ភ្នំពេញៈ ក្រុមហ៊ុន Moonton ដែលជាអ្នកបង្កើតវិញ្ញាសា Mobile Legends: Bang Bang នៃប្រភេទកីឡាអេឡិចត្រូនិកដ៏ពេញនិយមមួយនៅលើពិភពលោកព្រមទាំងដៃគូសហការមួយចំនួនទៀតបានឯកភាពគ្នាបង្កើតឲ្យមានការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក Mobile Legends Bang Bang World Championship (MLBB World Championship) ជាផ្លូវការហើយ។
ការឯកភាពគ្នាក្នុងការបង្កើតឲ្យមានការប្រកួត MLBB World Championship ជាលើកដំបូងនេះត្រូវបានប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានសកល Moonton Epicon 2019 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៨ ខែកក្កដា ខណៈព្រឹត្តិការណ៍នេះមានប្រាក់រង្វាន់រហូតដល់ ២៥ ម៉ឺនដុល្លារ។
លោក Justin Yuang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Moonton បាននិយាយក្នុងសុន្ទរកថា៖ «ក្រុមការងារជាសកលរបស់យើងបាននិងកំពុងកែលម្អទៅតាមតម្រូវរបស់ទីផ្សារ និងឲ្យស្របទៅនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធ្វើឲ្យយើងងាយស្រួលផ្តល់ជូនដល់អ្នកលេងកាន់តែងាយស្រួលហើយទទួលបានលទ្ធផលគួរជាទីពេញចិត្ត»។
ព្រឹត្តិការណ៍ MLBB World Championship គ្រោងនឹងបើកការប្រកួតពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីលាន Axiata Arena ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយប្រទេសក្នុងតំបន់អាស៊ីចំនួន ៩ មានកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម ជប៉ុន ថៃ និងម្ចាស់ផ្ទះម៉ាឡេស៊ី ព្រមទាំងប្រទេសមកពីប៉ែកអឺរ៉ុបមាន រុស្ស៊ី និងតួកគី ប្រទេសមកពីអាមេរិកខាងជើង United States និងអាមេរិកខាងត្បូងមាន ប្រេស៊ីល បានចុះឈ្មោះរួចរាល់ហើយសម្រាប់ចូលរួមប្រជែងគ្នាក្នុងព្រឹត្តិការណ៍នេះ។
លោក Syed Saddiq bin Syed Abdul Rahman រដ្ឋមន្ត្រីយុវជន និងកីឡារបស់ប្រទេសម៉ាឡេស៊ីបានថ្លែងថា៖ «កីឡាអេឡិចត្រូនិកមានសក្តានុពលខ្លាំង និងមានចរន្តទឹកប្រាក់រាប់លានដុល្លារអាមេរិកដែលជាផ្នែកមួយជួយជំរុញដល់កំណើតសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ហើយខ្ញុំសូមអរគុណដល់ Moonton ដែលបានជួយដល់ពួកយើងអាចដើរលើផ្លូវពិភពលោកតាមរយៈការប្រកួតជើងឯកពិភពលោក MLBB World Championship នេះ»។
ជាមួយគ្នានោះលោក DatoAnath S. Nathan ប្រធានសមាគម Esports ម៉ាឡេស៊ីបានចាត់ទុក Mobile Legends: Bang Bang ជាវិញ្ញាសាមួយដ៏ល្បីល្បាញ និងវិញ្ញាសាបែបកីឡាដែលមានលក្ខណៈអាជីពពិតប្រាកដ។ រីឯក្រុមហ៊ុនល្បីៗមានដូចជា Domino''s Pizza, Grab, Choki-Choki, Pepsi Cola និង KFC នៅតែសហការគ្នា ដើម្បីធ្វើឲ្យវិញ្ញាសាមួយនេះកាន់តែល្បីល្បាញ និងមានអ្នកគាំទ្រច្រើន។
តំណាងកីឡាអេឡិចត្រូនិករបស់ Facebook Gaming លោក Jack Li បានកត់សម្គាល់ថា Mobile Legends: Bang Bang បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញអ្នកមើលតាមរយៈ Instream Rewards។ ចំណែកអ្នកនាំពាក្យក្រុមហ៊ុន Domino''s Pizza ប្រចាំប្រទេសម៉ាឡេស៊ី និងសិង្ហបុរីលោក Leong HueyYing បាននិយាយថា៖ «កិច្ចសហប្រតិបត្តិការនេះបានបង្ហាញឲ្យឃើញពីភាពរឹងមាំ និងរីកចម្រើនរបស់កីឡាអេឡិចត្រូនិក»៕