ភ្នំពេញ៖ អ្នក​ប្រដាល់​វ័យ​ក្មេង​ទម្ងន់​ធ្ងន់ ឈឿង ល្វៃ របស់​ក្លិប​នាគរាជ​ចតុមុខ កំពុង​តែ​លេចធ្លោ​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ៧២ គីឡូក្រាម ដោយ​ការ​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់ ពិសេស​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​ទៀត ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ឈឿង ល្វៃ បាន​យក​ឈ្នះ​ជើង​ខ្លាំង ថៃ រិទ្ធី នៅ​វគ្គ​ជម្រុះ និង​បាន​បន្ត​ផ្តួល​អតីត​សិស្ស​រួម​ក្លិប ធី តុងហ៊ី ឱ្យ​សន្លប់ ដើម្បី​ឈ្នះ​បាន​ប្រាក់ ៣,៤ លាន​រៀល នៅ​លើ​សង្វៀន​ថោន​ជា​លើក​ដំបូង។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់ ឈឿង ល្វៃ ខណៈ​ដែល​ទម្ងន់​ធ្ងន់ ៧២ គីឡូក្រាម​នេះ លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់ ប៉ុន្តែ ឈឿង ល្វៃ ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ក្នុង​ក្លិប​នាគរាជ​ចតុមុខ បាន​ត្រឹម ២ ឆ្នាំ​ប៉ុណ្ណោះ តែ​មាន​ឱកាស​ប្រកួត​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន ហើយ ឈឿង ល្វៃ ក៏​ទើប​តែ​ឈ្នះ​ជើងឯក​រង​ថ្នាក់​ជាតិ​ដែរ ក្រោយ​ចាញ់​ពិន្ទុ ឡៅ ចន្ទ្រា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

ក្រៅ​ពី​នេះ ឈឿង ល្វៃ ធ្លាប់​ឈ្នះ​ចាញ់​ជា​មួយ​ជើង​ចាស់​មួយ​ចំនួន​ដូចជា ឡុង សុភី, វង្ស វិឆ័យ, ឡុង សុវណ្ណឌឿន និង ធឿន ធារ៉ា ជា​ដើម ប៉ុន្តែ​មិន​ទាន់​ប៉ះ​ជាមួយ​ជើង​ខ្លាំង​កណ្តាប់​ដៃ​ពិឃាត រឿង សោភ័ណ្ឌ នៅ​ឡើយ​ទេ។ ទោះជា​យ៉ាង​ណា នៅ​ក្នុង​ជំនួប​ជាមួយ ថៃ រិទ្ធី វគ្គ​ជម្រុះ​ដំបូង កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ល្វៃ ឈ្នះ​ក្នុង​លក្ខណៈ​តឹងតែង ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៣ ទល់ ២ ហើយ​ចំណុច​ទាក់ទាញ​ខ្លាំង ដោយសារ ឈឿង ល្វៃ មាន​ទឹក​ចិត្ត​ប្រកួត​មហា​ធំ និង​ប្រើ​ស្នៀត​ទាត់ ជង្គង់​បាន​ល្អ ធ្វើ​ឱ្យ ថៃ រិទ្ធី ដែល​មួយរយៈ​នេះ មិន​ធ្លាប់​ចាញ់​នោះ បាន​ស្គាល់​រសជាតិ​ចាញ់​ទាំង​មិន​អស់​ចិត្ត។

ឈឿង ល្វៃ បាន​និយាយ​ថា៖ «កាល​ខ្ញុំ​នៅ​ជាមួយ​លោកគ្រូ ឡុង សាលវ័ន្ត ខ្ញុំ​ដាក់​ឈ្មោះ​ឡុង ល្វៃ ដោយ​ធ្លាប់​ចាញ់​សន្លប់​ក្រោម​កណ្តាប់​ដៃ ថៃ រិទ្ធី នៅ​សង្វៀន​បាយ័ន ប៉ុន្តែ​ពេល​នេះ​​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​បាន​ឈ្នះ​ជើង​ខ្លាំង ថៃ រិទ្ធី វិញ និង​ដណ្តើម​បាន​ប្រាក់​លាន ដើម្បី​ទ្រទ្រង់​ជីវភាព​ឱ្យ​ល្អ»។

ឈឿង ល្វៃ បន្ថែម​ថា៖ «​ពី​ដំបូង​ខ្ញុំ​គិត​ថា លំបាក​ប្រកួត​នេះ និង​លំបាក​ឈ្នះ ថៃ រិទ្ធី ណាស់ ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ចេញ​ស្នៀត​ទាត់ និង​ជង្គង់​ឱ្យ​បាន​ច្រើន ដើម្បី​រំខាន និង​បិទ​កុំ​ឱ្យ​គាត់​មាន​ឱកាស​វ៉ៃ​កណ្តាប់​ដៃ ព្រោះ​កណ្តាប់​គាត់​ចេញ​ធ្ងន់​ណាស់ អាច​នឹង​សន្លប់​បាន។ យ៉ាង​ណា​​ក៏​ដោយ ថៃ រិទ្ធី មាន​ពេល​ខ្លះ​ចង់​យ៉ាប់ ដោយសារ​ខ្ញុំ​ទាត់​ចូល​ច្រើន ចំ​គោលដៅ​ល្អ ហើយ​ស្នៀត​ទាត់​របស់​ខ្ញុំ​នេះ បាន​បន្ត​យក​ទៅ​ប្រើប្រាស់​ជាមួយ ធី តុងហ៊ី មាន​ប្រសិទ្ធភាព​ល្អ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ខ្ញុំ​ទាត់​សន្ធាប់​ចូល​ឆ្អឹង​ជំនីរ ធ្វើ​ឱ្យ​គាត់​សន្លប់​ត្រឹម​ទឹក​ទី២ និង​ឈ្នះ​បាន​រង្វាន់​តែម្តង»។

ចំណែក​លោក ស្វាយ សុខុម ជា​គ្រូបង្វឹក​បាន​និយាយ​ថា៖ «ឈឿង ល្វៃ កំពុង​ល្អ ព្រោះ​វា​គោរព​វិន័យ និង​ខំ​ហ្វឹកហាត់​ល្អ។ ឈឿង ល្វៃ ទើប​តែ​អាយុ ២៣ ឆ្នាំ កម្ពស់​ល្អ មក​ពី​ភូមិ​ធ្នង់ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ហើយ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ គឺ​អ្នក​ជំនាន់​ក្រោយ ឈឿង ល្វៃ ឈ្នះ​សឹង​គ្មាន​គូ​ប្រៀប និង​កំពុង​ឈាន​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ក្នុង​លទ្ធផល​ឈ្នះ​ភាគ​ច្រើន​ផង​ដែរ។ ទោះយ៉ាងណា ឈឿង ល្វៃ ពិតជា​លំបាក​រក​ដៃគូ​ប្រកួត​ព្រោះ​ក្នុង​ទម្ងន់​ធ្ងន់​នេះ កីឡាករ​ខ្លាំង​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​លំបាក​រក ដោយសារ​កីឡាករ​មាន​ចំនួន​តិច»៕