ភ្នំពេញៈ ម្ចាស់​មេដាយមាស​ស៊ីហ្គេម ឆ្នាំ​ ២០១៧ ឃីម ឌីម៉ា (​ឃុន ឌីម៉ា​) បាន​និង​កំពុង​ជួបប្រទះ​នូវ​ការខ្វះខាត​ក្នុង​ការព្យាបាល​ជំងឺ​វះកាត់ ហើយ​លោក ហេង ប៊ុនឃីម ដែល​ជា​ឪពុក​បាន​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ​ថា ឌីម៉ា បាន​ត្រឡប់​មកពី​ប្រទេស​ថៃ បន្ទាប់ពី​ស្វែងរក​ការព្យាបាល​មាន​តម្លៃ​ខ្ពស់​ពេក​ដោយ​ត្រូវ​វះកាត់​នូវ​ជំងឺ​ធ្ងន់​ចំនួន​​ ៣​ ប្រភេទ​មាន​ដាច់​សរសៃពួរ​ក្បាលជង្គង់​,​ ដុះ​សាច់ដុំ​កំភួនជើង និង​ប្រេះ​ឆ្អឹង​ស្មងជើង ហើយ​បញ្ហា​នេះ​ត្រូវ​បាន​លោក ប៊ុនឃីម បង្ហើប​ថា ឌីម៉ា អាច​នឹង​មិន​បាន​ទៅ​ចូល​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​ ២០១៩ ​នេះ​ទេ​។

លោក ហេង ប៊ុនឃីម បាន​ថា​៖ «​ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ​ខាង​គ្រួសារ​ខ្ញុំ បាន​សម្រេច​នាំ ឌីម៉ា វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​មក​ផ្ទះ​វិញ​សិន ដើម្បី​ស្វែងរក​ប្រាក់​ព្យាបាល​បន្ថែម ព្រោះ​តម្លៃ​ព្យាបាល​នៅ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​គេ​យក​ថ្លៃ​ព្យាបាល​ ១៥ ០០០ ​ដុល្លារ ហើយ​នៅ​ថ្ងៃ​ស្អែក​ (​ថ្ងៃ​អង្គារ​នេះ​) មាន​គេ​នាំ​ទៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​មួយ​កន្លែង​ទៀត ដែល​គេ​ប្រាប់​ថា មាន​តម្លៃ​ព្យាបាល​ប្រហែល​ ៥ ០០០ ទៅ​ ៧ ០០០ ​ដុល្លារ​»​។

លោក​ឪពុក​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ការសម្រេចចិត្ត​នាំ ឌីម៉ា ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​នេះ ដោយសារ​ជំងឺ​ទាំង​នេះ​ធ្វើ​ទុក្ខ វា​ទ្រាំ​លែង​បាន ហើយ​ការវិល​មកវិញ​នេះ​គឺ​ខ្ញុំ​មក​លក់​ដី​មួយ​កន្លែង​បាន​ប្រាក់​ត្រឹម​ ៣ ០០០ ​ដុល្លារ​ ដើម្បី​មើល​កូន និង​ផ្សែផ្សំ​ខ្លះ​ដើម្បី​បង្គ្រប់​ការព្យាបាល ហើយ​ខ្ញុំ​គិត​ថា​នៅក្នុង​ឆ្នាំ​នេះ ឌីម៉ា ដែល​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ខែ​កញ្ញា ឆ្នាំ​ ២០១៩ អាច​នឹង​ខកខាន ព្រោះ​ក្រោយ​ការវះកាត់​មិន​អាច​ជាសះស្បើយ​ទាន់​ទេ​»​។

ចំណែក​លោក ជឹម ផល្លា គ្រូពេទ្យ​ប្រចាំការ​ក្រុម​ជម្រើសជាតិ​បាន​ប្រាប់​ថា​៖ «​ក្រុមគ្រូពេទ្យ​យើង​បាន​សម្របសម្រួល​ឲ្យ ឌីម៉ា សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក មាន​កាល់ម៉ែត​,​ព្រះអង្គឌួង​,​ពេទ្យរុស្ស៊ី និង​ពេទ្យ​លោកសង្ឃ​ដែល​មាន​ការជួយ​ព្យាបាល​មិន​យក​ប្រាក់​ទេ ព្រោះ​មាន​លិខិត​ពី​ក្រសួង​សុខាភិបាល​អន្តរាគមន៍​ផង​»​។

