The Phnom Penh Post Search

Search form

ឌុម កែវ​ដា ប្រកួត​បង្គ្រប់​កិច្ច​ ខណៈ ឡុង​ សំណាង​ រំពឹង​ឈ្នះ​

Content image - Phnom Penh Post
កីឡាករ​ថៃ Kong Kangvan នឹង​ត្រូវ​ប្រកួត​ជា​មួយ​នឹងកីឡាករ​ ឌុម កែវដា (ខាងស្តាំ) ដើម្បី​បង្គ្រប់​កិច្ច​។ កីឡាករ​ ឡុង សំណាង (ខាងឆ្វេង) ជឿជាក់​ខ្ពស់ ក្នុង​ការ​យកឈ្នះ​លើ​កីឡាករ​ថៃ​ ក្នុង​ពេល​ជួបគ្នា​នៅ​ថ្ងៃ​​អាទិត្យ​នេះ​។ រូប​ថត សហ​​ការី

ឌុម កែវ​ដា ប្រកួត​បង្គ្រប់​កិច្ច​ ខណៈ ឡុង​ សំណាង​ រំពឹង​ឈ្នះ​

ភ្នំពេញ: កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ឡុង​ សំណាង​ នឹង​ប៉ះ​ប្រ​កួត​ជា​មួយ​កីឡាករ​ថៃ​ Pek Tieng ​ដើម្បី​​ស្វែង​រក​​៣​ពិន្ទុ​​បន្ថែម​ សប្តាហ៍​ទី​៤​ជុំ​ទី​៣ ​នៃ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់​ប្រ​ដាល់​គុន​ខ្មែរ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​Wurkz ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​ថ្ងៃ​អាទិត្យ​នេះ​។

ប៉ុន្តែ​ ឌុម ​កែវ​ដា ដែល​ត្រៀម​ប៉ះ​ប្រ​កួត​ជា​មួយ​ជើង​ខ្លាំង ​Fa Nemith នោះ​ ត្រូវ​ឈ្នះ​​៣​ពិន្ទុ​ជា​ស្វ័យ​ប្រវត្តិ​ដោយ​សារ​តែ​ដៃ​គូ​របស់​គេ អវត្ត​មាន​ ហើយ​ត្រូវ​​ជួប​ជា​មួយ​​​កីឡាករ​​ថៃ Kong kang​van ដើម្បី​​បង្គ្រប់​កិច្ច​​វិញ​។​

ឡុង សំណាង ជា​កីឡាករ​គុន​ខ្មែរ​ជម្រើស​ជាតិ​មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​នៃ​ក្រ​សួង​មហា​ផ្ទៃ​ស្ថិត ​ស្ថិត​ក្នុង​​លំដាប់​កីឡាករ​ខ្លាំង​គ្មាន​គូ​ប្រៀប​ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ក្នុង​ទម្ងន់​ដូច​គ្នា​ បន្ទាប់​ពី​សិស្ស​ច្បង​ឃីម ​ឌីម៉ា​។

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​ប្រ​កួត​របស់​ឡុង​ សំណាង​ ​មិន​ដែល​ស្គាល់​ចាញ់​ឡើយ ​ហើយ​នៅ​ក្នុង​អំឡុង​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ រូប​គេ​​ជា​បេក្ខជន​កីឡាករ​ម្នាក់​ដែល​មាន​ប្រៀប​ខ្ពស់​ជាង​គេ ដោយ​សារ​សមត្ថភាព​ក្បាច់​គុន​ល្អ ទឹក​ចិត្ត ក្លាហាន​ និង​ត្រូវ​បាន​មហា​ជន​រំពឹង​ខ្ពស់​ថា ​នឹង​បាន​លេខ​១​ក្នុង​ពូល​។ ​

ឡុង​ សំណាង​ បាន​និយាយ​ថា​៖​ «​ការ​​ប្រ​កួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ជា​មួយ​​កីឡាករ​ថៃ​Pek Tieng ​គ្មាន​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ទេ​ ពី​ព្រោះ​នៅ​ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង​៤​រូប​ឡើង​មក​ប្រ​កួត​នេះ​ មាន​តែ​Loom Leng ម្នាក់​ល្អ​ជាង​គេ​ ក្រៅ​ពី​នេះ​មាន​៣​នាក់​ទៀត​ ខ្ញុំ​គិត​ថា ​មិន​មែន​ជា​ឧបសគ្គ​ធំ​នោះ​ឡើយ​។ ខ្ញុំ​មាន​សង្ឃឹម​ខ្លាំង​ថា​ ខ្ញុំ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​ខាន​​»​។

