ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចាស់​វស្សា​ ជ័យ​ ស៊ីណេត ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ថា​ ​សុវណ្ណ ​រតនា​ នោះ បាន​លេច​មុខ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​មួយ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៨ ​ថៃ ​ក្នុង​កម្មវិធី ​Super Champ ហើយ​បាន​ផ្តួល​ម្ចាស់​ផ្ទះ​ថៃ ឲ្យ​សន្លប់​ធំ ត្រឹម​ទឹក​ទី ​២ ដើម្បី​បង្កើន​បាន​នូវ​ទំនុក​ចិត្ត ក្នុង​ការ​សាង​ភាព​ល្បីល្បាញ​ឡើង​វិញ។

បើ​ទោះ​បី​ជា​កីឡាករ​កម្ពុជា​ភាគ​ច្រើន​​ទទួល​លទ្ធផល​ចាញ់​ នៅ​ក្នុង​កម្មវិធី ​ Super Champ នេះ ប៉ុន្តែ​ការ​ប្រកួត​កាល​​យប់​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ​ជ័យ ​ស៊ីណេត ​បាន​លើក​មុខ​មាត់​ជា​ថ្មី​ឡើង​វិញ ​ដោយ​ប្រើ​កណ្តាប់​ដៃ​ផ្ទួនៗ​ និង​បន្ថែម​ដោយ​​ស្នៀត​កែង​ចូល​គោលដៅ​នាំ​ឲ្យ​កីឡាករ​ថៃ​ម្ចាស់​ផ្ទះ​ឈ្មោះ ​ណេម៉ា​ ដួល​សន្លប់​​នៅ​ត្រឹម​ទឹក​ទី ​២ ​ប៉ុណ្ណោះ​។

សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ទី ​១​ ការ​ប្តូរ​ស្នៀត​ទាត់​ និង​កណ្តាប់​ដៃ​ មាន​លក្ខណៈ​កាច​ និង​ពុះ​កញ្ជ្រោល​ដូច​គ្នា​ ដែល​លំបាក ​នឹង​វាយ​តម្លៃ​ថា​ ខាង​ណា​មាន​ប្រៀប​ជាង​ណាស់​។ ​នៅ​ពេល​ចូល​ដល់​ទឹក​ទី ​២ ​ការ​ប្តូរ​កណ្តាប់​ដៃ​ ហាក់​បី​ដូច​ថយ​ចុះ ​ហើយ​ជំនួស​មក​វិញ​ដោយ​ស្នៀត​ទាត់ ​និង​វាយ​កែង​មុខ​កាណូត​។​

ទោះ​ជា​យ៉ាង​ណា​ នៅ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នោះ ជ័យ ស៊ីណេត បាន​ប្តូរ​កណ្តាប់​ដៃ​ផង​ កែង​មុខ​កាណូត​ផង ចូល​ចំ​គោលដៅ​ផ្ទួនៗ ហើយ​​ជាមួយ​គ្នា​នេះ ​គេ​បាន​​​បន្ថែម​ដោយ​ស្នៀត​កែង​ស្តាំ​ចូល​គល់​ថ្គាម ​បណ្តាល​​ឲ្យ​កីឡាករ​ថៃ​ដួល​ទាំង​ជំហរ​សន្លប់​យ៉ាង​លឿន​បំផុត​។​ នេះ​ជា​ជ័យជម្នះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​មួយ​របស់​កីឡាករ​កម្ពុជា​ ដែល​ចេញ​ទៅ​ប្រកួត​កន្លង​មក ​ទទួល​បរាជ័យ​ញឹកញាប់ ​ប៉ុន្តែ​លើក​នេះ​បាន​ស្តារ​មុខ​មាត់​ឡើង​វិញ​ ដោយ​ផ្លែ​កែង​របស់ ស៊ីណេត។

លោក​ មីស្ទ័រលី ​ប្រតិភូ​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ Super Champ បាន​ប្រាប់​ថា​៖ «​ជ័យជម្នះ​របស់​ ជ័យ​ ស៊ីណេត​ មិនមែន​ចៃដន្យ​ទេ គឺ​​គាត់​បាន​​​ហ្វឹកហាត់​ត្រឹមត្រូវ ព្រម​ទាំង​បាន​ថែ​ទាំ​ បំប៉ន​កម្លាំង​ និង​​ថែ​រក្សា​សុខភាព​ពី​ខ្ញុំ​​ផ្ទាល់​ចំនួន ​២ ​សប្តាហ៍​ បូក​រួម​ទាំង​ការ​ហាត់​នៅ​ក្លិប​ឃ្លាំង​មឿង ​នៅ​ឯ​ភ្នំពេញ ​១​ សប្តាហ៍​ទៀត​ ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​គ្រូ​សុខា​ ទើប​​ធ្វើ​ឲ្យ ​ស៊ីណេត មាន​កម្លាំង​ល្អ​ និង​ប្រកួត​បាន​ល្អ​»។​

