ភ្នំពេញ: អតីតអ្នកលេងកីឡាចំបាប់នៃក្រុមជម្រើសជាតិ ជ័យ ចាន់រស្មី ដែលបានប្រឡូកក្នុងសកម្មភាពកីឡាអស់រយៈពេលជាង ១១ ឆ្នាំ និងធ្លាប់ទទួលបានជយលាភីពីកម្រិតអន្តរជាតិផងនោះ នៅមិនទាន់បានសម្រេចគោលបំណងធំរបស់ខ្លួននៅឡើយទេ គឺការក្លាយជាគ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិ។
ស្របពេលដែលមានវ័យ ៣១ ឆ្នាំ និងមានកម្លាំងធ្លាក់ចុះផងនោះ កីឡាការិនី ជ័យ ចាន់រស្មី ពេលនេះមានតួនាទីជាគ្រូកីឡាម្នាក់នៅអនុវិទ្យាល័យមួយ និងជាមន្ត្រីកីឡាស្ម័គ្រចិត្តឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ប៉ុន្តែ ជ័យ ចាន់រស្មី មានមហិច្ឆតាចង់ក្លាយជាគ្រូបង្វឹកកីឡាចំបាប់បន្ថែមទៀត ដើម្បីឲ្យស្របទៅតាមចំណង់ចំណូលចិត្ត និងបទពិសោធដែលនាងធ្លាប់ជាកីឡាការិនីជម្រើសជាតិចំបាប់អស់រយៈពេលជាង ១១ ឆ្នាំ និងទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។
ទាក់ទងទៅនឹងសកម្មភាពនៅក្នុងកីឡា ជ័យ ចាន់រស្មី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំបានភ្ជាប់ខ្លួនជាកីឡាការិនីអស់រយៈពេលជាង ១១ ឆ្នាំ និងបានចូលរៀននៅសាលាកីឡា (បច្ចុប្បន្នមានឈ្មោះថា វិទ្យាស្ថានកីឡា) ហើយបច្ចុប្បន្នខ្ញុំចង់សម្រេចគោលបំណងធំមួយទៀតគឺធ្វើជាគ្រូបង្វឹកជម្រើសជាតិកីឡាចំបាប់ ដើម្បីឲ្យស្របពេលទៅតាមជំនាញ និងបទពិសោធកន្លងមករបស់ខ្ញុំ»។
កីឡាការិនី ជ័យ ចាន់រស្មី បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០០៨ ហើយបានចូលសិក្សា និងបញ្ចប់គរុកោសល្យសាលាកីឡារយៈពេល ២ ឆ្នាំនៅក្នុងឆ្នាំ ២០១០ ប៉ុន្តែ ចាន់រស្មី បានចូលហ្វឹកហាត់កីឡាចំបាប់ជាមួយគ្រូបង្វឹកលោក វ៉ាត់ ចំរើន តាំងពីរៀននៅវិទ្យាល័យ ហើយនាងបានជាប់ជាកីឡាការិនីជម្រើសជាតិតាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០១៨។
យ៉ាងណាក៏ដោយការធ្លាក់ចុះនូវគុណភាពកម្លាំងបានបង្ខំឲ្យ ជ័យ ចាន់រស្មី លាឈប់ពីក្រុមជម្រើសជាតិចំបាប់កម្ពុជានៅឆ្នាំ ២០១៨ ហើយបានមកធ្វើជាគ្រូបង្វឹកកីឡាក្នុងក្របខ័ណ្ឌក្រសួង អប់រំ យុវជន និងកីឡាព្រមទាំងធ្វើជាមន្ត្រីក្រុមជំនួយការឲ្យលោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នៅក្នុងប្រវត្តិប្រកួតកីឡាចំបាប់ កីឡាការិនី ជ័យ ចាន់រស្មី ក្រៅពីឈ្នះជើងឯកជាតិប្រចាំឆ្នាំជាបន្តបន្ទាប់គឺនាងធ្លាប់បានទទួលចំណាត់ថ្នាក់លេខ ៤ នៅក្នុងការប្រកួតកីឡាចំបាប់យុវជនអាស៊ានកាលឆ្នាំ ២០០៦ ហើយនៅឆ្នាំ ២០០៩ នាងបានឈ្នះមេដាយសំរឹទ្ធពីការប្រកួតស៊ីហ្គេមនៅប្រទេសឡាវ។ ចំណែកការប្រកួតស៊ីហ្គេមកាលពីឆ្នាំ ២០១១ នៅប្រទេសឥណ្ឌូនេស៊ី ជ័យ ចាន់រស្មី បានត្រឹមលេខ ៤ មុនពេលកីឡាការិនីរូបនេះបានបន្តឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម ឆ្នាំ ២០១៣ នៅប្រទេស មីយ៉ាន់ម៉ា។
ប៉ុន្តែការចូលរួមប្រកួតកីឡាឆ្នេរខ្សាច់នៅប្រទេសវៀតណាមកាលឆ្នាំ ២០១៦ ចាន់រស្មី មិនទទួលបានលទ្ធផលល្អទេ ខណៈស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំ ២០១៥ គេមិនដាក់កីឡាចំបាប់នោះ។ ទោះជាយ៉ាងណាការប្រកួតចំបាប់កម្រិតពិភពលោកនៅកូតឌីវ័រក្រុមប្រទេសនិយាយភាសាបារាំង ជ័យ ចាន់រស្មី ទទួលបានមេដាយសំរឹទ្ធ ១ ទៀតមុននឹងនាងលាចាកពីក្រុមជម្រើសជាតិកីឡាចំបាប់ ក្នុងឆ្នាំ ២០១៨ ។
ជ័យ ចាន់រស្មី បានបញ្ជាក់ថា៖ «មូលហេតុដែលខ្ញុំឈប់ពីកីឡាការិនីជម្រើសជាតិដោយសារខ្ញុំមានរបួសដៃស្របពេលកម្លាំងរបស់ខ្ញុំក៏ធ្លាក់ចុះទៅតាមអាយុគឺមិនអាចប្រកួតឈ្នះដៃគូបរទេសបានទេ ប៉ុន្តែខ្ញុំស្រឡាញ់កីឡាចំបាប់ និងបានចូលហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលខ្ញុំពេញចិត្តគឺឯកឧត្តម វ៉ាត់ ចំរើន ដែលបច្ចុប្បន្នគាត់បានឆ្លងផុតពីគ្រូបង្វឹកមកជាអ្នកដឹកនាំកំពូលក្នុងកីឡាទៅហើយ»។
កីឡាការិនីរូបនេះបានបញ្ជាក់ទៀតថា៖ «ទោះបីជាបច្ចុប្បន្ន ខ្ញុំជាគ្រូកីឡាអត្តពលកម្ម បាល់ទះ និងបាល់បោះ ប្រចាំអនុវិទ្យាល័យមួយនៅរាជធានីភ្នំពេញនៃក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែគោលបំណងធំរបស់ខ្ញុំ គឺចង់ក្លាយខ្លួនជាគ្រូកីឡាចំបាប់ក្រុមជម្រើសជាតិកម្ពុជាដែលត្រូវតាមចំណង់ចំណូលចិត្ត និងជំនាញរបស់ខ្ញុំដែលធ្លាប់ឆ្លងកាត់ជាង ១១ ឆ្នាំមកនោះ»៕