ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់​ ណាម​ ម៉ូរ៉ាក់ ​មាន​ការ​ជឿជាក់​ថា រូប​គេ​អាច​នឹង​យក​ឈ្នះ​​លើ​​មិត្ត​រួម​ខេត្ត​បាត់ដំបង​ជាមួយ​គ្នា វ៉ែន​ ហុងជីវ៉ុង ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ TV5 Boxing Knock Out Serie ចំណែក​ជើង​ខ្លាំង​ជំនាន់​ថ្មី ខាំ សាបាន ក៏​ត្រូវ​ប្រជែង​នឹង រិន សារ័ត្ន នៅ​វគ្គ ​៨ ​នាក់​ចុង​​ក្រោយ នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​ដែរ។

ជាមួយ​នឹង​ឱកាស​វគ្គ​កាន់​តែ​សំខាន់​នេះ ​ណាម ​ម៉ូរ៉ាក់ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ ហើយ​ខ្ញុំ​​​តាំង​ចិត្ត​យក​ឈ្នះ​ វ៉ែន ហុងជីវ៉ុង​ ឲ្យ​បាន​ ដើម្បី​មាន​ឱកាស​ឡើង​ទៅ​កៅអី​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឲ្យ​បាន​ ​ព្រោះ​ដៃ​គូ​ដែល​ត្រូវ​ប្រជែង​មិន​ជា​ឧបសគ្គ​ធំ​ប៉ុន្មាន​នោះ​ទេ»​។​

តាម​ប្រវត្តិ​ និង​បទពិសោធ​លើ​សង្វៀន​ ​ណាម ​ម៉ូរ៉ាក់ ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​នៅ ​CTN ​ចំណែក ​វ៉ែន ហុងជីវ៉ុង ​មិន​ធ្លាប់​ឈ្នះ​ពាន ​ឬ​ខ្សែ​ក្រវាត់​នោះ​ឡើយ​ ហើយ​កាល​ពី​ឆ្នាំ ​២០១៨​ ពួក​គេ​ធ្លាប់​ប៉ះ​​គ្នា​ ក្នុង​កម្មវិធី​គូបូតា ​នៅ​ខេត្ត​បាត់​ដំបង ដោយ​បាន​ស្មើ​គ្នា​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ ២ មាន​ការ​​រីក​ចម្រើន​រៀងៗ​ខ្លួន គឺ​ ណាម​ ម៉ូរ៉ាក់​ ជំនាញ​កណ្តាប់​ដៃ ​វ៉ៃ​លុក​ខ្លាំង​គ្មាន​ញញើត ​ចំណែក​ វ៉ែន​ ហុងជីវ៉ុង​ ជំនាញ​ក្បាច់​ជង្គង់ ​ភាគ​ច្រើន​ទប់ទល់​វ៉ៃ​តាម​បច្ចេកទេស​។

លោក ​វ៉ែន ​សុវណ្ណ ​ជា​បង​បង្កើត​បាន​ប្រាប់​ថា​៖ «ហុងជីវ៉ុង​ ហ្វឹកហាត់​មិន​សូវ​បាន​ល្អ​ដោយ​ជាប់​ការងារ​ច្រើន ​មើល​គោ​ និង​ការងារ​ផ្ទះ ​ប៉ុន្តែ​ធានា​វ៉ៃ​បាន​ល្អ​ ពិសេស​ស្នៀត​ជង្គង់​នឹង​ធ្វើ​ឲ្យ ​ណាម ​ម៉ូរ៉ាក់ ​លំបាក​ចូល​កៀក​ណាស់​»។

