ភ្នំពេញៈ អ្នកលេង​កណ្តាប់ដៃ​ធ្ងន់ ណាម ម៉ូរ៉ាក់ មក​ក្លិប​សាមគ្គី​ខេត្តបាត់ដំបង បាន​ចាញ់​មិត្ត​រួម​ខេត្ត វ៉ែន ហុងជីវ៉ុង ក្លិប​កងកេង​បាត់ដំបង​ដោយ​អស់ចិត្ត នៅក្នុង​ការប្រកួត​ជម្រុះ​ដណ្តើមពាន TV5 Boxing Knock Out Serie ចំណែក​ជើង​ថ្មី ខាំ សាបាន ក៏​បាន​ទទួលស្គាល់​ពី​ការធ្លាក់​ចេញ​ត្រឹម​វគ្គ​ ៨ ​នាក់​ចុង​ក្រោយនេះ ក្រោម​ស្នាដៃ​កីឡាករ​ជើងចាស់ រិន សារ័ត្ន ផងដែរ​។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ ការចូល​វាយ​សម្រុក​របស់ ណាម ម៉ូរ៉ាក់ មិនសូវ​ចំ​គោលដៅ​នោះទេ ព្រោះ​ក្បាច់​ទាត់​របស់ វ៉ែន ហុងជីវ៉ុង វាយ​ចំ​ល្អ និង​មាន​ប្រសិទ្ធភាព​ជាង​។ ​បន្ថែម​ពីលើ​នេះ​ស្នៀត​កែង​របស់ វ៉ែន ហុងជីវ៉ុង បាន​បន្សល់​ស្នាម​បែក​ហូរឈាម​ឲ្យ ណាម ម៉ូរ៉ាក់ ​តាំងពី​ទឹក​ទី​ ២ ដែល​ធ្វើឲ្យ​អាជ្ញាកណ្តាល រិទ្ធ ឌីណា ជូត​ឈាម​នៅ​ស្នាម​បែក​ជាច្រើន​លើក និង​គ្រូពេទ្យ​ដេរ​ដល់​ទៅ​ ៨ ​ថ្នេរ​ឯណោះ​។

ស្រដៀង​គ្នា​នេះ កីឡាករ ខាំ សាបាន របស់​ក្លិប​រ៉ាហាប់​ស្វាយប៉ាក​ត្រូវ​បាន​កីឡាករ រិនសារ័ត្ន ទាត់​ស្កាត់​បាន​ល្អ គ្មាន​ឱកាស​បាន​វ៉ៃ​កណ្តាប់ដៃ​ចូល​គោលដៅ​នោះ​ឡើយ ហើយ ណាម ម៉ូរ៉ាក់ និង ខាំ សាបាន សុទ្ធតែ​ទទួលស្គាល់​ថា ខ្លួន​ចាញ់​ដោយ​អស់​ចិត្ត ខណៈ​ដែល​ស្នៀត​កណ្តាប់ដៃ​វាយ​មិន​ចូល​គោលដៅ​ដូចគ្នា​គឺ​ធ្វើឲ្យ វ៉ែន ហុងជីវ៉ុង និង រិន សារ័ត្ន ទទួលបាន​ឱកាស​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​យក​ទឹកប្រាក់​ ៤ ០០០ ​ដុល្លារ និង​ពាន​ក្នុង​ទម្ងន់​ ៦៣,៥ ​គីឡូ​ក្រុម​រដូវកាល​ទី​ ៧ ឆ្នាំ​ ២០២០ ​នេះ​។

កីឡាករ ណាម ម៉ូរ៉ាក់ បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ចាញ់​ក្នុង​ការប្រកួត​នេះ ដោយសារ​ខ្ញុំ​ចូល​វាយ​មិន​ចុះ ព្រោះ​គាត់​ទាត់​ស្កាត់​បានល្អ ហើយ​ពេល​ឱប​ចាញ់​ក្បាច់​កាច់​ឡើង​ជង្គង់​ទៀត​។ ខ្ញុំ​ព្យាយាម​ចូល​វាយ​ពោះ​ទឹក និង​មុខ ប៉ុន្តែ​គេ​ទាត់​ស្កាត់ និង​វាយ​កែង​ឲ្យ​ខ្ញុំ​បែក​ឈាម គឺ​កាន់តែ​សម្រុក​កាន់តែ​ត្រូវ​ធ្ងន់​មកវិញ​។ ខ្ញុំ​មិន​អស់កម្លាំង​ទេ ប៉ុន្តែ​ការប្រកួត​មានតែ​ចំនួន ៣ ​ទឹក ខ្ញុំ​អស់​ឱកាស​វ៉ៃ​គេ​ឲ្យ​សន្លប់​»​។

