ភ្នំពេញ៖ ​ការ​ប្រកួត​ម៉ារ៉ាតុង​​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន​នា​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នក​ប្រដាល់ ឌុម កែវដា ទំនង​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​ឈ្នះ​ប្រាក់​លាន ព្រោះ​​វត្តមាន​អ្នក​ប្រជែង​ចំនួន ​៣ ​នាក់​ទៀត ​មាន​បទពិសោធ​នៅ​តិច​ជាង​ និង​ពុំទាន់​ឃើញ​មាន​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ឡើយ​។

ជាមួយ​គ្នា​នេះ ម្ចាស់​ខ្សែ​ក្រវាត់ ​២ ​ស្ថាប័ន ​ឌុម ​កែវដា បាន​​អះអាង​ថា​ រូប​គេ​​រំពឹង​ឈ្នះ​ប្រាក់​លាន​ ប៉ុន្តែ​ជើង​ថ្មី​វ័យ​ក្មេង​កីឡាករ ​ឡុង ​បេនលឿន​ កំពុង​ឡើង​កម្លាំង ​ជា​ឧបសគ្គ​ធំ​សម្រាប់​រូប​គេ ​​ស្រប​ពេល​ដែល​ជើង​ចាស់​ វ៉ែន ​ហុងជីវង្ស ធ្លាប់​សន្លប់​​​ក្រោម​ស្នាដៃ​របស់​គេ​នៅ​​ទឹក​ទី​៣​ ​ចំណែក​វត្តមាន​ជើង​ថ្មី​ ​រិទ្ធ ​ប៊ុនម៉ៅ ​គឺ​គ្មាន​បញ្ហា​លំបាក​ធំ​ដុំ​ទេ​ក្នុង​ការ​យក​ឈ្នះ​នោះ​។​

ឌុម​ កែវដា ​ដែល​បាន​សាង​ឈ្មោះ​ល្បី​ខ្លាំង ​ក្នុង​ឆ្នាំ ​២០១៦ ​និង ​២០១៧​ ដោយ​ប្រកួត​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន ​គឺ​ខារ៉ាបាវ ​១ ​និង​គុន​ខ្មែរ​អន្តរជាតិ ​១​ ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ ហើយ​ជា​បន្ត​បន្ទាប់ ​កែវ​ដា បាន​ក្លាយ​​ជា​កីឡាករ​ឈរ​ក្នុង​លំដាប់​ជួរ​មុខ ​ដែល​បង្ហាញ​វត្តមាន​ប្រកួត​ជក់​ចិត្ត ​និង​ពេញ​និយម​ មិន​ដែល​ធ្វើ​ឲ្យ​ខកខាន ​ឬ​ខូច​កម្មវិធី​ប្រកួត​របស់​គេ​ឡើយ​។ ​មិន​តែ​ប៉ុណ្ណោះ​តាមរយៈ​ប្រដាល់​ ឌុម ​កែវដា ​ទទួល​បាន​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ និង​ឡើង​ប្រកួត​បាន​លុយ​ជួយ​គ្រួសារ​ និង​ធ្វើ​ផ្ទះ​សំបែង​បាន​សមរម្យ​ទៀត​ផង​​។​

ឌុម​ កែវ​ដា ​និយាយ​ថា​៖ «​ក្នុង​ចំណោម​កីឡាករ ​៣ ​នាក់​នេះ ខ្ញុំ​គិត​ថា ​ឡុង ​បេនលឿន ​លំបាក​យក​ឈ្នះ​ជាង​គេ​ ​ព្រោះ​កម្លាំង​គាត់​នៅ​ថេរ​ល្អ​ណាស់​ បច្ចេកទេស​វាយ​ជង្គង់​ល្អ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា ​នឹង​យក​ឈ្នះ​បាន​ ព្រោះ​ខ្ញុំ​ស្គាល់​ពី​ក្បាច់​ប្រកួត និង​មាន​ល្បិច​ទប់ទល់ តែ​សុំ​មិន​ប្រាប់​មុន​ការ​ប្រកួត​នោះ​ទេ​»។

