ភ្នំពេញ៖ ​អ្នក​ប្រដាល់​វ័យ​ក្មេង​ចិត្ត​ធំ ឈុតសេរី​ វ៉ាន់ថង​ មក​ពី​ក្លិប​រាហូ​កីឡា​ខេត្ត​បាត់ដំបង​ បាន​វ៉ៃ​កែង​ទៅ​លើ​​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ ​Thanou ​Ngen ​ក្នុង​ទម្ងន់​ ​៦០ ​គីឡូក្រាម​ ឲ្យ​​សន្លប់​ធំ​នៅ​ទឹក​ទី ​២ ​ក្នុង​កម្មវិធី​ប្រកួត ​Boostrong ​Fighter នៅ​លើ​សង្វៀន SEATV កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​នេះ​ក៏​ជា​លើក​ទី​ចុង​ក្រោយ​ផង​ដែរ ដែល វ៉ាន់ថង បាន​បង្ហាញ​នៅ​លើ​សង្វៀន​ផ្សេង មុន​ពេល​រូប​គេ​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន CNC តែ ១ ​គត់​ ក្នុង​ឆ្នាំ ​២០២០​ នេះ។

នៅ​មុន​ការ​ប្រកួត​របស់​គូ​នេះ​ ទាំង​អ្នក​ទស្សនា​ និង​​គណៈកម្មការ​រៀបចំ​ប្រកួត​ព្រម​ទាំង​មហាជន​ក៏​ដូច​ជា​សាមី​ខ្លួន​សុទ្ធ​តែ​ផ្ចង់​អារម្មណ៍​តាម​ដាន ​ចំពោះ​គូ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​នេះ​ ហើយ​ក៏​មិន​ហ៊ាន​សន្និដ្ឋាន ​ឬ​ព្យាករ​ពី​លទ្ធផល​មុន​នោះ​ឡើយ​ ដោយសារ Thanou ​Ngen មាន​សមត្ថភាព​ខ្លាំង។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជាក់​ស្តែង​​មាន​លក្ខណៈ​ប្រែប្រួល​ដោយ​ការ​ប្រកួត​​បាន​បញ្ចប់​ត្រឹម​តែ ​២ ​ទឹក​ប៉ុណ្ណោះ​ ខណៈ​ដែល​ ឈុតសេរី​ វ៉ាន់ថង​ បាន​​វាយ​កែង​ស្តាំ​ចូល​គោលដៅ​ និង​មាន​ប្រសិទ្ធភាព​ល្អ ​គឺ​គុម្ព​ថ្គាម ​បណ្តាល​ឲ្យ​កីឡាករ​ថៃ Thanou ​Ngen ​សន្លប់​ធំ​តែ​ម្តង ​ក្នុង​រយៈពេល​តែ ​៣០ ​វិនាទី ​ក្នុង​ទឹក​ទី ​២​ ​ហើយ​លទ្ធផល​ផ្លូវ​ការ​ត្រូវ​បាន​ប្រកាស​ប្រគល់​ទៅ​ ​វ៉ាន់ថង​ ក្នុង​មោទនភាព​យ៉ាង​ខ្លាំង​។

បើ​រំឭក​ពី​​ការ​ប្រកួត​ក្នុង​ទឹក​ទី ​១​ គឺ​នៅ​ក្នុង​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​​ព្រោះ​ទំនង​ស្ទាប​ស្ទង់​សមត្ថភាព​គ្នា​នៅ​ឡើយ​ ហើយ​​ជ័យជម្នះ​ដ៏​លឿន​រហ័ស​នេះ​ ត្រូវ​បាន​លោក ​ឈុត ​សេរី ​ជា​គ្រូ​បង្វឹក​ចាត់​ទុក​ថា​​ ​ហេង​ផង​ដែរ​ ​ព្រោះ​ វ៉ាន់ថង ​​វាយ​ឆ្មក់​ដោយ​ក្បាច់​កែង​គាស់​ពី​ក្នុង​បាន​សម្រេច​​ ប៉ុន្តែ ​បើ​មិន​បាន​បញ្ចេញ​ស្នៀត​កែង​នោះ​ទេ ​អាច​នឹង​អូស​បន្លាយ​ការ​ប្រកួត​ច្រើន​ទឹក​ក៏​ថា​បាន​។​

