ភ្នំពេញ៖ ក្រុម​ម្ចាស់​ជើង​ឯក​លីកកំពូល​កម្ពុជា ឆ្នាំ ​២០១៨ ណាហ្គាវើល ​បាន​ជួបការ​បរាជ័យ​ដ៏​ជូរ​ចត់ជាង​ក្រុមណាៗ​ ទាំង​អស់ នៅ​​ក្នុងការ​ប្រកួត​បើក​ឆាក​​ពាន​រង្វាន់ AFC Cup 2019 ខណៈ​ពួក​គេ បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Hanoi FC រហូត​ដល់ ១០ គ្រាប់​នោះ។

វាស្ទើរ​ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ នៅ​ពេល​ក្រុម​ជើង​ឯក​​លីកកំពូល​កម្ពុជា ណាហ្គាវើល បាន​ទៅ​ចាញ់​ក្រុម​ជើង​ឯក​លីកកំពូល​វៀតណាម Hanoi FC រហូត​ដល់ ១០-០ នោះ ប៉ុន្តែ​​លទ្ធ​ផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ​ពិតជា​បាន​កើត​មាន​ឡើង នៅ​ពហុកីឡដ្ឋាន Hang Day Stadium ក្នុង​ទី​ក្រុង​ហាណូយ កាល​ពី​យប់​ថ្ងៃ​អង្គារ ខណៈ​ក្រុម​ណាហ្គាវើល មិនអាច​ទប់​ទល់​ជាមួយ​ទម្រង់​លេងដ៏​ល្អ​របស់​ក្រុម Hanoi បាននោះ។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល បាន​បង្ហាញ​ការ​បារម្ភ​​​តាំង​ពី​មុន​ការ​ប្រកួត ព្រោះ​​ការ​​​លេង​​ក្រៅ​ទឹក​ដី​នេះ ​ណាហ្គាវើល ត្រូវ​ជម្នះ​ទាំង​អាកាស​ធាតុ​ត្រជាក់ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត នៅ​លើ​ទឹក​ដី​ក្រុង​ហាណូយ ពិសេស​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម Hanoi ដែល​មានសមាជិក​ក្រុម​ជម្រើសជាតិ​វៀតណាម រហូត​ដល់​ ៨ ​នាក់ ហើយ​អ្នកទាំង​នេះ ​ទើប​តែ​បានរួម​ចំណែក​​ជួយ​ក្រុម​វៀតណាម ឲ្យ​ឡើង​ទៅ​ដល់​វគ្គ ​៨ ​ក្រុម នៃ​ពាន​ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019។

បន្ថែម​លើ​នេះ ក្រុម Hanoi មាន​កីឡាកបរទេស​មាន​គុណ​ភាពចំនួន ​៤ ​នាក់ ចូល​រួម​​ជួយ​​ផដែរ​ មាន​ខ្សែ​​ប្រយុទ្ធ​នីហ្សេរីយ៉ាពាក់លេខ​ ៩០ Ganiyu Oseni ខ្សែ​ប្រយុទ្ធសេនីហ្គាល់​ពាក់លេខ ​​២០ Pape Omar ខ្សែ​បម្រើអូហ្គង់ដា​ពាក់​លេខ ​៨ Moses Oloya និងខ្សែ​ការពារជន​ជាតិ​ហ្កាម​ពាក់​លេខ​ ១៤ Brandon McDonald​ ហើយ​អ្នក​ទាំង​នេះ បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ ​នៅ​ក្នយង​ការ​​យក​ឈ្នះ​​ក្រុមណាហ្គាវើល ១០-០ លើក​នេះ។

