ភ្នំពេញៈ ក្រុម​ដោនថោនស្ពត (Down Town Sport) របស់​កម្ពុជា​បាន​ត្រឹម​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​នាម​ជា​ក្រុម​ដំបូង​គេ ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF Futsal Championship ប៉ុន្តែ​ពួកគេ​មិន​អាច​ស្វែងរក​បាន​មេដាយ​នោះ​ទេ ស្រប​ពេល​ម្ចាស់ផ្ទះ​ថៃ PTT Chonburi Bluewave គឺជា​អ្នក​លើក​ពាន​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​។

ក្នុង​ការប្រកួត AFF Futsal Championship 2019 ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​មក​នោះ ដោនថោនស្ពត បាន​ទទួល​ជ័យជម្នះ​តែ​ម្តង​គត់​គឺ​ការយក​ឈ្នះ​ក្រុម Melaka United របស់​ម៉ាឡេស៊ី ៥-៤ ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ B ហើយ​ការទទួល​បាន​ ៣ ​ពិន្ទុ​នេះ​ធ្វើឲ្យ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​កាន់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង បើ​ទោះបី​ជា​ពួកគេ​បាន​ចាញ់​ក្រុម MIU FC របស់​មីយ៉ាន់ម៉ា ៩-៣ ក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​ ២ ​ចុងក្រោយ​ក៏ដោយ​។

ទាំង​គ្រូបង្វឹក កីឡាករ និង​ថ្នាក់ដឹកនាំ​ក្រុម​ដោនថោនស្ពត បាន​បង្ហាញ​ការសប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​បាន​ចាត់ទុក​ការឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន AFF Futsal Championship លើក​នេះ​ថា «​ជា​ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ក្រុម​ហ្វុតសាល​កម្ពុជា​ដំបូង​គេ​ដែល​បាន​ឡើង​ដល់​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​»​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ការឡើង​ទៅ​ជួប​ក្រុម​ថៃ PTT Chonburi Bluewave នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​ដោនថោនស្ពត បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​រហូត​ដល់ ១៧-០ ហើយ​ក្រុម MIU FC ដែល​ទទួល​បាន​លេខ​ ១ ​ប្រចាំ​ពូល​ B ដោយ​ឈ្នះ​ទាំង​ ២ ​ប្រកួត​នោះ​ក៏​បាន​ចាញ់​ក្រុម​លេខ​ ២ ​ពូល​ A Sanvinest Sanatech Khanh Hao របស់​វៀតណាម ៦-០ ផង​ដែរ​។

ទាក់ទង​ទៅ​នឹង​ការលត់​ក្រុម​របស់​កម្ពុជា​រហូត​ដល់ ១៧-០ នេះ​លោក Rakphol Sainetngam គ្រូបង្វឹក​ក្រុម PTT Chonburi Bluewave បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​មិនមែន​ថា​យើង​មិន​បាន​គោរព​ទៅ​ដល់​ក្រុម​ដោនថោនស្ពត នោះ​ទេ​គឺ​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​របស់​ខ្ញុំ​ថា យើង​ត្រូវ​តែ​មាន​ការគោរព​ទៅ​ដល់​គូប្រកួត​របស់​យើង ហើយ​នេះ​ជា​អ្វី​ដែល​យើង​បាន​ប្រឹងប្រែង​លេង​ខ្លាំង​បែប​នេះ​»​។

នៅក្រោយ​ការចាញ់​យ៉ាង​ចាស់ដៃ ១៧-០ នេះ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​ដោនថោនស្ពត បាន​បន្ត​ទៅ​ចាញ់​ក្រុម MIU FC ៩-៥ ជាថ្មី​ម្តង​ទៀត ក្នុង​ការប្រកួត​ដណ្តើម​យក​លេខ​ ៣ ហើយ​ការ​ត្រឹម​លេខ​ ៤ ​នេះ​វា​នៅ​តែ​ធ្វើឲ្យ​ពួកគេ​មិន​អាច​ដណ្តើម​បាន​មេដាយ​ដដែល​។ ប៉ុន្តែ​លទ្ធផល​នេះ វា​ប្រសើរ​ជាង​ក្រុម Melaka United របស់​ម៉ាឡេស៊ី និង​ក្រុម Black Steel Manokwari របស់​ឥណ្ឌូនេស៊ី​ដែល​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​ក្នុង​ចំណោម​ក្រុម​ចូលរួម​សរុប​ចំនួន​ ៦ ​ក្រុម​។

ដោយឡែក​ក្រុម​ម្ចាស់ផ្ទះ​ថៃ PTT Chonburi Bluewave បាន​បន្ត​យក​ឈ្នះ​ក្រុម Sanvinest Sanatech Khanh Hao ៩-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​បន្ថែម​ទៅ​លើ​ការឈ្នះ ៨-២ កាល​ជួប​គ្នា​ក្នុង​ពូល​ A ហើយ​ការទទួល​បាន​លទ្ធផល​យ៉ាង​ល្អ កាលពី​ម្សិលមិញ​នោះ​បាន​ជួយ​ឲ្យ PTT Chonburi Bluewave លើក​ពាន​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​យ៉ាង​សប្បាយ​រីករាយ​បំផុត​៕