ភ្នំពេញៈ ​កីឡដ្ឋានលំដាប់​អន្តរជាតិ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ដែល​សាង​សង់​ត្រៀម​ការ​ប្រើ​ប្រាស់​ជា​កន្លែង​សម្រាប់​ស្វាគមន៍​ពិធី​បើក-បិទ និង​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី ៣២ ​ឆ្នាំ​ ២០២៣ នោះ ​ត្រូវ​បាន​មន្ត្រី​ដឹក​នាំ​កីឡា​អះ​អាង​ថា ​នៅ​តែ​បន្ត​សាង​សង់​​ជា​ធម្មតា​ ដោយ​គ្មាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទថ្មី​កូវីដ​១៩ ដែល​កំពុង​រាត​ត្បាត​នៅ​លើ​ពិភពលោក ​ក៏​ដូច​ជា​ប្រទេសកម្ពុជា​នោះ​ឡើយ​។

លោក វ៉ាត់ ចំរើន​ ជា​អគ្គ​លេខា​ធិការគណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ហៅ​កាត់ថា CAMSOC បាន​ប្រាប់​​ថា​៖​ «បច្ចុប្បន្ន​​កីឡដ្ឋាន​ដ៏​ធំ​ស្កឹម​ស្កៃ​ ​ដែល​មាន​ឈ្មោះ​ថា​ កីឡដ្ឋាន​មរតក​តេជោ​ កំពុង​ត្រូវ​បាន​ពន្លឿន​ការសាងសង់​បន្ថែម​លើស​ពី​ធម្មតា ​ពិសេស​ការ​ដំឡើង​គ្រឿង​ផ្គុំសំខាន់ៗ ​ក៏​ជិត​រួច​រាល់​ហើយ​ដែរ។ ​តាម​ការ​វាយ​តម្លៃ​​ពី​មន្ត្រី​ជំនាញ​ ដែល​កំពុង​សាង​សង់​ផ្ទាល់​ គឺ​នៅសល់​ប្រមាណ ​២០ ​​ភាគ​រយ​ទៀត​ប៉ុណ្ណោះ​ ខណៈ​ដែល​កីឡ​ដ្ឋាន​កម្រិត​ស្ដង់ដាអន្ដរ​ជាតិ​​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​នេះ នឹង​រួចរាល់​ជា​ស្ថាពរ​ នៅ​ដំណាច់​ឆ្នាំ ២០២០​ ទៅ​តាម​ផែន​ការ​កំណត់​។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា (NOCC) រូប​នេះ បាន​បន្ត​ថា​៖ «​បើ​ទោះ​បីជា ស្ថាន​ភាព​ជាក់​ស្តែង​បច្ចុប្បន្ន ​​មាន​បញ្ហា​ការ​ការ​ពារ​នូវ​រោគ​រាតត្បាត​ពី​វីរុស​កូវីដ​១៩ ក៏​ពិតមែន ​ប៉ុន្តែ​​មិន​ប៉ះ​ពាល់ដល់​​ដំណើរ​ការ​សាងសង់​នោះទេ ​ព្រោះ​ក្រុមហ៊ុន​សាងសង់ ​និង​មន្ត្រី​បច្ចេកទេស​ មាន​វិធាន​ការល្អ​ ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​កូរ៉ូណា​ដ៏​កាច​សាហាវ​នេះ»។

ជុំ​វិញ​វិធាន​ការ​បង្ការ​វីរុស​កូរ៉ូណា​នេះ ​លោក វ៉ាត់ ចំរើន ​បាន​បញ្ជាក់ថា៖ ​«ក្រុម​កម្មករ​ វិស្វករ​ ទាំងខ្មែរ និងចិន​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យចេញ-ចូល ក្រៅ​ពី​បរិវេណ​កន្លែង​ធ្វើការនោះទេ​ ​ហើយ​ក្រុម​ជម្រើស​ជាតិ​ថ្នាល​ ដែល​មាន​គ្នា​ជិត​ ៣០០ ​នាក់​ ក៏បាន​រំសាយ​រួច​ហើយ​ដែរ​។ ​ចំពោះ​​ផ្នែក​ហិរញ្ញវត្ថុ​វិញ ​ក៏គ្មាន​បញ្ហា ​ឬ​​ការ​បារម្ភ​ដែរ ​​ព្រោះ​គម្រោង​នេះ ​មានទុន​តម្កល់​ទុក​ជាស្រេច​ ដើម្បី​ចំណាយ​»។

កីឡដ្ឋាន​លំដាប់អន្តរជាតិ ​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ គឺ​ជា​ហិរញ្ញប្ប​ទានឥត​សំណង​របស់​រដ្ឋ​បាលនៃ​សាធារណ​រដ្ឋ​ប្រជាមានិត​

ចិន​ ដោយ​គ្រោង​ចំណាយ​ថវិកា​​ប្រមាណ​​១៥៨​លាន​ដុល្លារ​សហ​រដ្ឋ-​អាមេរិក​។​

​ ​​

ពហុ​កីឡដ្ឋាន​នេះ​ ត្រូវបាន​សាង​សង់​ឡើង តាម​បច្ចេក​ទេស​ចុង​ក្រោយ​របស់​ចិន លើ​ផ្ទៃ​ដី​ជាង ​១៦ ហិកតា ហើយ​វា​អាច​ផ្ទុកអ្នក​ទស្សនា​បាន​ជាង ​៦ ម៉ឺន​នាក់ និងអាច​ជម្លៀស​ទស្សនិកជន​ត្រឹម​រយៈពេល ៧ នាទី ក្នុង​ករណី​មាន​ហេតុការណ៍ មិន​ប្រក្រតី​កើតឡើង។

លោក វ៉ាត់ ចំរើន ដែល​ជារដ្ឋ​លេខាធិការ​ក្រសួង​ទេស​ចរណ៍​ ​​ផង​នោះ បាន​បញ្ជាក់​ថា៖ ​«ការ​ពន្លឿន​ក្នុង​ការ​សាងសង់ ​(កីឡដ្ឋាន​បាល់ទាត់​មរតកតេជោ) ទទួលបានលទ្ធផល វិជ្ជមាន ដូចការកំណត់ គឺនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ នឹងចប់សព្វគ្រប់ ហើយ​បច្ចុប្បន្ន​ការ​សាង​សង់ ​សម្រេច​បាន ​៧០ ​ទៅ ​៨០ ​ភាគរយ​ហើយ នៅ​តែ​ការ​ពន្លឿន​បន្តិច​ទៀត​ទេ នឹង​ចប់​សព្វ​គ្រប់​ ទាំង​ការ​តុប​តែង និង​បំពាក់​សម្ភារ​ផ្សេងៗ ដូច្នេះ​ការ​សាង​សង់​នឹង​បញ្ចប់​ដូច​ការ​គ្រោង​ទុក»៕