ភ្នំពេញ៖ អ្នក​ប្រដាល់​ ឌុម ​កែវដា​ របស់​ក្លិប​មកុដរាជ​សីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​របស់​ខ្លួន ក្លាយ​ទៅ​ជា​អាសាបង់​នោះ​ទេ ខណៈ​រូប​គេ​បាន​វាយ​សម្រុក​ផ្តួល​អតីត​មិត្ត​រួម​ក្លិប វ៉ែន ហុងជីវ៉ុង តាម​បណ្តាំ​គ្រូ រួច​បន្ត​ម៉ាត់​ឲ្យ សឿន ឆ្នើម សន្លប់​ធំនៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​មាន​ទឹក​ប្រាក់ ​៣,៤ ​លាន​រៀល ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ៦៣,៥ ​គីឡូក្រាម នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​។

ការ​វាយ​កែង និង​ទាត់​ឲ្យ​អតីត​សិស្ស​រួម​ក្លិប ហុងជីវ៉ុង ​សន្លប់​នៅ​ចុង​ទឹក​ទី ​២ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ច្បាប់​គុន​ខ្មែរ​មាន ​៣ ​ទឹក និង​ការ​បន្ត​ទៅ​ម៉ាត់​ឲ្យ សឿន ឆ្នើម សន្លប់​ធំ ដោយ​ប្រើ​ពេល ​១:៣១ នាទី ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដោយ​ប្រើ​រូបមន្ត Mas Fight ១ ​ទឹក​មាន ​៩ នាទី វា​បាន​ក្លាយ​ជា​លទ្ធផល​ដ៏​ល្អ​បំផុត ដែល​ស្រប​ទៅ​តាម​អ្វី​ដែល ឌុម កែវដា និង​គ្រូ​បង្វឹក​របស់​គេ​បាន​រំពឹង​ទុក​តាំង​ពី​មុន​ប្រកួត។

បន្ថែម​លើ​នេះ ​ការ​ប្រកួត​យ៉ាង​ស្រួច​ស្រាល់ ​វ៉ៃ​សម្រុក​អស់​ពី​សមត្ថភាព​នេះ ​វា​ក៏​បាន​បង្ហាញ​នូវ​តម្លាភាព​ ឬ​ជម្រះ​ភាព​​មន្ទិល ពី​ទំនាក់ទំនង​រវាង វ៉ែន ហុងជីវ៉ុង និង ឌុម កែវដា កាល​ពី​អតីតកាល​ផង​ដែរ ​​ព្រោះ​ ​វ៉ែន ​ហុង​ជីវ៉ុង ​ដែល​ធ្លាប់​រឹងមាំ ​ហើយ​​កម្រ​នឹង​ចាញ់​ដោយ​សន្លប់​នោះ​ មិន​អាច​គេច​ផុត​ពី​ស្នៀត​កែង ​ជង្គង់ និងកណ្តាប់​ដៃ ​វាយ​សន្ធាប់​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ ​ដែល​គ្មាន​បន្ធូរ​ដៃ​របស់ ​ឌុម​ កែវដា បាន​នោះ​ទេ​។​

ឌុម ​កែវ​ដា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្រោយ​ការ​ប្រកួត​ថា​៖ «គម្រោង​ប្លង់​វ៉ៃ​ គឺ​បាន​ពិភាក្សា​ជាមួយ​លោក​គ្រូ​ គង់ ចាន់ធីណា និង​សិស្ស​ច្បង ​រឿង ​សោភ័ណ្ឌ​ ថា​ ត្រូវ​​ចូល​វាយ​សម្រុក​គ្មាន​បន្ធូរ​ដៃ​ និង​គ្មាន​សំចៃ​កម្លាំង​ទេ​ គឺ​អស់​ថាមពល​ពេល​ណា​ ចាំ​រក​កល​ល្បិច​បន្ត​។ ​ហេតុ​នេះ​ហើយ​ការ​​ប្រកួត​វគ្គ​ជម្រុះ​ជាមួយ ​វ៉ែន ​ហុង​ជីវ៉ុង ​គឺ​គាត់​រឹងមាំ​ណាស់​ បើ​វាយ​មិន​កាច ​មិន​ប្រើ​កែង និង​ជង្គង់​យ៉ាង​ស្រួច​ស្រាល់​​ទេ​នោះ មិន​អាច​បង្ខំ​គាត់​ឲ្យ​​សន្លប់​បាន​ឡើយ»​។