ស្រដៀង​គ្នា​នេះ កីឡាករ ខាំ សាបាន បាន​ចាញ់ ដោយសារ​ចាញ់​ស្នៀត​ទាត់​ស្កាត់​ចូល​គោលដៅ​ពេញៗ​របស់ រិន សារ័ត្ន ដូចគ្នា​។ បឺត សំខាន់ ជា​គ្រូបង្វឹក ដែល​នៅ​ឲ្យ​ទឹក ខាំ សាបាន ​ផ្ទាល់​បាន​និយាយថា​៖ «​កូនសិស្ស​យើង​នៅ​ខ្ចី​ជាងគេ បទពិសោធ​តិចជាងគេ គឺ​យើង​ចាញ់​មែន​ត្រង់ចំណុច​ទាត់​ចេញ​របស់គេ​ល្អ​ជាង និង​បាន​ពិន្ទុ ខណៈ​ក្បាច់​កណ្តាប់ដៃ​វាយ​ចេញ​របស់​យើង មិន​ដល់​គោលដៅ​»​។

ផ្ទុយ​ពីនេះ រិន សារ័ត្ន និង វ៉ែន ហុងជីវ៉ុង ដែល​ត្រូវ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​បន្ត​នោះ​បាន​ប្រាប់​ក្រោយ​ប្រកួត​ថា នឹង​ខំ​ហ្វឹកហាត់​ឲ្យ​បានល្អ ប៉ុន្តែ​មិន​ហ៊ាន​អះអាងថា​អាច​យកឈ្នះ​គ្នា​ក្នុង​លក្ខណៈ​បែបណា​ទេ ព្រោះ​ពួកគេ​ទាំង​ ២ ​នេះ​ចាស់វស្សា​ដូចគ្នា និង​ធ្លាប់​ស្គាល់​រាប់អាន​គ្នា និង​ហ្វឹកហាត់​ជាមួយគ្នា​ទៀតផង​។ រិន សារ័ត្ន បញ្ជាក់ថា​៖ «​ខ្ញុំ​ឡើង​វ៉ៃ​អត់​គិតពី​មិត្តភក្តិ​អី​ទេ ព្រោះ​ត្រូវការ​ឈ្នះ​ដូចគ្នា ដោយសារ​វគ្គ​ទី​ ៤ ​នោះ​សំខាន់​កិត្តិយស និង​ប្រាក់រង្វាន់​ច្រើន​ផង​»​។

ចំណែក​គូ​មិត្តភាព​អន្តរជាតិ​វិញ យុគ យក្សផ្លែ នៅតែ​បន្ត​ចាញ់​កីឡាករ​ជើង​ថ្មី​របស់​ថៃ​ Khav Neav បន្ទាប់ពី​ប្រកួត​គ្នា​ស្វិតស្វាញ​ចំនួន​ ៥ ​ទឹក​ពេញ​។ ទោះជា​យ៉ាងណា លោក អូឡា ឡា ជំនួយការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ បាន​ហៅ​គូ​នេះ​ថា ជា​គូ​ជក់ចិត្ត​បំផុត ហើយ​លោក​បានសម្រេច​ដាក់​ឲ្យ​ពួកគេ​ឡើង​ប្រកួត​គ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយនេះ​ម្តងទៀត ព្រោះ​សមត្ថភាព​របស់​អ្នក​ទាំង​ ២ គឺ​ចាញ់ឈ្នះ​គ្នា​ក្នុង​លក្ខណៈ​តឹងតែង​ណាស់ ដែល​មហាជន​អ្នកទស្សនា​ពេញចិត្ត សុំ​ឲ្យ​សងសឹក​គ្នា​ឡើងវិញ​៕