ការ​នាំ​មុខ​ក្រុម​ណាហ្គាវើល ចំនួន​​ ៤​ គ្រាប់ នៅតង់​ទី១ និងការ​បន្ថែម​៦​គ្រាប់​ទៀត នៅ​តង់ទី២​ នេះ ខ្សែ​ប្រយុទ្ធ Ganiyu Oseni រក​បាន​៤​គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី ទី ​១៣ ៦៨ ៧៥ និង​ ៨១ ខណៈ Do Duy Manh រក​បាន​គ្រាប់បាល់បើក​ឆាក​នៅនាទី ទី​ ៦ មុន​ពេល Nguyen Van Quyet ជា​ប្រធាន​ក្រុម ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​បានសម្រេច នៅនាទី ទី​​ ៤៤ ឯ Do Hung Dung រក​បាន​ ១​ គ្រាប់ នៅនាទីទី​ ​៤៨ Nguyen Van Dung នៅនាទី ទី ​៧២ Ngan Van Dai នៅនាទី ទី​ ៨៨ ហើយ ​១ ​គ្រាប់​ទៀត ជា​ការ​ភ្លាត់​ធ្វើ​ឲ្យចូល​ទី​ខ្លួន​ឯង​របស់​​កីឡាករ ឡេង មករា នៅនាទី ទី​​ ១៨។

ជាមួយ​ការ​ចាញ់​ក្រុម Hanoi FC រហូត​ដល់ ១០-០ នេះ​ វា​បាន​ក្លាយជា​លទ្ធ​ផល​ដ៏​អាក្រក់ ដែល​​ក្រុម​ណាហ្គាវើល ​របស់​​កម្ពុជា មិន​ធ្លាប់ជួប​ប្រទះ​កន្លង​មក​នោះ​ទេ ហើយ​​ការ​បូត ​​១០​​ គ្រាប់​នេះ វាជាលទ្ធផល ដែល​មាន​គម្លាត​ឆ្ងាយ​ពី​លទ្ធផល​នៃ​ការ​ប្រកួត​បើក​ឆាក​រវាង​ក្រុម​ឈរ​នៅ​ពូល​ផ្សេងៗ​ទៀត នា​ថ្ងៃ​បើក​ឆាក​ពាន AFC Cup 2019 នេះ​ដែរ។

នៅ​ក្នុងការ​ប្រកួត​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ ក្រុម​លេខ ​៤ ​លីក​កំពូល​សិង្ហបុរី Tampines Rovers Tampines ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើង​លីកកំពូល​មីយ៉ាន់ម៉ា Yangon United ៣-១ ដើម្បី​ឈរ​នៅ​លេខ​ ២ ​ប្រចាំ​ពូល​Fនេះ ដោយ​មាន​៣ ពិន្ទុ​ស្មើ​ក្រុម​ឈរ​នៅលេខ​ ១ Hanoi FC ខណៈ Yongon United និង​ណាហ្គាវើល ដែល​ត្រូវ​​ជួប​គ្នា នៅ​ថ្ងៃ​ទី​ ១២ ខែមីនា គឺ​មាន​សូន្យ​ពិន្ទុ​ដូច​គ្នា។

,លទ្ធផលការ​ប្រកួតបើក​ឆាកពូល​ផ្សេងៗ​ទៀត

ពូលA

-​ក្រុម Al-Wehdat (​ហ្ស៊កដានី) ១-០ ​Nejmeh (លីបង់)

- Al-Jaish (ស៊ីរី) ១-១ Hilal Al-Quds (ប៉ាឡេស្ទីន)

ពូល​B

- Al-Kuwait (កូវ៉ែត) ០-០ Al-Lttihad (ស៊ីរី)

- Al-Najma (បារ៉ែន) ១-១ Al-Jazeera (ហ្ស៊ក់ដានី)

ពូលC

- Malkiya (បារ៉ែន) ២-១ Al-Suwaiq (អូមេន)

- Al-Ahed (លីបង់) ០-០ Al-Qadsia (កូវ៉ែត)

ពូល​G

-Ceres-Negros (ហ្វីលីពីន) ៣-២ Shan United (មីយ៉ាន់ម៉ា)

- Persiga Jakarta (ឥណ្ឌូនេស៊ី) ០-០ Becamex Binh Duong (វៀតណាម)