The Phnom Penh Post Search

Search form

ជំនួប​កម្ពុជា និង​ហ្វីលីពីន បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូលទី

ជំនួប​កម្ពុជា និង​ហ្វីលីពីន បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូលទី

120906_28b
ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម (ឆ្វេង) ព្យាយាមប្រជែងយកបាល់ពីអ្នកចាំទី Neil Etheridge ស្រេង ម៉េងស្រ៊ុន
Content image - Phnom Penh Post
ក្រុមអ្នកគាំទ្រជាមួយទង់ជាតិដ៏ធំ ដែលមានវត្តមាននៅផ្នែកគ្មានដំបូលនៃពហុកីឡដ្ឋានជាតិ ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនា​ជំនួប​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពី​រាត្រី​ថ្ងៃ​ម្សិលមិញ។

សម្រាប់​ជំនួប​អន្តរជាតិ​លើក​ដំបូង​ក្រោម​ ការ​ដឹកនាំ​របស់​លោក ហុក សុចិត្រា តំបន់​ការពារ ជា​ពិសេស​អ្នក​ចាំទី ស៊ូ យ៉ាទី បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុច​វិជ្ជមាន​មួយ​ចំនួន ខណៈ​តំបន់​បម្រើ និង​តំបន់​ប្រយុទ្ធ ហាក់​ដូច​ជា​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន។

ក្រុម​ ហ្វីលីពីន​ក្រោម​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​អាល្លឺម៉ង់ Hans Michael Weib ដែល​បាន​ជោកជាំ​ដោយ​ជំនួប​មិត្តភាព បាន​ធ្វើ​ការ​វាយ​លុក​មក​លើ​កម្ពុជា​យ៉ាង​ខ្លាំង។ ខ្សែ​បម្រើ James Joseph Younghusband គឺ​ជា​អ្នក​ដែល​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ខណៈ​ Sabio Jason Abbott បាន​តែត​បាល់​ប៉ះ​របារទី​នៅ​ក្នុង​នាទី ទី​២៤។

៥នាទី​មុន​នឹង​ បញ្ចប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទីមួយ អ្នក​ចាំទី ស៊ូ យ៉ាទី បាន​រង​ការ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​បម្រើ ឈុន សុធារ័ត្ន ប៉ុន្តែ​រូប​គេ​មាន​សកម្មភាព​ឡើង​វិញ​ក្រោយ​ការ​ទទួល​ការ​ព្យាបាល​អស់​រយៈពេល ជាង​៥នាទី។ យ៉ាទី​បាន​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ពី​ការ​ទាត់​របស់ Caligdong Emelio នៅ​ចុង​តង់​ទីមួយ ខណៈ​ខ្សែ​ការពារ ទូច បញ្ចរ៉ុង បាន​រារាំង​ការ​សម្រុក​របស់ James Joseph Younghusband នៅ​ក្នុង​តំបន់​គ្រោះថ្នាក់។

កម្ពុជា​មាន​ភាគ​រយ​នាំ​មុខ​វិញ នៅ​១៥​នាទី​ដំបូង​នៃ​តង់​ទីពីរ ជា​ពិសេស​ឱកាស​របស់ ឃឹម បូរី នៅ​ពេល​ដែល​គេ​ទទួល​បាន​ពី​ការ​បញ្ជូន​របស់​ប្រធាន​ក្រុម ស៊ុន សុបញ្ញា ប៉ុន្តែ​ការ​ទាត់​យ៉ាង​ស្រាល​របស់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ចាំទី Neil Etheridge របស់​ហ្វីលីពីន និង​ជា​សមាជិក​នៃ​ក្រុម Fulham របស់​អង់គ្លេស ធ្វើ​ការ​សង្គ្រោះ​បាន​យ៉ាង​ងាយ។

ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់ បន្ទាប់​ពី​ការ​ប្រកួត​ដំណើរ​ការ​បាន​ជាង​មួយ​ម៉ោង។ ស៊ូ យ៉ាទី​ បាន​បន្ត​ការងារ​យ៉ាង​មមាញឹក។ ប៉ុន្តែ​ឱកាស​មួយ​ទៀត​របស់​កម្ពុជា បាន​កើត​ឡើង​នៅ​ក្នុង​នាទី ទី​៦៣ ខណៈ​ដែល​អ្នក​ចាំទី​កូន​កាត់​អង់គ្លេស បាន​ទប់​បាល់​ខុស​នៅ​មុខ​ទី ហើយ​ក្រោយ​មក​គេ​អាច​សង្គ្រោះ​បាន​វិញ ក្រោយ​ពេល​ដែល សុះ ស៊ូហាណា ទាត់​ខុស​គោលដៅ។

ពីរ​នាទី​ចុង​ក្រោយ Reichelt Patric របស់​ហ្វីលីពីន បាន​ទាត់​បាល់​ឲ្យ​ហើរ​ប៉ះ​របារទី ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំង​មូល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដូចជា​ជំនួប​របស់​ពួក​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ AFF Suzuki ឆ្នាំ​២០១០ នៅ​ឡាវ។

កីឡាករ​កម្ពុជាៈ យ៉ាទី ទីនី បញ្ចរ៉ុង បូរី (ឈឿន)សុខងន (សារ៉ាយ) មុន្នីឧត្តម (វឌ្ឍនៈ) ស៊ូហាណា (ផេង) ថាវរៈ  (ពិសិដ្ឋ) សុធារ័ត្ន វិបុល (ខេមរិន្ទ)សុបញ្ញា (ឧត្តម)៕

អត្ថបទគួរចាប់អារម្មណ៍