ភ្នំពេញ៖ ​ព្រឹត្តិការណ៍​អ្នក​តស៊ូ​គុន​ខ្មែរ​គោជល់ «ជើង​ឯក​ប៉ះ​គ្នា» នៅ​រដូវកាល​ទី​២ ដែល​នឹង​ចាប់​ដំណើរ​នៅ​ក្នុង​ខែ​តុលា​ ត្រូវ​បាន​អ្នក​រៀបចំ​ និង​ម្ចាស់​ឧបត្ថម្ភ​អះអាង​ថា នឹង​មាន​ការ​​ប្រកួត​កាន់​តែ​កក្រើក ដោយ​សារ​តែ​សមាសភាព​កីឡាករ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​​ប្រជែង​លើក​នេះ សុទ្ធ​តែ​អ្នក​ប្រយុទ្ធ​ដ៏​ពិត​ប្រាកដ និង​ស្រេក​ឃ្លាន​ខ្លាំង​ក្នុង​ការ​យក​ជម្នះ ដើម្បី​អាច​ឈាន​ទៅ​ដណ្តើម​យក​​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​ធំ។

លោក មាស សំអុល នាយក​ចាត់ការ​ទូទៅ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោជល់​នៅ​កម្ពុជា ដែល​ជា​អ្នកឧបត្ថម្ភ​ធំ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​ «ដោយសារ​តែ​មាន​ការ​គាំទ្រ​ដ៏​ច្រើន​លើស​លប់ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​គុន​ខ្មែរ កាល​ពី​រដូវកាល​ទី​១ អ៊ីចឹង​គោជល់​ក៏​បាន​សម្រេច​ជ្រើសរើស​កីឡាករ​កាន់​តែ​ខ្លាំង​ជាង​មុន រៀបចំ​ប្រាក់​រង្វាន់​កាន់​តែ​ពិសេស​ជាង​មុន ដើម្បី​នាំ​មក​នូវ​ការ​ប្រកួត​កាន់​តែ​កក្រើក​ជាង​មុន សម្រាប់​រដូវកាល​ទី​២ ​នេះ»។

តាម​ការ​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ស្ថានីយ​ទូរទស្សន៍ CNC កាល​ពី​ថ្ងៃទី ​២៦ ខែ​កញ្ញា​នោះ គឺ​សមាសភាព​កីឡាករ ដែល​​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​ប្រកួត​អ្នក​តស៊ូ​គុន​ខ្មែរ​គោជល់ «ជើងឯក​ប៉ះ​គ្នា» រដូវកាល​ទី​២ ត្រូវ​បាន​ជ្រើសរើស​រួច​ហើយ ដោយ​មាន​ចំនួន ​៨ នាក់ ហើយ​អ្នក​ទាំង​​ ៨ នាក់​នេះ ត្រូវ​បាន​បែងចែក​ការ​ប្រកួត​ជា ​២ ​​ក្រុម​។

សម្រាប់​ក្រុម​ទី​១ មាន​អ្នក​ប្រដាល់ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ឈុត សេរីវ៉ាន់ថង ក្លិប​រាហ៊ូ​កីឡា ខេត្ត​បាត់ដំបង ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប ​ខេត្ត​បន្ទាយមានជ័យ និង​ តាញ់ មករា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ។ ​ចំណែក​ក្រុម​ទី២ មាន​ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល​ដារិទ្ធ​ខណ្ឌពោធិ៍សែនជ័យ អេលីត ចំរើន ក្លិប​ប៉ែនកាក់​មរតក​គុន​ខ្មែរ ម៉ឺន មេឃា របស់​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ និង​កីឡាករ​កំពុង​មាន​របួស ឡុង ជិន ក្លិប​ខ្លារ​ខិន​មាន​រិទ្ធ។

ចំពោះ​រូបមន្ត​​ប្រកួត​វិញ គឺ​នៅ​​តាម​ក្រុម​ទាំង ​២ នឹង​ត្រូវ​ប្រកួត​គ្នា​ចាញ់​ធ្លាក់ៗ ហើយ​អ្នក​ឈ្នះ​ត្រូវ​ឡើង​ទៅ​​ប្រកួត​គ្នា​នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ដោយ​ក្នុង​នោះ​ជើងឯក​ប្រចាំ​ក្រុម​នីមួយៗ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០ ដុល្លារ ឯ​អ្នក​លេខ ​២ បាន​ ១ ០០០ ​ដុល្លារ។ បន្ទាប់​មក​ជើង​ឯក​នៅ​តាម​ក្រុម​ទាំង ​២ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​យក​ខ្សែ​ក្រវាត់ ដោយ​ម្ចាស់​ជើងឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥ ០០០ ​ដុល្លារ ហើយ​ជើង​ឯក​រង​ប្រចាំ​រដូវកាល​ទី​២ នេះ នឹង​ទទួល​បាន​ ២ ០០០ ដុល្លារ។

ចំណែក​លោក ម៉ុល រ៉ាស៊ី នាយក​ផ្នែក​លក់​របស់​ទូរទស្សន៍ CNC បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា តាម​រយៈ​ការ​ប្រកួត​នេះ នឹង​ពន្លេច​ចេញ​នូវ​កីឡាករ​ល្អៗ ដែល​មាន​សមត្ថភាព​ថែម​ទៀត ហើយ​ព្រឹត្តិការណ៍​នេះ នឹង​ផ្តល់​ឱកាស​ដល់​កីឡាករ​ឲ្យ​បាន​​ប្រកួត​គ្នា និង​​មាន​ឆន្ទៈ​ប្រកួត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត ដើម្បី​ឈាន​ទៅ​កាន់​ការ​​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ ​២០២៣ នៅ​កម្ពុជា។

ចំណែក​ លោក តែម ម៉ឺន ប្រធាន​​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ជំរុញ​ឲ្យ​អាជ្ញា​កណ្ដាល ចៅក្រម ត្រូវ​បំពេញ​ការងារ​ដោយ​យុត្តិធម៌ ហើយ​បើ​មាន​ភាព​មិន​យុត្តិធម៌​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ទៅ​តាម​បទបញ្ជា​របស់​សហព័ន្ធ ចំណែក​បេក្ខភាព​ជា​កីឡាករ​ក៏​នឹង​ត្រូវ​បញ្ឈរ​ជើង​ទៅ​តាម​វិន័យ​ផង​ដែរ ប្រសិន​បើ​ពួក​គេ​បាន​​បង្កើត​កំហុស ឬ​ប្រកួត​មិន​អស់​សមត្ថភាព ធ្វើ​ឲ្យ​ខូច​កម្មវិធី​​នៃ​ការ​ប្រកួត​មួយ​​នេះ៕