ទោះ​យ៉ាង​ណា នេះ​ជា​​សិទ្ធិ​ផ្ទាល់​របស់​តំណាង​​ប្រ​តិភូ ​ដែល​ដាក់​ឈ្មោះ​បញ្ជូន​មក​ ហើយ​នៅ​ក្នុង​ប្រ​តិភូ​ខេត្ត​ និង​​រាជ​ធានី ​ឬ​ក្រសួង គឺ​​ ១ ប្រភេទ​ទម្ងន់ ​ដាក់​បាន​តែ​ ១​ នាក់ ម្យ៉ាង​ទៀត​​​កីឡាករ​ល្បី​មួយ​ចំនួន​ រង​របួស​ឈឺ​ខ្លួន ​និង​រក្សា​ទម្ងន់​តាម​ការ​កំណត់​មិន​បាន​ ត្រូវ​ខក​ខាន និង​ធ្លាក់​ចេញ​ មិន​អាច​ចូល​ប្រ​កួត​បាន»​។

ចំណែក​លោក​ ហេង​ សុឃន​ អនុ​ប្រធាន​សហព័ន្ធ​ និង​ជា​អ្នក​ស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ បាន​និយាយ​ថា៖​ «ឆ្នាំ​នេះ​ យើង​បាន​យក​ចិត្ត​ទុក​ដាក់​ខំ​រក​ការ​ជួយ​ឧបត្ថម្ភ ​និង​ផ្តល់​ជូន​អ្នក​ឈ្នះ​ជយ​លាភី​ គឺ​ទទួល​បាន​ច្រើន​គួរ​សម ​មាន​ប្រាក់​រង្វាន់​ និង​សម្ភារៈ​ហ្វឹក​ហាត់​មួយ​ចំនួន​»។

លោក​បាន​បន្ថែម​ថា៖​ «តាម​គម្រោង​យើងនឹង​ផ្តល់​ជូន​ចំណាត់​ថា្នក់​លេខ​ ១​ មេដាយ​មាស​ ចំនួន​​ ២ លាន​ ៣០​ ម៉ឺន​រៀល ​គឺ​មាន​ន័យ​ថា ​ប្រាក់​របស់​ក្រ​សួងមាន​តែ​ ៣០​ ម៉ឺន​រៀល​ទេ ​តែ​យើង​រក​បាន​ជួយ​ចំនួន​ ២​ លាន​រៀល​ទៀត​។​ចំណែក​លេខ​ ២ មាន​​ប្រាក់​រង្វាន់ ​​១,២ ​លាន​​រៀល​ ហើយ​​លេខ​ ៣ ​និង​លេខ​ ៣​ ស្ទួន ​​បាន​​ ៦៥​ ម៉ឺន​រៀល»​៕