ភ្នំពេញៈ អ្នក​ប្រដាល់​វ័យក្មេង ឈុត សេរីវ៉ាន់ថង ដែល​សាង​ភាពល្បីល្បាញ​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​មកពី​ក្លិប​រ៉ាហូ​ខេត្ត​បាត់ដំបង​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ Fa Mai នៅលើ​សង្វៀន SEATV ល្ងាច​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ហើយ​លោក ឈុត សេរី ដែល​ជា​ឪពុក​បាន​ប្រាប់​ថា បើ​ទោះបី​ជា​ការប្រកួត​នេះ​ឈ្នះ ឬ​ចាញ់​ក៏​វ៉ាន់ថង​ត្រូវ​ផ្អាក​ឈប់​ឡើង​ប្រដាល់ ងាយ​ទៅ​ខិត​ខំរៀន​ដើម្បី​ត្រៀមប្រឡង​បាក់ឌុប​ដែរ​។

កីឡាករ ឈុត សេរីវ៉ាន់ថង ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន​ ៤ ​នាក់​នៅ​ភូមិ​ព្រៃឆ្តោ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​។ កីឡាករ​មាន​អាយុ​ ១៨ ​ឆ្នាំ​កម្ពស់​ ១,៦៨ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៦២ ​ដង ឈ្នះ​ ៥៤ ចាញ់​ ៧ និង​ស្មើ​ ១ ​ដង វ៉ាន់ថង បាន​ឈ្នះ​ពាន​អន្តរជាតិ ISI Palm ទម្ងន់​ ៥៧ ​គីឡូក្រាម​នៅ​សង្វៀន CNC កាល​ដើម​ខែ​មករា ឆ្នាំ​ ២០១៩ ​នេះ និង​ធ្លាប់​ឈ្នះ​ជើងឯករង នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ផង​ដែរ ហើយ​រូបគេ​រក​បាន​ប្រាក់ចំណូល​ពី​ប្រដាល់​គួរសម​ដើម្បី​ទ្រទ្រង់​ជីវភាព​បាន​មួយ​កម្រិត និង​បាន​ទៅ​រៀនសូត្រ​។

លោក ឈុត សេរី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ជំនួប​ជាមួយ​ថៃ Fa Mai របស់​កូន​ខ្ញុំ​លើក​នេះ​គឺ​ទោះបី​លទ្ធផល​ចាញ់ ឬ​ឈ្នះ ក៏​ត្រូវ​តែ​បង្ខំ​ចិត្ត​ឈប់​សម្រាក​ពី​ប្រដាល់​មួយ​រយៈ​ធំ​ដែរ ដើម្បី​យក​ពេល​ទៅ​សិក្សា​រៀនសូត្រ ចូល​ប្រឡង​បាក់ឌុប​នា​ឆ្នាំ​សិក្សា​ ២០១៩ ​នេះ​។ ខ្ញុំ​រៀន​បាន​តិចតួច អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​កូន​បាន​ចូលរៀន​មហាវិទ្យាល័យ ឬ​សាកល​វិទ្យាល័យ​នឹង​មាន​ការងារ​ធ្វើ​ រកប្រាក់​ចំណូល​ប្រសើរ​ជាង​មុខរបរ​ប្រដាល់​នេះ​ដែល​មិន​អាច​នៅ​ស្ថិតស្ថេរ​យូរ​នោះ​ឡើយ​»​។

លោក ឈុត សេរី បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នៅតែ​ស្រឡាញ់​វិស័យ​ប្រដាល់​នេះ​ខ្លាំង ប៉ុន្តែ​កាលពី​ឆ្នាំ​ទៅ វ៉ាន់ថង ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​ពេក ដើម្បី​ឈ្នះ​បាន​ខ្សែក្រវាត់ ប៉ុន្តែ​ការ​ខំ​ហាត់​ពេក​នោះ​វា​បាន​ធ្វើឲ្យ​ការសិក្សា​របស់​គេ​មិន​បាន​ល្អ ហើយ​បាន​ប្រឡង​ធ្លាក់​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​»​។

ចំណែក ឈុត សេរីវ៉ាន់ថង បាន​និយាយ​ថា​៖ «​ក្រោយ​ផ្អាក​ការប្រកួត​មួយរយៈ​ដើម្បី​បង្កើន​ការរៀនសូត្រ​នេះ​គឺ​ខ្ញុំ​នៅតែ​ខំ​ហ្វឹកហាត់​បន្តិចបន្តួច ដើម្បី​សុខភាព​គឺ​មិន​បោះបង់​ចោល​ទេ ហើយ​បញ្ហា​ប្រឡង​នេះ​ហើយ​ទើប​ឪពុក​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នោះ​»​។

គួររំឭក​ថា ឈុត សេរីវ៉ាន់ថង បាន​ជាប់​ឈ្មោះ​នៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​តាំងពី​ដំបូង ប៉ុន្តែ​ដោយសារ​មិន​ដាច់​អាល័យ​ពី​ការសិក្សា ទីតាំង​នោះ​បាន​ធ្លាក់​ទៅ​លើ​កីឡាករ វ៉ាន់ វឿន មក​ជំនួស​ជា​ជម្រើសជាតិ​វិញ​។

ចំពោះ​ដៃគូ​ប្រកួត Fa Mai ជា​កីឡាករ​ជើងចាស់​ធ្លាប់​ប្រកួត​បាន​ ៧៥ ​ដង ឈ្នះ​ ៦៤ ចាញ់​ ១១ ​ដង ប៉ុន្តែ​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​បាន​ចាញ់ វ៉ាន់ថង ក្នុង​ការប្រកួត​ដណ្តើមពាន ISI Palm នៅ CNC ម្តង​ហើយ​៕