ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ឃីម ឌីម៉ា (​ឃុន ឌីម៉ា) ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង ដាក់​ឲ្យ​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ Fonluong នៅលើ​សង្វៀន CNC នា​ព្រលប់​ថ្ងៃ​សៅរ៍​នេះ ចំណែក​មិត្ត​រួម​ជាតិ​របស់​គេ ថា សារុន និង ប៊ុនសុធា ក៏​ត្រូវ​ដាក់​ប្រកួត​ជាមួយ​ថៃ​ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ​។

ការវិល​មក​ជួប​គ្នា​របស់​ម្ចាស់​មេដាយ​ស៊ីហ្គេម​ឆ្នាំ​ ២០១៧ ឃីម ឌីម៉ា និង​កីឡាករ​មិន​ធ្លាប់​ស្គាល់​រសជាតិ​ចាញ់​លើ​សង្វៀន​ប្រដាល់​នៅ​ស្រុក​ខ្មែរ Fonluong ជា​លើក​ទី​ ២ ​នេះ​បាន​ក្លាយ​ជា​ការប្រកួត​ដែល​មាន​ការចាប់អារម្មណ៍​ខ្លាំង​បំផុត ព្រោះ​អ្នក​ទស្សនា​ចង់​ដឹង​ថា​ តើ ឌីម៉ា អាច​យក​ឈ្នះ Fonluong ដើម្បី​លុបលាង​ភាព​ហ្មងសៅ​ចំពោះ​ការ​ចាញ់​ថៃ​ម្នាក់​នេះ​វិញ​បាន​ទេ​?

យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​រំឭក​ពី​ការ​ចាញ់ Fonluong ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន​គោ​ជល់​កាលពី​ថ្ងៃទី​ ២០ ខែ​មករា ឆ្នាំ​ ២០១៨ នៅលើ​សង្វៀន CNC នោះ ឃីម ឌីម៉ា មិន​បាន​ទទួល​ស្គាល់​ថា​រូបគេ​ចាញ់​នោះ​ទេ ហើយ ឌីម៉ា បាន​ចាត់ទុក​ការជួប Fonluong វា​មិនមែន​ជា​ការប្រកួត​ដែល​មាន​ភាពលំបាក​ចំពោះ​រូបគេ​នោះ​ទេ​។

សិស្ស​គណក្លិប​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃីម ឌីម៉ា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​ការជួប Fonluong វា​ជា​ការប្រកួត​ដែល​មាន​ការពិបាក​ចំពោះ​ខ្ញុំ​នោះ​ទេ ហើយ​ការជួប​គ្នា​លើក​មុន ខ្ញុំ​ក៏​មើល​ឃើញ​ថា​ខ្ញុំ​មិន​ត្រូវ​ចាញ់​គេ​នោះ​ដែរ តែ​វា​ជា​ការសម្រេច​របស់​ចៅក្រម​»​។

តាមរយៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន​គោជល់​កាលពី​ថ្ងៃទី​ ២០ ខែ​មករា ឆ្នាំ​ ២០១៨ ​នោះ ឃីម ឌីម៉ា និង Fonluong បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ហើយ​តាមរយៈ​ការប្រកួត​ ៥ ​ទឹក​ពេញ​ពិសេស​ ៣ ​ទឹក​ចុងក្រោយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ឌីម៉ា ហាក់​មាន​ប្រៀប​លើ​ការបុក​ជង្គង់ ព្រម​ទាំង​ការ​តាម​ម៉ាត់ និង​វាយ​កែង​ទៅ​លើ Fonluong ប៉ុន្តែ​លទ្ធផល​ផ្លូវការ​គឺ​ចៅក្រម​បាន​ផ្តល់​ជ័យជម្នះ​ទៅ​ឲ្យ Fonluong ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១​។

យ៉ាងណា​ក៏ដោយ​ការវិល​មក​ជួប Fonluong ជា​លើក​ទី​ ២ ​នេះ ឃីម ឌីម៉ា ហាក់​នៅ​តែ​មាន​ភាពស្រពេច​ស្រពិល​ក្នុង​ការបញ្ជាក់​ពី​មហិច្ឆតា​ក្នុង​ការយក​ឈ្នះ​លើ​ថៃ​ម្នាក់​នេះ ព្រោះ Fonluong ជា​ជើង​ខ្លាំង​ដែល​មិន​ធ្លាប់​ចាញ់​កីឡាករ​កម្ពុជា​នោះ​ទេ ព្រោះ​ក្រៅពី​ការយក​ឈ្នះ ឃីម ឌីម៉ា ថៃ​ម្នាក់​នេះ​បាន​ឈ្នះ ផល សោភ័ណ្ឌ ដោយ​ពិន្ទុ ២ ​លើក​ឈ្នះ ផាន់ គ្រាន់ និង​ឈ្នះ ឡុង សំណាង ផងដែរ​។

ឃីម ឌីម៉ា បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​អាច​និយាយ​ថា​ខ្ញុំ​នឹង​វ៉ៃផ្តាច់ ដើម្បី​យក​ឈ្នះ Fonluong ដើម្បី​កុំ​ឲ្យ​មាន​ភាព​សង្ស័យ​ក្នុង​ការកាត់​សេចក្តី​របស់​ចៅក្រម​នោះ​ទេ ព្រោះ​គេ​ក៏​ហាត់​ដូច​យើង​ដែរ ហេតុនេះ​អ្វីៗ​វា​អាស្រ័យ​នៅ​ពេល​ប្រកួត​ជាក់ស្តែង ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​យក​ឈ្នះ​ថៃ​ម្នាក់​នេះ​វិញ ហើយ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​បាន​ល្អ​ផង​ដែរ​»​។

ចំណែក​កីឡាករ​កម្ពុជា ថា សារុន និង ប៊ុន សុធា ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅលើ​សង្វៀន CNC ថ្ងៃ​សៅរ៍​នោះ​ផង​ដែរ​ដោយ​ក្នុង​នោះ សារុន ត្រូវ​ជួប​ថៃ Ly Shin ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម ហើយ ប៊ុន សុធា ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​ជាមួយ​អ្នក​ប្រដាល់​របស់​ថៃ Phit Petsaen៕