ម្ចាស់​ប្រាក់​លាន​រូប​នេះ ​បាន​បន្ត​ថា​៖ «​នៅ​ក្នុង​ការ​ប្រ​កួត​កំណត់​ត្រឹម ​៣ ​ទឹក​នេះ ​ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម​ពិន្ទុ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​បាន​ប្រាប់​ថា ​ត្រូវ​តែ​វ៉ៃ​ប្តូរ​កែង ​ទើប​អាច​ផ្តួល​ដៃ​គូ​ឲ្យ​​សន្លប់​បាន​ ហេតុ​នេះ​ខ្ញុំ​មិន​អាច​ចំណាយ​ពេល​ស្ទាប​ស្ទង់​គ្នា​បាន​ទេ​​។ ចំណែក​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ ខ្ញុំ​រំពឹង​ផ្តួល​ សឿន​ ឆ្នើម​បាន​តាំង​ពី​មុន​ឡើង​សង្វៀន​ម្ល៉េះ ព្រោះ​គាត់​នៅ​ក្មេង​មាន​បទ​ពិសោធ​ខ្ចី​ជាង​ខ្ញុំ​ ហើយ​សូម្បី​តែ​ឈ្នះ​លើ​ រឿង ​វណ្ណៈ​ ក៏​លំបាក​លំបិន​ដែរ​។ ​ខ្ញុំ​គិត​ថា ​សឿន ​ឆ្នើម ​គ្មាន​ឧបសគ្គ​ធំ​ទេ​ គឺ​មិន​អាច​គេច​ពី​សន្លប់​បាន​ឡើយ​»​។​

ចំណែក​កីឡាករ សឿន ​ឆ្នើម ​មិន​អាច​ទាក់​ទង​សុំ​សម្ភាស​បាន​ទេ​ ពី​បញ្ហា​ចាញ់​នេះ។ ប៉ុន្តែ​កីឡាករ ​វ៉ែន ​ហុង​ជីវ៉ុង បាន​​និយាយ​ក្រោយ​ប្រកួត​ចាញ់​ថា​៖ ​«​ខ្ញុំ​លំបាក​ទប់ទល់ ​​ព្រោះ​ កែវដា ​វ៉ៃ​កាច​ សម្រុក​ភ្លាមៗ​ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​រង​ធ្ងន់ៗ​ផ្នែក​ជង្គង់ ​និង​កែង​វង្វេង​វង្វាន់​ បាត់​បង់​ស្នៀត​ការពារ​អស់​រលីង ​ដែល​មិន​នឹក​ស្មាន​ដល់​។ ​​ខ្ញុំ​ចាញ់​នេះ​អស់​ចិត្ត​ ប៉ុន្តែ​បើ​ប្រកួត ​៥ ទឹក​វិញ ​ឌុម ​កែវ​ដា ​មិន​ហ៊ាន​វាយ​សម្រុក​កាច​អ៊ីចឹង​នោះ​ទេ​ ​ព្រោះ​ខ្លាច​អស់​កម្លាំង​ចុង​ទឹក»​។

ជាមួយ​គ្នា​នេះ ​រឿង ​វណ្ណៈ​ ដែល​បាន​ចាញ់​ពិន្ទុ សឿន ឆ្នើម ដោយ​លទ្ធផល ២-១ នៅ​ក្នុង​វគ្គ​ជម្រុះ​មាន ​៣ ទឹក​នោះ​ មិន​អស់​ចិត្ត​នោះ​ទេ។ វណ្ណៈ បាន​​និយាយ​ថា​៖ ​«ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ទេ​ គឺ​សូម្បី​ពិន្ទុ​ពី​ចៅក្រម ​ក៏​មិន​ឯកច្ឆន្ទ​ដែរ​ ហេតុ​នេះ​បើ​មាន​ឱកាស​សង​សឹក​ ខ្ញុំ​សុំ​ប្រកួត​ម្តង​ទៀត​ព្រោះ​ខ្ញុំ​ចាញ់​នេះ​ ពិត​ជា​គួរ​ឲ្យ​ស្តាយ​ណាស់»​៕