នៅ​ក្នុង​ការ​ប្រ​កួត​ជា​មួយ​កីឡាករ​ថៃ ​Pek Tieng​ ​ឡុង សំណាង បាន​អះអាង​ថា ​នឹង​ធានា​យក​ឈ្នះ​បាន​១០០​ភាគ​រយ ក្នុង​នោះ​បើ​មាន​ឱកាស​ អាច​នឹង​ផ្តួល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​ទឹក​ទី​៥​ទៀត​ផង​។​

លោក​ឡុង សាលវ័ន្ត​ ជា​គ្រូ​បង្វឹក​ផ្ទាល់​ និង​ជា​គ្រូ​ជម្រើស​ជាតិ​ បាន​និយាយ​ថា​៖​ «សំណាង ​ហ្វឹក​ហាត់​បាន​ល្អ ហើយ​ការ​ជួប​ប្រ​កួត​ជា​មួយ​​កីឡាករ​ថៃ​ Pek Tieng ខ្ញុំ​សង្ឃឹម​ឈ្នះ​១០០​ភាគ​រយ​ ដោយ​មិន​មើល​ឃើញ​ចំណុច​ចាញ់​នោះ​ឡើយ​។​ ​កីឡាករ​ថៃ​រូប​នេះ​ល្អ​គូរ​សម​គេ​ ធ្លាប់​ឈ្នះ​ឌុម ​កែវ​ដា​ ហើយ​ឡុង​ សំណាង ​ធានា​ឈ្នះ​ប៉ុន្តែ​មាន​លក្ខណៈ​តឹង​តែង​ផង​ដែរ​មិន​មែន​ស៊ី​ផុយ​នោះ​ឡើយ​​»។​

លោក​ថៃ​ អ៊ូ​ ប្រ​តិភូ​នាំ​កីឡាករ​មក​ប្រ​កួត បាន​​និយាយ​ថា​៖​ «សមត្ថភាព​របស់​កីឡាករ​ឡុង ​សំណាង​ ពិត​ជា​មាន​ប្រៀប​លើ​កីឡាករ​ថៃ​​ Pek Tieng ​ប៉ុន្តែ​ការ​ប្រ​កួត​មិន​អាច​ទស្សន៍​ទាយ​ត្រូវ​នោះ​ឡើយ ហើយ​លទ្ធផល​យ៉ាង​ណា​នោះ ​ទាល់​តែ​ប្រ​កួត​ជាក់​ស្តែង​»​។ ​លោក​ថៃ ​អ៊ូ​ បាន​បន្ត​ថា​៖​ «កីឡាករ​ថៃ​​ Pek Tieng ​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ដោយ​ឈ្នះ​១លើក ក្រោយ​ពី​​ផ្តួល ​ឌុម​ កែវ​ដា​ មាន​៣​ពិន្ទុ​ ប៉ុន្តែ​ការ​ប្រ​កួត​ជា​មួយ​ឡុង ​សំណាង​ ខ្ញុំ​គិត​ថា ​វា​ជា​ការ​ប្រ​កួត​មួយ​មាន​ភាព​តឹង​តែង​ណាស់ ខណៈ​​អារឿង​ឈ្នះ ​ឬ​ចាញ់​នោះ​មិន​ទាន់​ហ៊ាន​និយាយ​មុន​ឡើយ​»​​។

ចំណែក​គូ​ខ្សែ​ក្រ​វាត់​មួយ​គូ​ទៀត​ ​ឌុម ​កែវ​ដា ​មក​ពី​ក្លិប​មកុដរាជ​សីហ៍​ក្រ​សួង​មហា​ផ្ទៃ​ មួយ​រយៈ​នេះ​ហាក់​បី​ដូច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​

ម្ចាស់​ខ្សែ​ក្រ​វាត់​២​ស្ថាប័ន​ និង​ជើង​ឯក​រង​២​លើក​រូប​នេះ​ ​បាន​ប្រ​កួត​៧​លើក​ចុង​ក្រោយ​ជា​មួយ​កីឡាករ​បរទេស ដោយ​ចាញ់​៥​លើក ឈ្នះ១ និង​ស្មើ​១​លើក ដែល​​ធ្វើ​ឲ្យ​ប្រិយ​ភាព​ធ្លាក់​ចុះ​ជាង​មុន​ ស្រប​ពេល​ដែល​បញ្ហា​សុខ​ភាព​ឈឺ​របួស​ចាស់​ចង្កេះ ​មិន​ទាន់​បាន​សះ​ស្បើយ​។​

ទោះ​ជា​យ៉ាង​ណា ​សម្រាប់​ទី​ផ្សារ​ប្រ​កួត​របស់​ឌុម ​កែវ​ដា ​នៅ​តែ​ពេញ​និយម​សម្រាប់​សង្វៀន​ប្រ​ដាល់​មួយ​ចំនួន​​។