លោក​បន្ត​ថា ​នៅ​ពេល​ដែល​ក្រុម​ការងារ​របស់​យើង​ទទួល​បាន​ការ​អញ្ជើញ​ពី​សង្វៀន​ថៃ​ភ្លាម​ យើង​បាន​ត្រៀម​ការ​ហ្វឹកហាត់​យ៉ាង​តិច ​៣​ សប្តាហ៍​មុន ​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ឲ្យ​បាន​ខ្លាំង​ល្អ​ ដោយ​លោក​ផ្តល់​ទីតាំង​ហ្វឹកហាត់​ ​និង​អាហារ​បំប៉ន​ផង​ដែរ​។

លោក​ថា​៖​ «​ដើម្បី​ប្រកួត​ឈ្នះ​ថៃ ​ត្រូវ​តែ​ត្រៀម​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ និង​ទទួល​យក​របៀប​ហ្វឹកហាត់​តាម​បច្ចេកទេស​កម្លាំង​ និង​កល​ល្បិច ​ហើយ​កីឡាករ​​ជើង​ខ្លាំង ​ឬ​កម្រិត​មធ្យម​របស់​កម្ពុជា​ ដែល​ចង់​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ គឺ​គួរ​តែ​មក​ហាត់​បំប៉ន​ជាមួយ​ក្លិប​ខ្ញុំ ​ដោយ​មិន​គិត​ប្រាក់​ដើម្បី​ប្រកួត​ឈ្នះ ​និង​បាន​​លើក​មុខ​មាត់​ក្លិប​របស់​បងប្អូន ​និង​សហព័ន្ធ​ផង​ដែរ​»​។​

ចំណែក ជ័យ ​ស៊ី​ណេត​ បាន​ឆ្លង​ឆ្លើយ​តាម​ការ​ខល​វីដេអូ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ប្រឹង​ហាត់​ សម្រុក​យក​ថាមពល​ជាង ​៣ ​សប្តាហ៍​ ដោយ​​ត្រៀម​បាន​ល្អ ​ហើយ​ក្នុង​កម្រិត ​៣ ​ទឹក​ ខ្ញុំ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​មាន​ទំនុក​ចិត្ត​ឈ្នះ​តាំង​ពី​ទឹក​ទី ​១ ​មក​»​។​

ជ័យ​ ស៊ីណេត​ បន្ត​ថា៖ ​«​ខ្ញុំ​ចូល​ប្រឡូក​ក្នុង​ប្រដាល់​នេះ​ ចំនួន​ ​២០ ​ឆ្នាំ​មក​ហើយ ​តាំង​ពី​ជំនាន់​ដំបូង​មាន ​រឿង ​សោភ័ណ្ឌ និង ​ឡុង ​សុភី​ ជា​ដើម ​ក្នុង​នោះ​ក៏​ធ្លាប់​ផ្តួល​ ឡុង ​សុភី ​ឲ្យ​សន្លប់​បាន​ម្តង​ដែរ​ ប៉ុន្តែ​​ខ្ញុំ​មិន​ដែល​ឈ្នះ​បាន​ជើងឯក ​ឬ​ខ្សែ​ក្រវាត់​ទេ​ ​ព្រោះ​មិន​សូវ​មាន​ឱកាស​ប្រកួត​ជាមួយ​កីឡាករ​បរទេស​»។

កីឡាករ​ដដែល​នេះ​បាន​បន្ថែម​ថា៖​ «ក្នុង​រយៈពេល​ ​២០ ​ឆ្នាំ​នេះ ​ខ្ញុំ​ប្រកួត​ជាមួយ​បរទេស​ជា​ផ្លូវ​ការ​បាន​ ​៩ ដង ​​ឈ្នះ ​៧​ ​និង​ចាញ់ ​២ ដង​ ​ប៉ុន្តែ​ប្រកួត​តាម​ខេត្ត​នៅ​ថៃ​រាប់​មិន​អស់​ទេ​។​ នៅ​ខ្មែរ​ ខ្ញុំ​មាន​ឱកាស​តិច​ណាស់​ បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​ ហេតុ​នេះ​ខ្ញុំ​មិន​សូវ​មាន​ទឹក​ចិត្ត​ហាត់ ​ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​ស្វែងរក​ការ​ប្រកួត​ក្រៅ​ប្រទេស​វិញ​ម្តង ​ដើម្បី​សាង​ភាព​ល្បីល្បាញ ​គឺ​ដើម្បី​​វ៉ៃ​រក​លុយ​ចិញ្ចឹម​ជីវិត​តែ​ម្ដង ​ព្រោះ​ខ្ញុំ​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​នេះ​ឡើយ»​​៕​​​