ភ្នំពេញ៖ ​អ្នក​ប្រដាល់​វ័យ​ក្មេង កំពុង​ប្រជែង​បាន​ភាព​ល្បីល្បាញ ទូច ដាវីដ បាន​ចាត់​ទុក​ការ​ប្តូរ​ញើស​ឈាម​ស្រស់ៗ នៅ​លើ​សង្វៀន ថា ជា​ដើម​ទុន​ដ៏​សំខាន់​សម្រាប់​រូប​គេ​រក​​​បាន​ប្រាក់​​កម្រៃ​យក​ទៅ​ផ្គត់ផ្គង់​​គ្រួសារ និង​ទុក​សម្រាប់​យក​ទៅ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ ដោយ​កីឡាករ​រូប​នេះ អះអាង​ថា ចង់​រៀន​ផ្នែក​ច្បាប់ និង​ចង់​​មាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​នា​ពេល​អនាគត។

ទូច ដាវីដ បាន​និយាយ​ថា៖​ «ការ​ឈ្នះ​ជើងឯក​ម៉ារ៉ាតុង​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​នេះ គឺ​នឹង​ធ្វើ​ឲ្យ​គ្រប់​ស្ថានីយ​សម្លឹង​ឃើញ​ពី​សមត្ថភាព​របស់​ខ្ញុំ ហើយ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឈ្មោះ​បាន​ប្រកួត​ញឹកញាប់ នៅ​លើ​សង្វៀន​ប្រដាល់​​របស់​ពួក​គាត់ ព្រោះ​ការ​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ ខ្ញុំ​សង្ឃឹម និង​ចាត់​ទុក​ថា ជា​ដើម​ទុន​មួយ ដែល​យើង​អាច​រក​កម្រៃ​បាន​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ និង​ទុក​សម្រាប់​ការ​សិក្សា»។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ ទូច ដាវីដ នៅ​មិន​ទាន់​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ឡើយ​ទេ គឺ​​ក្នុង​អំឡុង​ពេល ​១ ​ឆ្នាំ​នេះ ដាវីដ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ហ្វឹកហាត់ និង​ប្រកួត ដើម្បី​រក​កម្រៃ ហើយ​កំលោះ​រូប​នេះ បាន​បញ្ជាក់​ថា រូប​គេ​នឹង​មិន​បោះបង់​ចោល​ប្រដាល់​នោះ​ទេ ទោះបី​ជា​រូប​គេ​រៀន​ចប់ ហើយ​មាន​ការងារ​ធ្វើ​ក៏​ដោយ។

សិស្ស​គណក្លិប​អារុណរះ​កីឡា​ ទូច ដាវីដ បាន​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​ផ្អាក​ការ​សិក្សា​រយៈពេល ​១ ឆ្នាំ ដើម្បី​រក​លុយ​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ អ៊ីចឹង​ការ​សិក្សា និង​ប្រដាល់​ត្រូវ​ដើរ​ទន្ទឹម​គ្នា គឺ​ខ្ញុំ​មិន​បោះបង់​ចោល​ការ​ប្រដាល់​នោះ​ទេ ហើយ​​ប៉ា​របស់​ខ្ញុំ បាន​ប្រាប់​ថា ត្រូវ​រៀន​ផង និង​ហ្វឹកហាត់​ប្រដាល់​ផង កុំ​ចោល​មួយ​ណា​ឲ្យ​សោះ។ ​ខ្ញុំ​ចង់​រៀន​ផ្នែក​ច្បាប់ ហើយ​នៅ​ពេល​រៀន​ចប់ ខ្ញុំ​ប្រឡង​រក​ការងារ​ធ្វើ ដោយ​ខ្ញុំ​ចង់​មាន​ការងារ​ក្នុង​​ក្របខ័ណ្ឌ ដើម្បី​មាន​ពេល​ហាត់​ប្រដាល់​ផង»។

ការ​លើក​ឡើង​របស់​ជើង​ខ្លាំង​វ័យ​ក្មេង ទូច ដាវីដ ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​រូប​គេ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ជើងឯក នៅ​លើ​សង្វៀន PNN ក្នុង​ទម្ងន់ ​៦០ គីឡូក្រាម កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​នោះ ទូច ដាវីដ បាន​ទាត់​ឲ្យ​កីឡាករ ប៉ិល សេងហេង ខូច​ជើង និង​សុំ​ចុះ​ចាញ់ នៅ​ចុង​ទឹក​ទី​៣ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ មុន​ពេល​រូប​គេ​បាន​បន្ត​យក​ឈ្នះ លើ មាស សារ៉ាក់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ពិន្ទុ។

នៅ​ពេល​សួរ​ដល់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ មាស សារ៉ាក់ ដែល​បាន​ឈ្នះ លាស់ យីន នៅ​វគ្គ​ជម្រុះ​នោះ ដាវីដ ​ប្រាប់​​ថា៖​ «គាត់​ជា​កីឡាករ​ចូលចិត្ត​ដើរ​បុក ក៏​ប៉ុន្តែ​ដោយសារ​តែ​គាត់​ប្រើ​កម្លាំង​អស់​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ អ៊ីចឹង​វា​ធ្វើ​ឲ្យ​មាន​ភាព​អំណោយ​ផល​ដល់​យើង ដោយ​គាត់​រាង​អស់​ស៊ុហ្វ​ជាង​យើង»។

ដាវីដ បាន​បន្ថែម​ថា៖​ «នៅ​ពេល​គាត់​រាង​អស់ស៊ុហ្វ​ ​យើង​អាច​វាយ​​​បុក​ទៅ​គាត់​នៅ​ទឹក​ទី​១ ប៉ុន្តែ​ចូល​ទឹក​ទី​២ គាត់​វាយ​បុក​យើង​វិញ ហើយ​ចូល​ទឹក​ទី​៣ ខ្ញុំ​វាយ​យកៗ​តែ​ម្តង។ យ៉ាងណា​ក៏​ដោយ ​ទឹក​ទី​៣ រាង​ពិបាក​ជាង​គេ ព្រោះ​គាត់​ចូល​ចាប់​ឡាំ ធ្វើ​ឲ្យ​យើង​រាង​អស់​ដែរ គឺ​រាង​ចាញ់​ឡាំ​គាត់​បន្តិច តែ​ការ​បុក​ជង្គង់​របស់​គាត់ អត់​​យក​ជា​សាច់​ការ​ទេ ដោយសារ​ភាគ​ច្រើន​​វាយ​ពី​ក្រោយ»។

តាមរយៈ​ការ​ឈ្នះ​តំណែង​​ជើងឯក​សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង នៅ​លើ​សង្វៀន PNN នេះ ទូច ដាវីដ ទទួល​បាន​ប្រាក់​រង្វាន់ ២,៦ ​លាន​រៀល ខណៈ មាស សារ៉ាក់ ទទួល​បាន ​១,២ ​លាន​រៀល ហើយ​បន្ថែម​លើ​នេះ ទូច ដាវីដ ក៏​នឹង​មាន​ឱកាស​ច្រើន បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ ​លើ​សង្វៀន​នេះ នៅ​ពេល​ដែល​មាន​ការ​បើក​ឲ្យ​ប្រកួត​អន្តរជាតិ​វិញ​ផង​ដែរ៕​