លោក​បន្ថែម​ថា​៖ «​គ្រូពេទ្យ​ជម្រើស​ជាតិ​ប្រចាំការ​ចំនួន​ ៦ ​នាក់​បាន​ជួយ​តាមដាន ប៉ុន្តែ ឃីម ឌីម៉ា មាន​ជម្រើស​ផ្ទាល់​ខ្លួន​ចង់​ទៅ​ពេទ្យ​ក្រៅ​ប្រទេស ហើយ​នេះ​ជា​សិទ្ធិ​របស់​គាត់​ផ្ទាល់ខ្លួន​។ កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​គាត់​ឲ្យ​មក​ភ្នំពេញ​វិញ​គឺ​មាន​ពេទ្យ​ជំនាញ​រង់ចាំ​ព្យាបាល​ដោយ​មិន​បង់ប្រាក់ តែ​គាត់​ចង់​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​»​។

លោក ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ប្រាប់​ថា​៖ «​យើង​យក​ចិត្ត​ទុកដាក់​មើល ឌីម៉ា ព្រោះ​គាត់​ជា​កីឡាករ​ឆ្នើម​ជម្រើសជាតិ និង​បាន​ឈ្នះ​មេដាយមាស ស៊ីហ្គេម​ជូន​ជាតិ​កាលពី​ឆ្នាំ​ ២០១៧​។ ទោះជា ឃីម ឌីម៉ា បាន​ជ្រើស​យក​ការព្យាបាល​នៅ​ក្រៅ​ប្រទេស​ក៏​យើង​នៅ​តែ​តាម​ជួយ​ឧបត្ថម្ភ​គាត់ ព្រោះ​ក្រោម​ការយក​ចិត្ត​ទុកដាក់​របស់​ក្រសួង​អប់រំ​ដែល​មាន​ឯកឧត្តម ស សុខា ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​កីឡា​គឺ​យក​ចិត្ត​ទុកដាក់​គ្រប់​កីឡាករ កីឡាករ​ជម្រើសជាតិ​ទាំងអស់​មិន​យក​លុយ​នោះ​ទេ​»​។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​បើ ឌីម៉ា ជ្រើស​យក​ពេទ្យ​ក្រៅ​ប្រទេស​ក៏​សហព័ន្ធ​នៅ​តែ​ប្រឹងប្រែង​ជួយ​ឧបត្ថម្ភ ហើយ​ក៏​សូម​ស្នើ​សប្បុរសជន​ចូលរួម​ជួយ​ដល់​គាត់​តាម​សទ្ធា ដើម្បី​ជួយ​គ្នា​។ ពីដំបូង ឌីម៉ា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​ស្រុក តែ​បន្ទាប់មក​បាន​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ជម្រើស​របស់​គាត់​»​។

តាម​ការអះអាង​របស់​លោក ប៊ុនឃីម ជា​ឪពុក​បាន​ឲ្យ​ដឹងថា ឃីម ឌីម៉ា រងរបួស​ដាច់​សរសៃ​ជង្គង់​ធ្ងន់​ ២ ​កន្លែង បន្ទាប់ពី​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Kev kangvan នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ដោយ​បាន​លទ្ធផល​ស្មើ​គ្នា​កាលពី​ខែ​មុន បន្ទាប់មក​ក្រោយ​ពេល​ថត​ឆ្លុះ​រកឃើញ​មាន​ប្រេះ​ឆ្អឹងស្មង និង​ដុះ​សាច់​កំភួនជើង​ទៀត​។ បើ​តាម​គ្រូពេទ្យ​ប្រាប់​ក្រោយ​ពេល​ព្យាបាល​គឺ​អាច​ចំណាយពេល​សម្រាក​ប្រហែល​ ៦ ខែ​ទៅ​ ១២ ​ខែ ហេតុនេះ​ការប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន​ក្នុង​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ​គឺ​អាច​ខកខាន​៕