ភ្នំពេញៈ ក្រុមម្ចាស់ជើងឯក Avatar FC បានបាត់បង់ឱកាសទាំងស្រុងក្នុងការរក្សាតំណែងជើងឯករបស់ខ្លួន ខណៈក្រុមចំណូលថ្មី ISI Group United បានឆ្លងផុតឧបសគ្គដំណាក់កាលចុងក្រោយរបស់ខ្លួន ដើម្បីបង្កើនការជឿជាក់ ១០០ ភាគរយ ពេញក្នុងការឈ្នះពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 នោះ។
សម្រាប់ការប្រកួតវិលជុំប្រចាំសប្តាហ៍ទី១៣ នៅកីឡដ្ឋាន KMH ជាមួយគ្នាកាលពីថ្ងៃអាទិត្យ Avatar បានប្រឹងប្រែងលេងយ៉ាងខ្លាំង ដើម្បីយកឈ្នះលើក្រុមមានទម្រង់លេងល្អ Riel Phnom Penh ២-១ ប៉ុន្តែការឈ្នះបាន ៣ ពិន្ទុបន្ថែមនេះ វាប្រែជាលែងមានន័យចំពោះ Avatar បន្ទាប់ពីក្រុម ISI Group United បានយកឈ្នះក្រុមចម្រុះដោយបរទេស Mambo PP ៦-៣ ដែរនោះ។
ជ័យជម្នះនេះបានជួយឲ្យក្រុម ISI នៅតែមាន ១ ពិន្ទុលើសក្រុម Avatar ដដែល គឺ ៣៧ ពិន្ទុទល់នឹង ៣៦ ពិន្ទុ ហើយក៏អាចបញ្ជាក់បានដែរថា ISI នឹងក្លាយជាម្ចាស់ឯកនៅក្នុងការប្រកួត KW Cambodia League 2019 នេះ ព្រោះ ISI នៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ ដោយពួកគេត្រូវជួបក្រុមមានទម្រង់លេងខ្សោយ និង កំពុងឈរនៅលេខ ១៤ គ្រួសារកីឡាករតាំងគោក ខណៈក្រុម Anvaya បានដកខ្លួនចេញពីការប្រកួតនោះ។
ជាមួយការបំពេញឱកាសក្នុងការឈ្នះពានធំរបស់ក្រុម ISIS នេះបានធ្វើឲ្យក្រុម Avatar នៅសល់ត្រឹមឱកាសប្រជែងយកពានតូច KW Cambodia Cup 2019 ដែលពួកគេអាចនឹងត្រូវជួបក្រុមម្ចាស់ជើងឯករង ២ សម័យកាល Khmer United A ក្រុម Bayon Wanderers និងក្រុម Riel PP នៅវគ្គខ្វែង ព្រោះក្រុមទាំង ៤ នេះកំពុងឈរនៅលេខ ២ ដល់ទី៥ ដែលជាទីតាំងត្រូវប្រកួតយកពានតូចនេះ។
សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យនោះ Khmer United A បានឈ្នះក្រុម Sniper ៤-១ ដើម្បីឡើងទៅឈរនៅលេខ ៣ មាន ៣២ ពិន្ទុលើក្រុម Riel PP ១ ពិន្ទុវិញ ចំណែកក្រុម Bayon បានលត់ក្រុម Khmer United U22 រហូតដល់ ៧-១ ដើម្បីបន្តឈរនៅលេខ ៥ មាន ២៥ ពិន្ទុ និងតាមពីក្រោយដោយក្រុមបាសាក់ និងក្រុម Mambo PP ដែលមាន ២២ ពិន្ទុស្មើគ្នា។
ចំណែកក្រុម Khmer United U22 ដែលឈរនៅលេខ ៨ មាន ១៩ ពិន្ទុ លែងមានឱកាសប្រជែងទៀតហើយ ហើយការចាញ់ក្រុម Bayon ៧-១ លើកនេះ បានធ្វើឲ្យលោក កែវ សារិន ជាគ្រូបង្វឹកមិនសប្បាយចិត្តទេ និងបានស្តីបន្ទោសឲ្យពួកគេក្រោយការប្រកួតថា៖ «ខ្ញុំដឹងថា ប្អូនៗចេះលេងបាល់ហើយ ប៉ុន្តែយើងលេងដោយគ្មានបច្ចេកទេស ហេតុនេះខ្ញុំសូមឲ្យប្អូនមកហ្វឹកហាត់ឲ្យបានជុំគ្នាត្រឹមតែថ្ងៃសុក្រ ១ ថ្ងៃទេ ព្រោះបើមកហាត់ ១ បាត់ ១ តើធ្វើម៉េចយើងលេងត្រូវគ្នា និងធ្វើម៉េចខ្ញុំអាចផ្តល់បទពិសោធដែលខ្ញុំមានទៅឲ្យប្អូនៗបាន»៕