លោក​ ឈុត​ សេរី ដែល​ជា​ឪពុក​បង្កើត ឈុតសេរី វ៉ាន់ថង ផង​នោះ ​​បាន​និយាយ​ថា៖ ​«​នេះ​ជា​ជ័យជម្នះ​ដើម​ឆ្នាំ ​២០២០​ ដែល​ឈ្នះ​កីឡាករ​លំដាប់​ខ្លាំង​របស់​ថៃ​ ក្នុង​ទម្ងន់​ស្រាល​ ហើយ​បន្ទាប់​ពី​ជ័យ​ជម្នះ​នេះ​ទៅ​ ខ្ញុំ​នឹង​ជំរុញ​ឲ្យ​កូន​របស់​ខ្ញុំ ​​ប្រឹងប្រែង​ទៅ​លើ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ​ដោយសារ​ការ​​ប្រដាល់​នេះ​ហើយ ទើប​​កូន​ខ្ញុំ​មាន​លុយ​សិក្សា​។ បន្ថែម​លើ​នេះ ​លោក​ស៊ីថូ​ ណាថាន់ ​ពិធីករ​ល្បី​វោហារស័ព្ទ​ បាន​ជួយ​ឧបត្ថម្ភ ​៥០ ​ភាគរយ ​ដល់​កូន​ដែរ ​ក្នុង​ការ​បង់​ថ្លៃ​សាលា​»។​

ទាក់ទង​ទៅ​នឹង​គម្រោង​ការ​ប្រកួត​ជា​បន្ត​ទៀត​របស់ ឈុតសេរី វ៉ាន់ថង ​ត្រូវ​បាន​លោក​ ឈុត ​សេរី​ អះ​អាង​ថា៖ ​«ឈុតសេរី វ៉ាន់ថង ​នៅ​តែ​រក្សា​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ ​ព្រោះ​នៅ​ក្នុង​ដើម​ឆ្នាំ ​២០២០ ​នេះ វា​បាន​​ជាប់​កិច្ចសន្យា​​ប្រកួត​​ឲ្យ​​សង្វៀន​ប្រដាល់ ​CNC ​អស់​ហើយ ​ជាមួយ​តម្លៃ​ខ្លួន​ក៏​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​ដែរ»​។​

គួរ​រំឭក​ថា​ ​កីឡាករ ​ឈុតសេរី​ វ៉ាន់ថង ​ចាប់​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​​ឆ្នាំ ​២០១៨ ​ខណៈ​មាន​លោក ​ឈុត ​សេរី​ ជា​ឪពុក និង​ជា​អតីត​កីឡាករ​ឆ្នើម​ជំនាន់​ អេ​ ភូថង ជា​អ្នក​បង្ហាត់ ​ហើយ​នៅ​ក្នុង​អំឡុង​​ឆ្នាំ ​២០១៨ នោះ​ ​វ៉ាន់​ថង បាន​​ឈ្នះ​ជើងឯក​រង​កីឡា​ជាតិ​ លើក​ទី ​២។

ឈាន​ចូល​​​ឆ្នាំ ​២០១៩​ គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ ១ ​នៅ​សង្វៀន ​CNC ​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម និង​មាន​លទ្ធផល​ប្រកួត​ចាញ់​តែ​ម្តង​គត់​។​ ការ​សាង​ភាព​ល្បី​ល្បាញ​ និង​ប្រិយភាព​លឿន​របស់​ វ៉ាន់​ថង ​ដោយសារ​ក្បាច់​ប្រកួត​របស់​គេ​ វាយ​សម្រុក​ខ្លាំងៗ​ តាំង​ពី​ទឹក​ដំបូង ​ហើយ​លទ្ធផល​ចាញ់ ​ឬឈ្នះ​ ​គឺ​គេ​វ៉ៃ​​អស់​ពី​សមត្ថភាព​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ខ្លាំង​ណាស់​៕​