ភ្នំពេញ៖ អ្នក​ប្រដាល់​ចិត្ត​ធំ​វ័យ​ក្មេង​វ៉ៃ​មិន​សំចៃ​កម្លាំង ឈុត​សេរី ​វ៉ាន់ថង​ មក​ពី​​ក្លិប​រ៉ាហូកីឡា​ខេត្ត​បាត់ដំបង ​ដែល​ចូល​ខ្លួន​មក​ចំណុះ​ឲ្យ​សមាគម​ប្រដាល់​កីឡា​ក្រសួង​ការពារ​ជាតិ​នោះ​ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​​របស់​​សង្វៀន​អាស៊ីអាគ្នេយ៍​ ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​​ថៃ​ ​Thanou ​Ngen ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម ក្នុង​កម្មវិធី ​Boostrong​ Fighter ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ខាង​មុខ​នេះ​។

តាម​កំណត់​សម្គាល់​ប្រវត្តិ​ប្រកួត​​របស់ ឈុតសេរី​ វ៉ាន់ថង ​ក្នុង​ឆ្នាំ ​២០១៩ ​គឺ​ឈ្នះ​ស្ទើរ​ទាំង​អស់​គឺ​គេ​​ចាញ់​កីឡាករ​ថៃ​តែ ​១ ​ប្រកួត ​និង​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ ​១ ផង​ដែរ​។ ​នៅ​ក្នុង​ការ​ប្រកួត​ដែល​បាន​ចុះ​បញ្ជី​សរុប​​ចំនួន ​៦៥ ​លើក វ៉ាន់ថង ​ឈ្នះ ​៥៧ ​ដង ​ចាញ់​តែ ​៧​ ​និង​ស្មើ ​១ ​ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ​២០ ​ដង​។ ​

បច្ចេកទេស​ប្រកួត​របស់​ ​វ៉ាន់ថង ​ដែល​ឈាន​ចូល​ក្នុង​ពិភព​ប្រដាល់​រយៈពេល​ខ្លី​ ប៉ុន្តែ​សាង​ភាព​ល្បីល្បាញ​ខ្លាំង​យ៉ាង​លឿន​បំផុត គឺ​ទឹក​ចិត្ត​ប្រកួត​ធំ ​ហ៊ាន​ចូល​វាយ​សម្រុក​គ្មាន​សំចៃ​កម្លាំង ជាមួយ​បច្ចេកទេស​វ៉ៃ​បែប​វៃ​ឆ្លាត ​និង​មិន​ដែល​ចុះចាញ់​ដៃ​គូ ​ទោះបី​ឧបសគ្គ​ធំ ​និង​ប្រឈម​ខ្លាំង​ក៏​ដោយ​។​

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ជួប​ជើង​ខ្លាំង Thanou ​Ngen លើក​នេះ ​លោក ​ឈុត សេរី ដែល​ជា​ឪពុក និង​ជា​​គ្រូ​បង្វឹក ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ខណៈ​ដែល​លទ្ធផល​នៃ​ការ​ប្រកួត​លោក​រំពឹង​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ដោយសារ​សមត្ថភាព​របស់​ ​Thanou ​Ngen​ ខ្លាំង​ និង​ចាស់​វស្សា​ជាង​ផង​ដែរ​។​

លោក ​ឈុត ​សេរី​ ​បាន​ប្រាប់​​ថា​៖ «​ជំនួប​ប្រកួត​នេះ​ ជា​ការងារ​ធ្ងន់ ​និង​លំបាក​ឈ្នះ​ណាស់​ ​ព្រោះ​សមត្ថភាព​ និង​បច្ចេកទេស​ប្រកួត​កីឡាករ​ថៃ​ Thanou Ngen ​នេះ​ល្អ​ណាស់ ​ហើយ​នៅ​ស្រុក​ថៃ​គេ​ជា​ប្រភេទ​កីឡា​ល្អ​ខ្លាំង​ ក្នុង​លំដាប់​ទម្ងន់​ស្រាល។​ ហេតុ​នេះ​ខ្ញុំ​គិត​ថា ​មាន​សង្ឃឹម​ឈ្នះ​ត្រឹម​ ៥០ ​ភាគរយ​ ​ព្រោះ​បញ្ហា​កម្លាំង​យើង​អាច​ស្រុត​ចុះ​នៅ​ចុង​ទឹក។ ​បន្ថែម​លើ​នេះ​ក្បាច់​ជង្គង់​របស់​​គេ​ មាន​កម្រិត​លើ​យើង​បន្តិច ​ប៉ុន្តែ​យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​ប្រកួត​ឲ្យ​បាន​ល្អ​»។​​