ចំណែក វ៉ែន ហុងជីវ៉ុង​ បាន​និយាយ​ថា៖ ​«បើ​ខ្ញុំ​ចាប់​បាន​លេង​ក្បាច់​ជង្គង់​នោះ​ ណាម​ ម៉ូរ៉ាក់​ អាច​នឹង​សន្លប់ ​ប៉ុន្តែ​វា​ស៊ី​សង​ប្រកួត​ជាក់​ស្តែង​ ​ព្រោះ​គេ​ល្អ​កណ្តាប់​ដៃ​មែន​ ដែល​លំបាក​ក្នុង​ការ​បិទ​​ដែរ​»។​ ទោះ​ជា​យ៉ាង​ណា​សម្រាប់​ ណាម​ ម៉ូ​រ៉ាក់ ​និង​គ្រូ​បង្វឹក​លោក​ សៅ​ ប៊ុន​ធិន បាន​​អះអាង​ថា ​​សង្ឃឹម​ឈ្នះ​លើ​ ​វ៉ែន ហុងជីវ៉ុង​ ៨០ ​ភាគរយ ​ព្រម​ទាំង​មាន​គោលដៅ​ ឈាន​ឲ្យ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត​ផង។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ ​២ ​លើក​កន្លង​មក​នេះ ណាម​ ម៉ូរ៉ាក់ បាន​​ឈ្នះ ​មាស សារ៉ាក់​ ​​ដោយ​ពិន្ទុ​នៅ​ជុំ​ទី​១ និង​បន្ត​ឈ្នះ​ដោយ​​ស្វ័យ​ប្រវត្តិ​លើ ​វេន សុភ័ក្រ​ ដោយ​មាន​បញ្ហា​សុខភាព នៅ​ជុំ​ទី​២ ចំណែក ​វ៉ែន ​ហុងជីវ៉ុង ​បាន​​​ឈ្នះ​ ​សុខ ​សុវណ្ណ​ ដោយ​ពិន្ទុ​នៅ​ជុំ​ទី​១​ និង​បន្ត​ឈ្នះ​ សោម ​ស៊ីថៃ​ ​ដោយ​ពិន្ទុ​នៅ​ជុំ​ទី​២​។

ចំណែក​ការ​ជួប​គ្នា​រវាង ខាំ​ សាបាន និង រិន សារ័ត្ន ត្រូវ​បាន​គេ​ផ្តល់​ទំនុក​ចិត្ត​ទៅ​លើ សារ័ត្ន ដោយ​កីឡាករ​ម្នាក់​នេះ មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង ខាំ សាបាន ប៉ុន្តែ​ សាបាន ក៏​ធ្លាប់​បាន​យក​ឈ្នះ​កីឡាករ​ជើង​ចាស់​ច្រើន​ផង​ដែរ ខណៈ​ការ​ប្រកួត​ជម្រុះ ​២ ​លើក​កន្លង​មក​នេះ ​ខាំ​សាបាន ​បាន​​ឈ្នះ ពុទ្ធ ​អ៊ុំអ៊័ន​ និង អៀប លីឆា​ ​ដោយ​ពិន្ទុ​ដូច​គ្នា ​​ចំណែក ​រិន សារ័ត្ន​ ​បាន​ឈ្នះ ​សល់ ​ពិសិដ្ឋ​ ដែល​រក្សា​ទម្ងន់​មិន​បាន​ និង​ជុំ​ទី​២ ​ឈ្នះ អ៊ុំ កំសត់​ ​ដោយ​ពិន្ទុ។

ដោយ​ឡែក​ យុគ​ យក្សផ្លែ​ ដែល​ទើប​​ចាញ់ Kamlayok ​នោះ ត្រូវ​​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ជាមួយ​​អ្នក​ប្រដាល់​ថៃ Khav Niev ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាម នៅ​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ​។

លោក ​ថៃ ​អ៊ូ ​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា​៖ ​«Khav Niev ​នេះ ជា​ជើង​ថ្មី​ មិន​ទាន់​ដឹង​សមត្ថភាព​កម្រិត​ណា​ ឬ​ជំនាញ​ផ្នែក​អី​នោះ​ទេ ​ប៉ុន្តែ​លទ្ធផល​ចាញ់ ​ឬ​ឈ្នះ​ពិត​ជា​តឹងតែង​ល្អ​មើល​»៕​​