ភ្នំពេញ៖ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ ឈឿង ល្វៃ របស់​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ ៧២ គីឡូក្រាម ​ចំនួន ៣ នាក់​ទៀត មាន​កីឡាករ ធី តុងហ៊ី, លួន សុខខេង និង ថៃ រិទ្ធី ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន នា​យប់​ថ្ងៃ​អាទិត្យ​នេះ។

សម្រាប់​អ្នក​ទាំង ៤ នេះ តម្រូវ​ឱ្យ​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​ជម្រុះ ៣ ទឹក ហេតុ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ត្រូវ​ជួប​ជាមួយ​អ្នកណា​ទេ ប៉ុន្តែ​ចំពោះ​អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់ ថៃ រិទ្ធី មាន​ការ​ជឿជាក់​ខ្ពស់​ថា នឹង​ឈ្នះ​បាន​ប្រាក់​លាន​ប្រចាំ​សប្តាហ៍​នេះ ព្រោះ​សូម្បីតែ ឈឿង ល្វៃ ក៏​ហាក់​ញញើត​ដែរ ប៉ុន្តែ ឈឿង ល្វៃ បាន​ព្រលយ​ពាក្យ​ថា បើ​ចាប់​ឆ្នោត​ប៉ះ ធី តុងហ៊ី ឬក៏ លួន សុខខេង គឺ​រូប​គេ​ធានា​ឈ្នះ ១០០ ភាគរយ។ ខណៈ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ជាតិ​កន្លង​មក ឈឿង ល្វៃ ​ទទួល​បាន​លេខ ២ ដោយ​ចាញ់​តែ ឡៅ ចន្ទ្រា ម្នាក់​ប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​កីឡាករ​ទម្ងន់​ធ្ងន់​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ការ​ប្រកួត​ប្រចាំ​សង្វៀន​ថោន បាន​ប្រាប់​ថា៖ «កីឡាករ​ទម្ងន់​ធ្ងន់​ជាង ៧២ គីឡូក្រាម​នេះ ពិត​ជា​លំបាក​រក​ដៃគូ​ឱ្យ​ប្រហាក់ប្រហែល​គ្នា​ណាស់ ព្រោះ​យើង​បាត់បង់ និង​អវត្តមាន​កីឡាករ​ប្រភេទ​នេះ​ច្រើន ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ៤ នេះ យើង​មើល​ឃើញ​ថា ​ថៃ រិទ្ធី និង ឈឿង ល្វៃ មាន​សមត្ថភាព​លេចធ្លោ​ជាង​គេ ចំណែក ធី តុងហ៊ី និង លួន សុខខេង ទោះជា​ធ្លាប់​ជា​កីឡាករ​លំដាប់​ខ្លាំង ​និង​មាន​បទពិសោធ​នៅ​លើ​សង្វៀន​ជិត ២០ ឆ្នាំ​ក្ដី ប៉ុន្តែ​ការ​ប្រកួត​របស់​អ្នក​ទាំង ២ មួយរយៈ​នេះ ទំនង​ធ្លាក់​ចុះ​នូវ​កម្លាំង។

តាមរយៈ​ការ​សម្ភាស​ពី​ប្រវត្តិ​ប្រកួត លួង សុខខេង ចាស់​វស្សា​ជាង​គេ ដោយ​ប្រកួត​បាន​ចំនួន ១៣៣ ដង ឈ្នះ ១០០ ចាញ់ ៣១ ស្មើ ២ ដង ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ៣៦ ដង ​ចំណែក ធី តុង​ហ៊ី ធ្លាប់​ប្រកួត​បាន ៦៦ ដង ឈ្នះ ៥២ ចាញ់ ១២ ស្មើ ២ ដង ក្នុង​នោះ​ផ្តួល​ដៃគូ​សន្លប់ ៣២ ដង ហើយ ថៃ រិទ្ធី ប្រកួត​បាន ៥៦ ដង ឈ្នះ ៤២ ចាញ់ ១២ ស្មើ ២ ដង ក្នុង​នោះ​ផ្តួល​ដៃគូ​សន្លប់ ៣៤ ដង ខណៈ ឈឿង ល្វៃ ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​ជំនាន់​ក្រោយ ធ្លាប់​ប្រកួត​បាន ៤០ ដង ឈ្នះ ៣០ ចាញ់ ៨ ស្មើ ២ ​ដង ក្នុង​នោះ​ផ្តួល​គូ​តស៊ូ​ឱ្យ​សន្លប់​បាន ១១ ដង។

ទោះជា​យ៉ាងណា ឈឿង ល្វៃ មិន​ដែល​ញញើត​ជើងចាស់​ណា​ម្នាក់​ឡើយ ហើយ​ក្នុង​កម្មវិធី​ដណ្តើម​ប្រាក់​លាន​នៅ​ថោន​នេះ រូប​គេ​ធ្លាប់​ចូល​ប្រកួត​បាន ២ លើក។ ឈឿង ល្វៃ បាន​ប្រាប់​ថា៖ «បើ​ជួប ថៃ រិទ្ធី ខ្ញុំ​សង្ឃឹម​ឈ្នះ តែ ៦០ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​ចាប់​ឆ្នោត​ប៉ះ​ចំ​កីឡាករ លួន សុខខេង ឬ ធី តុងហ៊ី គឺ​សង្ឃឹម​ឈ្នះ ១០០ ភាគរយ»។

ចំណែក ថៃ រិទ្ធិ ដែល​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សង្វៀន​ថោន ដោយ​ប្រកួត​មិន​ធ្លាប់​ចាញ់​នោះ​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ទំនុក ចិត្ត​ឈ្នះ ៩០ ភាគរយ ប៉ុន្តែ​តឹងតែង ប្រសិន​ប៉ះ ឈឿង ល្វៃ»។ សម្រាប់ ធី តុងហ៊ី និង លួន សុខខេង បាន​និយាយ​ស្រដៀង​គ្នា​ថា ជួប​កីឡាករ​វ័យ​ក្មេងៗ យើង​មាន​បញ្ហា​ផ្នែក​កម្លាំង ហេតុ​នេះ​ការ​ប្រកួត​តាំង​ចិត្ត​យក​ឈ្នះ ប៉ុន្តែ​មិន​សង្ឃឹម​ឈ្នះ​ខ្ពស់​ទេ ចាំ​មើល​ប្រកួត​ជាក់​ស្តែង​សិន។

ចំពោះ លោក ធន់ សុភា គ្រូបង្វឹក ថៃ រិទ្ធី និយាយ​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា ថៃ រិទ្ធី មាន​ការ​លំបាក​នៅ​ពេល​ប្រកួត​ជាមួយ ឈឿង ល្វៃ តែ​ទោះបី​ជា​យ៉ាង​ណា រិទ្ធី មាន​ប្រៀប​ផ្នែក​ទាត់ កណ្តាប់ដៃ និង​កម្លាំង​ល្អ​ជាង អ៊ីចឹង​ខ្ញុំ​មាន​សង្ឃឹម​ដល់​ទៅ ៩០ ភាគរយ»៕