កែវ​ដា ​បន្ត​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ​ ឡុង ​បេនលឿន​ ចំនួន ​៣ ​លើក​ ដោយ​ឈ្នះ ​១​ និង​ចាញ់ ​២ លើក​ គឺ​ចាញ់​ផ្នែក​កម្លាំង ​និង​ស្នៀត​ជង្គង់​​នេះ​តែ​ម្តង ​ប៉ុន្តែ​សម្រាប់​ វ៉ែន ហុងជីវង្ស​ ជា​អតីត​មិត្ត​រួម​ក្លិប ​ខ្ញុំ​ធ្លាប់​វ៉ៃ​គាត់​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣​ និង​មាន​ឈ្នះ​ពិន្ទុ​ផង​ដែរ​ ​ចំណែក​ ​រិទ្ធ​ ប៊ុនម៉ៅ​ ខ្ញុំ​មិន​ដែល​ប៉ះ​​ទេ​ ប៉ុន្តែ​គ្មាន​ឧបសគ្គ​ធំ​ដុំ​គួរ​ឲ្យ​ខ្លាច​នោះ​ឡើយ​ ហើយ​តាមរយៈ​ការ​ហ្វឹកហាត់​កម្លាំង​ និង​បច្ចេកទេស ​ខ្ញុំ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​នឹង​ដណ្តើម​បាន​ប្រាក់​លាន​ក្នុង​សប្តាហ៍​នេះ​បាន ​គឺ ​៨០ ​ភាគរយ​រំពឹង​​ឈ្នះ​»។

ចំណែក​លោក​ គង់ ​ចាន់ធីណា​ អ្នក​គ្រប់គ្រង​ក្លិប​មកុដរាជសីហ៍ ​​បាន​និយាយ​ថា​៖ «​កែវដា ​អាច​ឈ្នះ​ដោយ​រំពឹង​ខ្ពស់​ ​ព្រោះ​វា​វ៉ៃ​ឆ្លាត ​ស្នៀត​ជង្គង់​ល្អ ​កែង​ល្អ ​និង​វាយ​សម្រុក​ខ្លាំង​ ដក​ថយ​បាន​លឿន ​ព្រម​ទាំង​មាន​ស្នៀត​ការពារ​បាន​ល្អ​ ហើយ​ការ​រំពឹង​ឈ្នះ​នេះ​ គឺ​យើង​វ៉ៃ​តាម​បច្ចេកទេស​យក​ពិន្ទុ​ឲ្យ​ចំ​គោលដៅ​ ដោយ​ចេញ​មួយៗ​ឲ្យ​ច្បាស់​ ​គឺ​ធានា​ឈ្នះ​បាន»​។​

ចំពោះ ឡុង ​បេនលឿន ​​ទើប​តែ​សាង​ឈ្មោះ​ល្បី​ ត្រឹម ​២ ​ឆ្នាំ​ ប៉ុន្តែ​ធ្វើ​ឲ្យ​ជើង​ចាស់​មួយ​ចំនួន​ចាញ់​មិន​តិច​ដែរ​ ហើយ​ចំពោះ​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​​នេះ ឡុង​ បេនលឿន​ និយាយ​ថា​៖ «ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​ដើម្បី​ឈ្នះ​ប្រាក់​នេះ​ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​មុន​ទេ ​ព្រោះ ​ឌុម ​កែវ​ដា ​ខ្ញុំ​ធ្លាប់​ប៉ះ​ ដោយ​​ឈ្នះ​ និង​​ចាញ់​តឹងតែង​បំផុត​ដូច​គ្នា​។ ​យ៉ាង​នេះ​ក្តី ​កែវដា ​ចាស់​វស្សា​ជាង ព្រម​ទាំង​មាន​​ល្បិច​ និង​បទពិសោធ​ល្អ​ជាង»​។

ជាមួយ​គ្នា​នេះ លោក ​ជួប ​វុត្ថា ​អ្នក​គ្រប់គ្រង​កីឡាករ​ប្រកួត​ប្រចាំ​សង្វៀន​ថោន​ប្រាប់​ថា​ គណៈកម្មការ​ផ្គូផ្គង​សម្រិត​សម្រាំង​ឲ្យ​ពួក​គេ​ជួប​គ្នា ​គឺ​ពិនិត្យ​លើ​ការ​អភិវឌ្ឍ​នូវ​ទិន្នន័យ​ការ​ប្រកួត​ថ្មីៗ​ ប៉ុន្តែ​វា​មិន​អាច​មាន​សមត្ថភាព​ស្មើ​គ្នា​ ១០០ ​ភាគរយ​នោះ​ទេ​ គឺ​ស្មើ​តែ​ទម្ងន់ ​ឯ​សមត្ថភាព​លំបាក​កំណត់​ឲ្យ​ប៉ុន​គ្នា​ណាស់​៕