The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឌុន រដ្ឋា គ្រាំគ្រា មុន​ចាញ់​ពិន្ទុ ខណៈ​វង្ស ណយ សន្លប់




ឌុន រដ្ឋា គ្រាំគ្រា មុន​ចាញ់​ពិន្ទុ ខណៈ​វង្ស ណយ សន្លប់

Content image - Phnom Penh Post
ឌុន រដ្ឋា (ឆ្វេង) រង​នូវ​ការ​វាយ​ពី​កីឡាករ​អីុរ៉ង់ Abol Fazl កាល​ពីថ្ងៃអាទិត្យ​។ យឺន ពន្លក

ឌុន រដ្ឋា គ្រាំគ្រា មុន​ចាញ់​ពិន្ទុ ខណៈ​វង្ស ណយ សន្លប់

ភ្នំពេញ: កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​ធ្ងន់ ២ នាក់ បាន​ប្រកួត​ចាញ់​កីឡាករ​បរទេស​យ៉ាង​គ្រាំគ្រា ក្រោយ​ពី ឌុន រដ្ឋា មក​ពី​ក្លិប​អេភូថង​ចាញ់​ពិន្ទុ​កីឡាករ Abol Fazl មក​ពី​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ៩ ខែ​ធ្នូ ឆ្នាំ ២០១៨ ក្រោយ​ពី​ការ​តស៊ូ​ប្រកួត​បាន​ចំនួន ៥ ទឹក​ពេញ ស្រប​ពេល​អ្នក​លេង​ក្បាច់​កែង​វង្ស ណយ បាន​រង់​បរាជ័យ​ដោយ​សន្លប់។

វង្ស ណ​យ ដែល​មកពី​ក្លិប​កុលបុត្រ គុន​ខ្មែរ ខណ្ឌទួលគោក បាន​ប្រឹង​អស់ពី លទ្ធភាព ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ថៃ Phat Many វាយ​កែង​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ៤ ក្នុង​កម្មវិធី​ប្រដាល់​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ទិដ្ឋភាព​ប្រកួត​ជាក់​ស្តែង កីឡាករ​ឌុន រដ្ឋា បាន​រង​នូវ​ការ​វាយ​ដោយ Abol Fazl ភ្លាមៗ​នៅ​ទឹក​ទី ១ ខណៈ​កីឡាករ​អ៊ីរ៉ង់​រូប​នេះ​បាន​ប្រើ​កណ្តាប់ដៃ និង​ស្នៀត​ជង្គង់​ផ្ទួនៗ បណ្តាល​ឲ្យ​វង្វេង​វង្វាន់ ហើយ​អាជ្ញា​កណ្តាល​លោក​ឡុង វិបុល បាន​រាប់​ទៅ​លើ​ឌុន រដ្ឋា ចំនួន ២ លើក មុន​នឹង​គេច​ផុត​ពី​ការ​សន្លប់​ក្នុង​ទឹក​ទី ១។

នៅពេល​ការប្រកួត​ឈានចូល​ដល់​ទឹក​ទី ២ ឌុន រដ្ឋា ហាក់បីដូច​ប្រឹងប្រែង​បាន​ល្អ​ឡើង​វិញ ដោយ​អាច​ទប់ទ​ល់​ផង និង​វាយ​សម្រុក​ផង បាន​យ៉ាង​ល្អ ហើយ​កាន់​តែ​ល្អ​ឡើងៗ និង​មាន​ប្រៀប​ខ្លះ​នៅ​ក្នុង​ទឹក​ទី ៤។

ការ​ប្រកួត​ដែល​បាន​ឈាន​ចូល​ដល់​ទឹក​ទី ៤ កីឡាករ Abol Fazl នៅ​តែ​បន្ថែម​ការ​វាយ​សម្រុក ដែល​បាន​ធ្វើ​ឲ្យ​ឌុន រដ្ឋា ស្ថិត​ក្នុង​សភាព​កាន់​តែ​យ៉ាប់​ទាំង​កម្លាំង និង​ទាំង​បច្ចេកទេស ហើយ​អាជ្ញា​កណ្តាល​ឡុង​វិបុល​បាន​រាប់​លើ ឌុន រដ្ឋា ម្តង​ទៀត។

ប៉ុន្តែ ការតស៊ូ​ប្រកួត​របស់​ឌុន រដ្ឋា នៅតែ​បន្ត និង​បាន​ឈានចូល​រហូតដល់​បញ្ចប់​ក្នុង​ទឹក​ទី ៥ ហើយ​លទ្ធផល​គឺ​បាន​ចាញ់​ត្រឹម​ពិន្ទុ​ទាំង​គ្រាំគ្រា​ខ្លួន​បំផុត។

ចំណែក វង្ស ណយ ដែល​មុន​ប្រកួត​រំពឹង​ឈ្នះ​កីឡាករ​ថៃ Phat Many បាន​រង​នូវ​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បាន​សុំ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី ៤ ក្រោយ​ពី​ទទួល​រង​នូវ​ស្នៀត​កែង​យ៉ាង​ពេញ​ទំហឹង​ពី​កីឡាករ​ថៃ​ដែល​ជា​គូ​ប្រកួត​របស់​ខ្លួន។

វង្ស ណ​យ ដែល​បាន​ហ្វឹកហាត់​ត្រៀម​ល្អ និង​មាន​ស្មារតី​រឹងមាំ​ចង់​ឈ្នះ​កីឡាករ​ថៃ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​នោះ ពិត​ជា​បាន​ប្រឹង​អស់​ពី​លទ្ធភាព ប៉ុន្តែ​មិន​អាច​ទៅ​រួច​ជាមួយ Pha tMany បាន​ឡើយ។

វង្ស ណយ បាន​ប្រាប់​ក្រោយ​ប្រកួត​ថា៖ «កីឡាករ​ថៃ Phat Many ល្អ​ណាស់ ខ្ញុំ​ប្រឹង​អស់​ពី​សមត្ថភាព ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​គេ​បាន»៕

អត្ថបទគួរចាប់អារម្មណ៍