ភ្នំពេញ៖ អតីតក្រុមជើងឯក ណាហ្គាវើល បានត្រៀមរួចរាល់ នូវកម្លាំងស្នូលដ៏សំខាន់ៗរបស់ខ្លួន ដើម្បីលេងមួយទំហឹង ជាមួយក្រុមទើបលើកពាន ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតបិទរដូវកាលលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ។
បើទោះបីជាពេលនេះ ណាហ្គាឈរនៅលេខ ៣ មាន ៥២ ពិន្ទុ តិចជាងក្រុមឈរនៅលេខ ២ វិសាខា មាន ៥៥ ពិន្ទុ តែការមានគ្រប់បាល់ចំណាយច្រើនជាង វិសាខា ចំនួន ៤គ្រាប់ នៅតែធ្វើឲ្យគ្រូណាហ្គាវើល លោក មាស ចាន់ណា មានរំពឹងតិចតួច ក្នុងការប្រជែងយកលេខ ២ បើសិនជាពួកគេ អាចយកឈ្នះក្រុមស្វាយរៀង ស្របពេល វិសាខា ភ្លាត់ទៅចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនោះ។
លោក មាស ចាន់ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងពិតជាចង់ឈ្នះក្រុមស្វាយរៀង សម្រាប់ការប្រកួតបិទរដូវកាល នេះ។ បើទោះបីជា ពេលនេះយើងឈរនៅលេខ ៣ តែយើងក៏នៅមានឱកាសអ៊ុតដែរ គឺមានន័យថា បើវិសាខា ភ្លាត់ចាញ់ក្រុមប៉ូលិស ហើយយើងឈ្នះស្វាយរៀង នោះយើងនឹងទទួលបានលេខ ២»។
តាមប្រវត្តិជួបគ្នាជំនួន ៥ លើក ក្នុងលីកកំពូលកម្ពុជានេះ ក្រុមស្វាយរៀង មិនធ្លាប់បានឈ្នះណាហ្គាវើល នោះទេ គឺពួកគេបានចាញ់ ៣-១ និង ២-១ កាលឆ្នាំ ២០១៧ រួចបន្តចាញ់ ៤-០ និងស្មើគ្នា ០-០ កាលពីឆ្នាំ ២០១៨។ ឯការជួបគ្នាជើងទី ១ ក្នុងរដូវកាលឆ្នាំ ២០១៩ នេះ ស្វាយរៀង បានត្រឹមស្មើ ណាហ្គាវើល ០-០ នៅលើទឹកដីខ្លួនឯង។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតចំនួន ២៥ លើក ក្នុងរដូវកាលនេះ ស្វាយរៀង មិនធ្លាប់ចាញ់សោះ ដោយពួកគេបានឈ្នះ ២០ និងស្មើ ៥ ហើយការមាន ៦៥ ពិន្ទុ ដាច់ឆ្ងាយពីក្រុមផ្សេងៗនេះ បានជួយឲ្យ ក្រុមស្វាយរៀង លើកពានជាផ្លូវការតាំងពីថ្ងៃអាទិត្យ សប្តាហ៍ទី ២៥ ក្រោយពេលពួកគេបានយកឈ្នះអាស៊ីអឺរ៉ុប ៦-១។
លោក មាស ចាន់ណា បានបន្ថែមថា៖ «ក្រុមស្វាយរៀង បានលើកពានរួចទៅហើយ ហើយគាត់ក៏ត្រូវត្រៀមប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយក្រុមបឹងកេត ទៀត អ៊ីចឹងបើគាត់ដាក់កីឡាករល្អៗឲ្យលេងទាំងអស់ ឬលេងមួយទំហឹង ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់ វាជារឿងរបស់គាត់ ចំណែកខាងខ្ញុំ ដឹងតែលេងមួយទំហឹងហើយ គឺយើងមិនបារម្ភលើការពិន័យកាតទៀតនោះទេ ព្រោះនេះជាការប្រកួតបិទរដូវកាល អ៊ីចឹងយើងនឹងលេងដោយបច្ចេកទេស ១០០ ភាគរយពេញ ជាមួយស្វាយរៀង»។
យ៉ាងណាក៏ដោយ លោក ជូ សារឿន គ្រូជំនួយក្រុមស្វាយរៀង ប្រាប់ថា ក្រុមរបស់លោកអាចនឹងទុកកីឡាករខ្មែរល្អៗមួយចំនួន។ លោក ជូ សារឿន បាននិយាយថា៖ «ការប្រកួតលើកចុងក្រោយជាមួយក្រុមណាហ្គាវើល ក៏យើងត្រូវការឈ្នះដែរ ប៉ុន្តែយើងត្រូវតែទុកជើងកីឡាករខ្មែរល្អៗមួយចំនួន ដើម្បីត្រៀមលេងផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ជាមួយក្រុមបឹងកេត»។
ចំណែក ក្រុមបឹងកេត មានសម្ពាធខ្លាំងជាងក្រុមស្វាយរៀងទៅទៀត ព្រោះការប្រកួតលើកនេះ ពួកគេត្រូវបន្តយកឈ្នះក្រុមគិរីវង់សុខសែនជ័យឲ្យបាន ទើបអាចទទួលបានលេខ ៤ ដែលពួកគេ កំពុងគ្រប់គ្រង។ ផ្ទុយទៅវិញ បើពួកគេចាញ់ នោះចំណាត់ថ្នាក់លេខ ៤ នឹងអាចធ្លាក់ទៅលើក្រុមអង្គរថាយហ្គឺរ វិញ ព្រោះអង្គរថាយហ្គឺរ មានភាគរយខ្ពស់បំផុត ក្នុងការបន្តយកឈ្នះលើក្រុមអគ្គិសនីកម្ពុជា ខណៈពេលនេះ អង្គរថាយហ្គឺរ មាន ៤៦ ពិន្ទុ តិចជាងបឹងកេត ៣ ពិន្ទុ ប៉ុន្តែអង្គរថាយហ្គឺរ មានគ្រាប់បាល់ចំណេញច្រើនជាង បឹងកេត ចំនួន ៤ គ្រាប់៕
កម្មវិធីប្រកួតនៅថ្ងៃសុក្រ
-ណាហ្គាវើល v ស្វាយរៀង កីឡដ្ឋានស្តាតចាស់ ៣:៣០
-បឹងកេត v គិរីវង់ កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ៣:៣០
-ប៉ូលិស v វិសាខា កីឡដ្ឋានអគ្គិសនីកម្ពុជា ៣:៣០
៣ ប្រកួត នៅថ្ងៃសៅរ៍
-ភ្នំពេញក្រោន v ខេត្តកំពង់ចាម កីឡដ្ឋាន RSN ៣:៣០
-អគ្គិសនីកម្ពុជា v អង្គរថាយហ្គឺរ កីឡដ្ឋានអគ្គិសនីកម្ពុជា ៣:៣០
-អាស៊ីអឺរ៉ុប v ទ័ព កីឡដ្ឋាន AEU Sport Park ៣:៣០