ភ្នំពេញ៖ អ្នក​គ្រប់គ្រង​ ឌុម កែវដា ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា កីឡាករ​រូប​នេះ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​ជើង​ឯក​ប្រាក់​លាន ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ ​គ.ក្រ ​នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ល្ងាច​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ នាយក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia លោក គឹម ស្រ៊ុនកុសល បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ជ្រើសរើស​អ្នក​ប្រដាល់​មាន​សមត្ថភាព​កម្រិត​ល្អ​ចំនួន ​៤ ​នាក់ រួម​មាន ឌុម កែវដា, វ៉ែន ហុងជីវ៉ុង, សឿន ឆ្នើម និង រឿម វណ្ណៈ ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​គ្នា ដោយ​ប្រើ​ច្បាប់​ប្រកួត ​២ ​បញ្ចូល​គ្នា ហើយ​អ្នក​ទាំង ​៤ ​នេះ​តម្រូវ​ឲ្យ​ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​តែ​ម្តង។

លោក គឹម ​ស្រ៊ុនកុសល ​បាន​ប្រាប់​ថា​៖ «​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នេះ ​យើង​​បាន​យក​ច្បាប់​ប្រកួត ​២ ​លាយ​ចូល​គ្នា គឺ​ច្បាប់​គុន​ខ្មែរ និង​ច្បាប់ Mas Fight។ មាន​ន័យ​ថា នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ យើង​កំណត់​​ឲ្យ​ប្រកួត ​៣​ ទឹក យក​តាម​ច្បាប់​គុន​ខ្មែរ ដើម្បី​រក​អ្នក​ឈ្នះ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​នៅ​ក្នុង​វគ្គ​នេះ យើង​ប្រើ​ច្បាប់​ Mas Fight វិញ គឺ​ប្រកួត ​១ ទឹក ​មាន ​៩ ​នាទី​ពេញ ដើម្បី​រក​ម្ចាស់​ជើង​ឯក ដោយ​បាន​ផ្តួល​គូ​​ប្រកួត​ឲ្យ​សន្លប់ ​ប៉ុន្តែ​បើ​ពួក​គេ​មិន​អាច​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទេ ​គឺ​បាន​លទ្ធផល​ស្មើ​ យើង​នឹង​​ចែក​លុយ​រង្វាន់​ស្មើ​គ្នា​»​។​

បន្ថែម​លើ​នេះ ​លោក​ MC Vutha ផលិតករ​ និង​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​​ឲ្យ​ដឹង​ទៀត​ថា​៖ ​«នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ​បើ​ក្នុង​ករណី​គ្មាន​អ្នក​​សន្លប់ ​គឺ​​ពួក​គាត់​ឈ្នះ​បាន​ទឹក​ប្រាក់​ចំនួន ​១,៨ ​លាន​​រៀល​ ប៉ុន្តែ​បើ​ពួក​គាត់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​គាត់​នឹង​ទទួល​បាន​ជា​ជើង​ឯក​ Mas Fight​ Winner Championship ​នូវ​​ទឹក​ប្រាក់ ​៣,​៤ ​លាន​រៀល រួម​ជាមួយ​​ប្រាក់​រង្វាន់​ផ្សេង​ទៀត​»។​

ទាក់ទង​ទៅ​នឹង​សមត្ថភាព​កីឡាករ​ទាំង ​៤ ​រូប​នេះ​វិញ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​​ សឿន ​ឆ្នើម ​មាន​បទពិសោធ​តិច​ជាង​គេ ​ខណៈ​​​ រឿម ​វណ្ណៈ​ ឌុម​ កែវ​ដា ​និង​វ៉ែន ​ហុង​ជីវ៉ុង ​សុទ្ធ​តែ​ចាស់​វស្សា​ ហើយ​​​យោង​តាម​ប្រវត្តិ​ប្រកួត​នៅ​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ទាំង ​៤ ​នេះ ​មាន​តែ ​ឌុម ​កែវ​ដា ​ម្នាក់​គត់​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​និង​ជើង​ឯក​រង ​ក្រៅ​ពី​នេះ​ពុំ​ទាន់​មាន​អ្នក​ណា​ធ្លាប់​គ្រង​​ខ្សែ​ក្រវាត់​នោះ​ទេ​។​

លោក​ គង់​ ចាន់​ធីណា​ ដែល​ជា​គ្រូ​បង្វឹក​ និង​អ្នក​គ្រប់គ្រង​ ឌុម កែវដា បាន​និយាយ​ថា​៖ ​«ឌុម​ កែវ​ដា ​អាច​នឹង​មាន​ទំនុក​ចិត្ត ​និង​ភាគ​រយ​ខ្ពស់​ ក្នុង​ការ​ឈ្នះ​ប្រាក់​លាន​នេះ​ ប៉ុន្តែ​ឧបសគ្គ​ធំ​គឺ​មាន​តែ វ៉ែន ​ហុង​ជីវ៉ុង ​​ម្នាក់​ប៉ុណ្ណោះ​ ចំណែក​ ​រឿម ​វណ្ណៈ​ និង ​សឿន ​ឆ្នើម​ ជា​ឧបសគ្គ​តូច​តាច​។​ ខ្ញុំ​ជឿ​ជាក់​ថា​ ​កែវ​ដា​ មាន​សមត្ថភាព​ដល់​ទៅ ​៩០ ​ភាគ​រយ ​ដែល​ឈ្នះ​ប្រាក់​លាន ​ព្រោះ​រាល់​ថ្ងៃ​កំពុង​ហ្វឹក​ហាត់​ខ្លាំង​ជាមួយ​ រឿង​ សោភ័ណ្ឌ​ ដែល​ជា​សិស្ស​ច្បង​»​​។​

ចំណែក​ ​វ៉ែន ​ហុងជីវ៉ុង ​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ដឹង​ថា​ យ៉ាង​ដូច​ម្តេច​ទេ ​គឺ​ដឹង​តែ​ឡើង​ប្រកួត​អស់​ពី​សមត្ថភាព​ ចំណែក​បញ្ហា​ចាញ់​ ឬ​ឈ្នះ​ មិន​ហ៊ាន​និយាយ​មុន​ប្រកួត​​ទេ​។​ ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម​ ៧០ ​ភាគរយ»​៕