ភ្នំពេញ៖ ​គ្រូ​បង្វឹក​លោក ឈុត សេរី ដែល​ជា​ឪពុក​បង្កើត​របស់​កីឡាករ ឈុតសេរី វ៉ាន់ថង ​បាន​ប្រាប់​ថា កូន​ប្រុស​របស់​លោក ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ប្រដាល់​ជិត​ ​៣ ​ខែ​មក​ហើយ​នោះ អាច​នឹង​ជួប​ការ​​លំបាក​សម្រាប់​ការ​វិល​មក​ជួប​ជើង​ខ្លាំង​ថៃ Tuon Pe ក្នុង​ការ​​ប្រកួត​ដណ្តើម​ប្រាក់​លាន ក្នុង​ទម្ងន់​ ៦០ គីឡូ​ក្រាម នៅ​លើ​សង្វៀន CNC នារសៀល​ថ្ងៃ​សៅរ៍​នេះ។

លោក ឈុត សេរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ ​«វ៉ានថង ​បាន​ខាន​ឡើង​ប្រកួត​ចូល ​៣ ​ខែ​មក​ហើយ ដោយសារ​វា​ជាប់​រៀន​ប្រឡង​បាក់ឌុប កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ការ​​វិល​មក​ជួប Tuon Pe ស្រប​​ពេល​យើង​បាន​ខក​ខាន​ប្រកួត​​យូរ​បែប​នេះ វា​ពិបាក​បន្តិច​ហើយ តែ​ធ្វើ​ម៉េច​បើ​គេ​ដាក់​ឲ្យ​យើង​ជួប​គ្នា​ហើយ»។

គ្រូ​បង្វឹក​បាន​បន្ថែម​ថា៖ ​«ខ្ញុំ​ស្គាល់ Tuon Pe ច្បាស់​ដូច​ថ្ងៃ​អ៊ីចឹង គឺ​គេ​ជា​ជើង​ខ្លាំង​ដែល​ធ្លាប់​ផ្តួល​ឲ្យ​កីឡាករ​កម្ពុជា​សន្លប់​ច្រើន​គ្នា​មក​ហើយ។ ហេតុនេះ វ៉ាន់ថង ជួប Tuon Pe លើក​នេះ​យ៉ាប់​បន្តិច ហើយ ព្រោះ​ស៊ុហ្វ​គេ​ល្អ គេ​ចាស់​វស្សា និង​មាន​ទិចនិក​ខ្ពស់​ជាង ហើយ​គេ​ក៏​មាន​ភាព​រឹងមាំ​ជាង​យើង​ដែរ»។

ឈុតសេរី វ៉ាន់ថង ជា​កីឡាករ​​វ័យ​ក្មេង ដែល​មាន​សមត្ថភាព​ខ្ពស់ ហើយ​រូប​គេ​ក៏​​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​លើ​សង្វៀន CNC នេះ​ផង​ដែរ ក្រោយ​ឈ្នះ តាញ់ មករា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ វ៉ាន់ថង ក៏​ត្រូវ​បាន​ជ្រើសរើស​ដាក់​ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ ឆ្នាំ ​២០១៩ ​នេះ​ផង​ដែរ ប៉ុន្តែ​លោក ឈុត សេរី បាន​បដិសេធ ដោយសារ​លោក​ចង់​ឲ្យ វ៉ាន់ថង មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀន​សូត្រ ត្រៀម​ប្រឡង​បាក់​ឌុប។

Tuon Pe បាន​ទាត់ទៅ​លើ លី ភា ក្នុងការ​ប្រកួត​កន្លងមក។ ឈន ណន

ទោះ​បីជា​យ៉ាង​ណា ការ​ខកខាន​ប្រកួត​ជិត​ ​៣ ​ខែ​មក​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈុតសេរី វ៉ាន់ថង អាច​នឹង​ប្រឈម​ការ​ពិបាក​ច្រើន សម្រាប់​​ការ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ជាមួយ Tuon Pe នៅ​ថ្ងៃ​សៅរ៍​នេះ ព្រោះ Tuon Pe ជាកីឡាករ​មាន​សមត្ថភាព​ខ្ពស់ ហើយ​ជំនាញ​វាយ​កែង​ខ្លី​របស់​គេ បាន​ផ្តួល​ឲ្យ​កីឡាករ​កម្ពុជា​សន្លប់​ច្រើន​ណាស់​មក​ហើយ។ Tuon Pe ក៏​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ CNC ផង​ដែរ ក្រោយ​​វាយ​ សុខ សាវិន ឲ្យ​សន្លប់​វគ្គ​ផ្តាច់​ព្រ័ត្រ។

លោក ឈុត សេរី បាន​បន្ថែម​ថា៖ ​«បើ​យើង​ចូល​វាយ​សម្រុក ដើម្បី​តែ​ល្អ​ភ្នែក​អ្នក​មើល យើង​ពិបាក​ទប់​ជាមួយ Tuon Pe ហើយ​ ព្រោះ​កីឡាករ​ថៃ​ម្នាក់​នេះ មាន​ជំនាញ​វាយ​ខ្លី ហើយ​កៀក ប៉ុន្តែ​បើ​វាយ​តាម​ភាព​វៃ​ឆ្លាត​របស់ វ៉ាន់ថង គឺ​វាយ​ដក គេចលិច គេចកើត ឆក់​លិច ឆក់កើត អាហ្នឹង​មាន​សង្ឃឹម​ខ្លះ តែ​គេ​ថា វាយ​បែប​នេះ មិន​ល្អ​ភ្នែក​អ្នក​មើល»។

ជាមួយ​គ្នា​នេះ កីឡាករ​កម្ពុជា ខាំ ខ្លានាង ក៏​ត្រូវ​ប្រកួត​ដណ្តើម​ប្រាក់​លាន ក្នុង​ទម្ងន់ ​៥១ ​គ.ក្រ ជាមួយ​ថៃ Khav Krachang នៅ​ថ្ងៃសៅរ៍​នោះ​ផង​ដែរ ហើយ​ការ​ប្រកួត​ប្រាក់​លាន​នេះ គឺ​អ្នក​ឈ្នះ​បាន ​១ លាន​រៀល ស្មើ​គ្នា​បាន​ម្នាក់ ​៥០ ម៉ឺន​រៀល ឯ​អ្នក​ចាញ់​បាន​តែ​ប្រាក់​តម្លៃ​ខ្លួន​ទេ៕​