ក្រុង​ប៊ែរ​ឡាំង​: Marc-Andre Ter Stegen អ្នក​ចាំ​ទី​របស់​ក្រុម​អ្នក​បុណ្យ Barcelona កំពុង​មាន​ឱកាសក្នុង​ការ​អភិវឌ្ឍ​ខ្លួន ដើម្បី​ដណ្ដើម​​អាវ​លេខ ១ របស់​ក្រុម​ជម្រើស​ជាត​អាល្លឺម៉ង់ ពេល​រូប​គេត្រូវ​ប្រឈម​ជាមួយមិត្ត​រួម​ជាតិ Manuel Neuer អ្នក​ចាំ​បង្គោល​ទី​ដៃ​ស្អិត​របស់​ក្រុម Bayern Munich អំឡុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ ៨​ ក្រុម នៅ​យប់​ថ្ងៃ​សុក្រ​នេះ​។​​​

កីឡាករ Neuer វ័យ ៣៤​ ឆ្នាំ មិន​ត្រឹម​តែ​ជា​អ្នក​ចាំទី​ដៃ​ទី១ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិឥន្ទ្រី​ដែក​អាល្លឺម៉ង់​ទៀត​ផង តាំង​ពី​កីឡាករ Bastian Schweinsteiger ចូល​និវត្តន៍ក្នុង​ឆ្នាំ​ ២០១៦ តែ​កីឡាករ Ter Stegen កំពុងមាន​មហិច្ឆ​តា​ដណ្ដើម​តួនាទី​ជា​ជម្រើស​ទី​ ១ ម្ដង ខណៈ​ទាំង ២​ នាក់មាន​ទម្រង់​ប្រហែល​ៗ​គ្នា​។​

ពាក់​ព័ន្ធ​នឹង​កីឡាករ​ទាំង ២​ នាក់​ លោក Bodo Illgner ដែល​ជា​អ្នក​ចាំ​ទី ពេល​​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់លើក​ពាន World Cup 1990 នៅ​អ៊ីតាលី​ បាន​និយាយ​ថា​៖ «​ដោយ​គិត​លើ​ចំណុច​ជា​ច្រើន ដែល​បង្ហាញ​ពី​គុណ​សម្បត្តិ​របស់​អ្នក​ចាំ​ទី​សម័យ​ថ្មី ខ្ញុំ​យល់​ថា ពួកគេ​សឹង​តែ​ដូច​គ្នា​បេះ​បិទ​»​។​

អតីត​អ្នក​ចាំ​ទី​វ័យ ៥៣ ​ឆ្នាំ បាន​លើក​ឡើង​បន្ត​ថា​៖ «ពួក​គេ​ទាំង ២ ​នាក់ មានទម្រង់​ស្រដៀង​គ្នា ទាំង​ការ​ឈរ​ចាំក្នុង​ប្រអប់​ទី, ពេល​ត្រូវ​ប្រឈម ១ ទល់​នឹង ១, លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ និង​សូម្បី​តែ​ការ​រា​រាំង​បាល់​វគ្គ​ប៉េណាល់​ទី​»​។​

ក្រោយ​ត្រឹម​ជា​ជម្រើស​ទី ២ រាប់​ឆ្នាំ ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ កីឡាករ Ter Stegen វ័យ ២៨​ ឆ្នាំ ដែល​បាន​បង្ហាញ​ខ្លួន ២៤ ​លើក ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ ទី​បំផុត​ក៏​អស់​ភាព​អត់​ធ្មត់​ កាល​ពី​ខែ​កញ្ញា​ កន្លង​ទៅ ដោយ​បាន​បង្កើត​ជា​សំណួរ​ថា ហេតុ​អ្វី​កីឡាករ Neuer ដែល​ជា​អ្នក​ចាំ​ទី​របស់​អាល្លឺម៉ង់ តាំង​ពី​ឆ្នាំ​ ២០១០ នៅ​តែ​ជា​ជម្រើស​ដំបូង​យ៉ាង​ទៀង​ទាត់ ក្រោម​ការ​ដឹក​នាំ​របស់​លោក Joachim Loew​។

ជាមួយ​គ្នា​នេះ ​ពួកគេ​ ក៏​ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ ២ រូប គឺ​កីឡាករ​ព័រទុយហ្គាល់ Cristiano Ronaldo និងកីឡាករ​អាហ្សង់​ទីន Lionel Messi ដោយសារ​ទម្រង់​លេង​ល្អ​ដូចគ្នា ហើយ​ក៏អាច​​ពាក់​ព័ន្ធ​នឹង​កម្ពស់​នៃ​អ្នក​ទាំង ២ ផងដែរ។ កីឡាករ Neuer មាន​ផល​ចំណេញ​ខាង​រាង​កាយ ដោយសារ​មាន​កម្ពស់ ១,៩២ ​ម៉ែត្រ ខណៈ Ter Stegen មាន​ ១,៨៧ ​ម៉ែត្រ។

អតីត​ខ្សែ​ការពារ Benedikt Howedes ដែល​មាន​ចំណែក​ជាមួយកីឡាករ Neuer ជួយ​ឲ្យ​អាល្លឺម៉ង់​លើក​ពាន World Cup 2014 នៅ​ប្រេស៊ីល បាន​ធ្វើ​ការ​ប្រដូច​​ថា ​ពួក​គេប្រៀប​ដូច​ជា​កំពូល​អ្នក​ចាំទី​ ២ ​រូប នៃ​ការ​ប្រកួត​អ៊ីចឹង​ ដោយ​កីឡាករ​ចូល​និវត្តន៍​រូប​នេះ បាន​និយាយ​យ៉ាង​ខ្លី​ថា​៖ «​វា​ប្រៀប​ដូច​ជាការ​ប្រឈម​ជាមួយ​គ្នា​រវាង​កីឡាករ Ronaldo និង Messi អ៊ី​ចឹង​។ ពួក​គេ​សុទ្ធ​តែ​ឆ្នើម​ដូច​គ្នា​»​៕​ AFP/VN