ក្រុង​មីឡាន៖ លោក Andrea Pirlo ​កំពុង​ព្យាយាម​​បន្ថយ​ក្ដី​កង្វល់ ដែល​ក្រុម​ Juventus ខ្វះ​សមត្ថភាព​អ្នក​ពិឃាត​ដូច​ជំនាន់​របស់​ខ្លួន ខណៈ​គ្រូ​បង្វឹក​ថ្មីថ្មោង​រូប​នេះ ដាក់​គោលដៅ​​ឈ្នះ​ពាន​លើក​ដំបូង​ក្នុង​អាជីព​ពេល​ត្រូវ​ត​ទល់​​នឹង Napoli ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី Italian Super Cup ដែល​ប្រកួត​នេះ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​ការ​រង​បរាជ័យ​នៅ​លីគ​កំពូល ដោយសារ​ Inter Milan​។

ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ Serie A ត្រូវ​ប្រឈម​នឹង​ក្រុម​របស់​លោក Gennaro Gattuso ដែល​ឈ្នះ​ពាន Italian Cup ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​នៅ​ក្រុង Reggio Emilia នា​ថ្ងៃ​ពុធ ខណៈ​នេះ​ជា​ការ​ត្រឡប់​មក​រៀបចំ​នៅ​ប្រទេស​អ៊ីតាលី ​វិញ ក្រោយ ២ ឆ្នាំ កន្លង​ទៅ ​ធ្វើ​នៅ​ប្រទេស​​អារ៉ាប៊ី ​សាអ៊ូឌីត។​

នេះ​​ជា​ការ​ជួប​គ្នា​លើក​ដំបូង​ រវាង​លោក​ Pirlo និង Gattuso ដែល​ធ្លាប់​ឈ្នះ​ពាន World Cup 2006 និង​​ចំណាយ​ពេល ១ ទសវត្សរ៍​ជាមួយ​គ្នា​ នៅ AC Milan ដែល​ទាំង ២ នាក់ បាន​រួម​ចំណែក​ជួយ​ឱ្យ​លើក​​ពាន Serie A និង Champions League ២ ដង​ដូច​គ្នា​។

គ្រូ​បង្វឹក​ដែល​មាន​វ័យ​លើស​ខ្វះ​គ្នា​តែ ២ ​ឆ្នាំ​ មិន​ទាន់​​ប៉ះ​គ្នា​​នៅ​ឡើយ​ទេ ​រដូវកាល​នេះ​ បន្ទាប់​ពី​​ Napoli ​បដិសេធ​មិន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទូរីន ដើម្បី​​ប្រកួត​​ក្នុង​លីគ​ កាល​ពី​ខែ​តុលា​ ដោយសារ​​ករណី​វីរុស​កូរ៉ូណា​ ហើយ​កាល​វិភាគ​​​ប្រកួត​ដែល​​ផ្អាក​នេះ ​ត្រូវ​កំណត់​ឡើង​វិញ​។

តែ​ស្ថានភាព​​ក្រុម​ទាំង ​២ ដែល​ឈាន​ដល់​ប្រកួត​នេះ មាន​លក្ខណៈ​ប្លែក​គ្នា ដោយ​ការ​ប្រឹងប្រែង​របស់ Juve ដើម្បី​ឈ្នះ​ពាន​លីគ​កំពូល​ឱ្យ​បាន ១០ រដូវកាល​ជាប់​ៗ​គ្នា កំពុង​មាន​បញ្ហា ក្រោយ​ចាញ់ Inter ២-០ រហូត​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​ទី៥ ក្នុង​តារាង​ពិន្ទុ ស្រប​ពេល Napoli ឈរ​លេខ ៣ បន្ទាប់​ពី​បំបាក់​​ Fiorentina ៦-០​។

ក្រោយ​បរាជ័យ​ លោក Pirlo បន្ទោស​កូន​ក្រុម​​ថា ​ខ្លាច​ជ្រុល​ពេក ដោយ​​ប្រាប់​ថា​៖ «​ពេល​អ្នក​ខ្វះ​កំហឹង និង​ការ​ប្ដេជ្ញា​ចិត្ត វា​ពិបាក​ទទួល​បាន​ជោគជ័យ​ណាស់​។ វា​ជា​បរាជ័យ​ដ៏​គួរ​​អៀន​ខ្មាស ពោល​គឺ​យើង​មិន​រំពឹង​ថា វា​កើត​ឡើង​​ឡើយ​។ យើង​មិន​អាច​ឱ្យ​មាន​ទម្រង់​លេង​ដ៏​អន់​ជាង​នេះ​ទៀត​ទេ​»​។​

ចំណែក​លោក Gattuso បាន​សរសើរ​ទម្រង់​លេង​របស់ ​Napoli កាល​ពី​ចុង​សប្ដាហ៍ ហើយ​ថា លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​មាន​នូវ​អាហារ​ថ្ងៃ​ត្រង់​ដ៏​សុខដុម​។

គ្រូបង្វឹក​វ័យ ៤៣ ​ឆ្នាំ ប្រាប់​ថា​៖ «​អាហារ​ថ្ងៃ​ត្រង់ ដែល​ធ្វើ​ឱ្យ​ពួក​យើង​នៅ​ជុំ​គ្នា​ ដោយ​ស្រស់ស្រាយ និង​ស្នាម​ញញឹម​។ ខ្ញុំ​យល់​ថា កីឡាករ​ហត់នឿយ​ផ្លូវ​ចិត្ត ដូច្នេះ​​យើង​​​គ្រាន់​តែ​នាំ​គ្នា​ទៅ​បរិភោគ​ប៉ាស្តា (pasta) ១​ ចាន​ និង​ផឹក​​ស្រា ១ កែវ ព្រម​ទាំង​​ជជែក​រឿង​អត់​ប្រយោជន៍​ពី​នេះ​ពីនោះ​បន្តិច​បន្តួច​»​។​​

តែ​លោក Gattuso នៅ​ធ្វើ​ការ​ក្រើន​រំឭក​ថា​៖ «​ខ្ញុំ​ដឹង​ថា ​Juventus មាន​អ្វី​ជា​ច្រើន​លើស​ពី​ហ្នឹង​ទៀត តែ​កុំ​ចាប់​ផ្ដើម​ដោយ​ការ​ចុះ​ចាញ់​ ព្រោះ​ពាន​រង្វាន់​តែង​សំខាន់​ជានិច្ច​»​។

វា​គឺ​ជា​ការ​ជួប​គ្នា​លើក​ទី៤​ ក្នុង​កម្មវិធី Super Cup រវាង​ក្រុម​ទាំង ២ ដោយ ៣ ដង​កន្លង​មក Napoli ឈ្នះ ២ ដង ​ឆ្នាំ​ ១៩៩០ និង​ ២០១៤ ហើយ​​ចាញ់​ម្ដង​ ​ឆ្នាំ​ ២០១២​។ តែ​បើ​គិត​​ស្ថិតិ​ គឺ​ក្រុម​សេះ​បង្កង់​ គ្រង​ពាន​​នេះ​ច្រើន​ជាង​ ដោយ​ធ្លាប់​ឈ្នះ​ ៨ ​សម័យ​កាល ខណៈ Napoli ធ្លាប់​ជា​ជើងឯក​តែ ២ លើក​ហ្នឹង​ឯង​៕ AFP/VN