ឌុម​ កែវ​ដា​ កំពុង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​ជា​លោក​គ្រូ​ឈិន ​ក្វាន់​ចៃ នោះ បាន​និយាយ​ថា​៖​ «ទោះ​បី​តាម​រូប​មន្ត​ប្រ​កួត​ដៃ​គូ​អវត្ត​មាន ​ខ្ញុំ​ឈ្នះ​ដោយ​ស្វ័យ​ប្រ​វត្តិ​បាន​៣​ពិន្ទុ​​ក៏ដោយ ប៉ុន្តែ​ខាង​គណៈកម្មការ​ប្រចាំ​សង្វៀន​តម្រូវ​ឲ្យ​ខ្ញុំ​ប្រ​កួត​លក្ខណៈ​មិត្តភាព​ជា​មួយ​ជើង​ខ្លាំង​ម្នាក់​ទៀត​គឺ​កីឡាករ​ Kong​ Kang​van​ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​ថៃ»​​។

​ឌុម ​កែវ​ដា បាន​​អះអាង​ថា​៖ «ខ្ញុំ​ធានា​ប្រ​កួត​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​ក្តី​សង្ឃឹម​ឈ្នះ​នោះ​ មាន​តែ​​៦០​ភាគ​រយ​ប៉ុណ្ណោះ ​ដោយ​សារ​តែ​សមត្ថភាព​របស់​ Kong Kang​van ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ការ​ប្រ​កួត​ ក៏​​ជា​កីឡាករ​ល្អ​ផ្នែក​ជង្គង់​ និង​ទាត់​ផង​ដែ​»​​។​

លោក​ឈិន ​ក្វាន់​ចៃ ​គ្រូ​បង្វឹក​ បាន​និយាយ​ថា៖ «​តាម​រយៈ​ការ​ហ្វឹក​ហាត់​ជា​ប្រ​ចាំ​នោះ ​ខ្ញុំ​គិត​ថា​ ឌុម​ កែវ​ដា ​អាច​មាន​ភាគ​រយ​ឈ្នះ​ខ្ពស់​លើ​ Kong Kang​van​ ហើយ​ខ្ញុំ​ហ៊ាន​ទស្សន៍​ទាយ​ថា ​ឌុម​ កែវ​ដា​ ឈ្នះ​១០០​ភាគ​រយ​ក្នុង​ការ​មប្រ​កួត​មិត្តភាព​អន្តរជាតិ​នេះ​​»​។

បើ​បូក​សរុប​ពិន្ទុ​បណ្តោះ​អាសន្ន​ក្នុង​វគ្គ​សន្សំ​ជម្រុះ​ពិន្ទុ​ខ្សែ​ក្រវាត់​ ឌុម​ កែវ​ដា ​នៅ​ក្នុង​លំដាប់​ទី​៣​ ក្រោម​កីឡាករ​វ៉េង​ សុ​ភ័ក្រ្ត ​មក​ពី​ទ័ព​ឆ័ត្រ​យោង​៩១១​ និង​ឡុង​ សំណាង​ មក​ពិ​សាលវ័ន្ត​ ប៉ុន្តែ​នៅ​ពី​លើ​កីឡាករ​ទេស ​ជីវ៉ា​ មក​ពី​កង​ពល​តូច​ទ័ព​លេខ​៧០​ដែរ​។​​

លោក​ញាន ​សុធី​នា យក​គ្រប់​គ្រង​កម្ម​វិធី​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍ ​បាន​ទម្លាយ​បញ្ហា​ពិត​ពី​អវត្ត​មាន​របស់​កីឡាករ​ថៃ​មួយ​ចំនួន​ថា​៖ «​កីឡាករ​ថៃ​មួយ​ចំនួន​ដែល​ជាប់​កិច្ច​សន្យា​លេង​ក្នុង​ខ្សែ​ក្រវាត់ បាន​​ខក​ខាន​ដោយ​សា​ពួក​គេ​ជាប់​ក្នុង​ក្រប​ខ័ណ្ឌ​ជា​ទាហាន​ថៃ ​ត្រូវ​ការ​ហ្វឹក​ហ្វឺន​ប្រ​មូល​ផ្តុំ​ក្នុង​បន្ទាយ ​ហេតុ​នេះ​ខាង​ភាគី​ខ្មែរ ​ប្រតិភូ​យើង​កំពុង​តែ​សុំ​ទំនាក់​ទំនង​ជា​មួយ​ ហើយ​ក្នុង​អំឡុង​នេះ​ យើង​បាន​ដាក់​ជំនួស​កីឡាករ​ជា​គូ​ប្រ​កួត​មិត្ត​ភាព​ល្អៗ ដើម្បី​​ធ្វើ​កម្ម​វិធី​ឲ្យ​ដំណើរ​ការ​បាន​​រលូន​»​​៕

អត្ថបទគួរចាប់អារម្មណ៍