លោក​បញ្ជាក់​ថា​៖ «​ទោះបី​កូន​ខ្ញុំ​ជាប់​រវល់​ខ្លាំង​ ក្នុង​ការ​រៀន​នៅ​សាកល​វិទ្យាល័យ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​នៅ​តែ​រក្សា​បាន​ជាប់​ជា​ប្រចាំ​ ​ព្រោះ​មុខ​របរ​ប្រដាល់​នេះ​ហើយ​ ដែល​ទទួល​បាន​ប្រាក់​ជួយ​ក្នុង​ជីវភាព​ និង​ការ​រៀន​សូត្រ​បន្ត​មក​ដល់​ពេល​នេះ​។ ​ជាមួយ​នឹង​ការ​ប្រដាល់​នេះ ​ខ្ញុំ​មាន​សង្ឃឹម​ថា ​ថ្នាក់​ដឹកនាំ​កីឡា​ នឹង​ផ្តល់​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ​ដល់​កូន​របស់​ខ្ញុំ ​ដូច​អ្នក​ប្រដាល់​ខ្លាំងៗ​ដទៃ​​ទៀត»​។

ទោះ​ជា​យ៉ាង​ណា​ប្រភព​មួយ​សុំ​លាក់​ឈ្មោះ​​បាន​បង្ហើប​​ថា​ ឈុតសេរី​ វ៉ាន់​ថង ​កំពុង​​ស្នើ​សុំ​​ក្របខ័ណ្ឌ ​ជា​កង​យោធពល​ខេមរភូមិន្ទ​ ដោយ​សារ​ក្លិប​របស់​​គេ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្រោម​ចំណុះ​សមាគម​កីឡា​ប្រដាល់​​ក្រសួង​ការពារ​ជាតិ​។​

កីឡាករ​ Thanou ​Ngen ​ធ្លាប់​​មក​ប្រកួត​ស្រុក​ខ្មែរ​ច្រើន​លើក​ដែរ​ហើយ ហើយ​យើង​ពិត​ជា​លំបាក​រក​ដៃ​គូ​​មាន​សមត្ថភាព​ស័ក្តិសម ឲ្យ​ជួប​ជាមួយ​គេ​ណាស់​ព្រោះ​អ្នក​ប្រយុទ្ធ​របស់​ថៃ​ម្នាក់​នេះ​ចិត្ត​ធំ ​កណ្តាប់​ដៃ​ធ្ងន់​ កម្លាំង​ធានា ​៥ ​ទឹក​បាន​យ៉ាង​ល្អ​។ ​បើតាម​គណៈកម្មការ​ផ្គូផ្គង​បាន​ប្រាប់​ថា ថៃ​ម្នាក់​នេះ​​ធ្លាប់​ប្រកួត​ ​៦៤ ​ដង ​ឈ្នះ ​៥៥​ ​និង​ចាញ់​ ​៩ ដង ​ហើយ​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ ឡុង ​សំណាង ​កាល​ពី​​សប្តាហ៍​មុន គេ​ចាញ់​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​​​បំផុត។​

លោក​ ញាន​ សុធី​ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​​អាស៊ី​អាគ្នេយ៍​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ពី​​ថ្ងៃ​ពុធ​​ថា៖​ ​«កីឡាករ​ថៃ​ Thanou Ngen ​នេះ​ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ខ្ញុំ​ម្តង​ គឺ​មាន​សមត្ថភាព​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ គឺ​ចាញ់ ​ឡុង ​សំណាង​ តែ​ការ​ប្រកួត ​គឺ​ស៊ូ​អស្ចារ្យ​ណាស់»​៕​​