ភ្នំពេញ៖ ​ក្រុម​ខ្លាំង វិសាខា នឹង​ត្រូវ​​ប្រឈម​ជាមួយ​ក្រុម​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង ភ្នំពេញ​ក្រោន សម្រាប់​ការ​បើក​ឲ្យ​ដំណើការ​វិញ​នៃ​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០២០ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ចំណែក​ណាហ្គាវើល ត្រូវ​ប្រជែង​នឹង​​ក្រុម Tiffy Army FC (ទ័ព) ខណៈ​ក្រុម​ទាំង ​២ ​នេះ សុទ្ធ​តែ​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​ក្រុម​ម្ចាស់​ជើងឯក ​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​លេង​ដោយ​គ្មាន​សម្ពាធ​សម្រាប់​ការ​វិល​មក​កាន់​វាលស្មៅ​ជា​ថ្មី​នេះ។

ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន និង​​វិសាខា នៅ​ថ្ងៃ​អាទិត្យ​នេះ វា​បាន​ក្លាយជា​ការ​ប្រកួត​ធំ​ជាង​គេ ខណៈ​ក្រុម​ទាំង ​២ សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ ដើម្បី​ដោះស្រាយ​សម្ពាធ​នៅ​ជុំវិញ​ខ្លួន។ ភ្នំពេញ​ក្រោន ត្រូវ​ការ​ឈ្នះ ដើម្បី​រក្សា​តំបន់​កំពូល​តារាង​របស់​ខ្លួន​ពី​ការ​ប្រជែង​របស់​ក្រុម​ស្វាយរៀង ដែល​នឹង​លេង​ដោយ​គ្មាន​សម្ពាធ ហើយ​អាច​នឹង​ឈ្នះ​បាន ​៣ ពិន្ទុ ខណៈ​ពួក​គេ​ត្រូវ​ជួប​ក្រុម​​មាន​បទពិសោធ​ក្មេង​ខ្ចី យុវជន​បាទី​អាយុ​ក្រោម ​១៨ ​ឆ្នាំ​នោះ។

ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោន​ Paul Omogba ​និយាយ​ថា៖​ «អ្វី​ដែល​យើង​រៀបចំ​នៅ​ពេល​នេះ គឺ​ដើម្បី​ឈ្នះ​​ការ​ប្រកួត និង​ធ្វើ​ឲ្យ​បាន​ល្អ ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​យើង។ ពួក​យើង​ធ្វើ​ការ​ខ្លាំង​ណាស់ ​សម្រាប់​ការ​ត្រលប់​មក​វិញ​នេះ គឺ​ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ទាំង​កម្លាំង និង​ស្មារតី ​ចាប់​តាំង​ពី​យើង​បាន​ឈរ​នៅ​កំពូល​តារាង​​មក​ អ៊ីចឹង​យើង​ត្រូវ​តែ​រក្សា​តំណែង​នេះ និង​​បន្ត​វា​រហូត​ដល់​អ្វីៗ​បាន​បញ្ចប់»។

យ៉ាង​ណា​ក៏​ដោយ​ លទ្ធផល​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ ព្រោះ​ក្រុម​វិសាខា ក៏​ត្រូវ​ការ​ឈ្នះ​ខ្លាំង​បំផុត​ដូច​គ្នា ដើម្បី​រក្សា​ទីតាំង​លេខ ​៣ ​ដូច​គ្នា ព្រោះ​បើ​ពួក​គេ​ចាញ់​ ក្រោន លើក​នេះ វិសាខា អាច​នឹង​ធ្លាក់​ចេញ​ពី​តំបន់ Top6 បាន ​ដ្បិត​អី​អង្គរថាយហ្គឺរ បឹងកេត ណាហ្គាវើល និង​ក្រុមទ័ព សុទ្ធ​តែ​មាន ៨ ពិន្ទុ​ស្មើ​​វិសាខា ខណៈ​ការ​ប្រកួត​សប្តាហ៍​ទី​៦ ​នេះ បឹងកេត និង​អង្គរ​ថាយហ្គឺរ សុទ្ធ​តែ​មាន​លទ្ធភាព​ខ្ពស់​ឈ្នះ ​៣ ពិន្ទុ។

ដោយ​ឡែក​គ្រូ​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន​និង​កំពុង​លៃលក​រៀបចំ​យុទ្ធសាស្រ្ត និង​កលល្បិច ដើម្បី​ប្រជែង​យក ​៣ ពិន្ទុ​ជាមួយ​ក្រុមទ័ព ដែល​កំពុង​ដាក់​គោល​ដៅ​ខ្ពស់ ខណៈ​ជំនួប​នេះ​ខ្សែ​ប្រយុទ្ធ​ជប៉ុន Naruse Yuta មិន​អាច​ជួយ​ណាហ្គាវើល​បា​នទេ ដោយសារ​មាន​របួស​ជាប់​ខ្លួន ហើយ​កីឡាករ​ខ្មែរ ២ នាក់​ទៀត ក៏​មាន​របួស​មិន​អាច​ចូល​លេង​បាន​ដូច​គ្នា។

លោក មាស ចាន់ណា បាន​ប្រាប់ថា៖ ​«យើង​ត្រៀម​បាន​ល្អ​ដែរ គ្រាន់​តែ​យើង​មាន​កីឡាករ​របួស ​៣ នាក់ ប៉ុន្តែ​សម្រាប់​ខ្ញុំ ទោះបី​អត់​កីឡាករ​ ៣ នាក់​នេះ ក៏​មិន​ទាន់​អី​ដែរ ដោយសារ​យើង​មាន​ការ​ប្រែប្រួល​របៀប​លេង ហើយ​ជា​ទូទៅ​ពេល​ក្រុម​ខ្លាំង​ប៉ះគ្នា ​មិន​ស្រួល​រៀង​ខ្លួន ​គឺ​វា​អាស្រ័យ​ទៅ​លើ​កលល្បិច​ផ្ទាល់​ខ្លួន​ពេល​ប្រកួត​ជាក់​ស្តែង។ អ៊ីចឹង​​យើង​មិន​អាច​និយាយ​មុន​ថា ជួប​ក្រុម​នេះ ឬ​ក្រុម​នោះ ដឹង​តែ​ឈ្នះ​​​ទេ ចំណែក​ក្រុម​ទ័ព ក៏​មិន​អាច​និយាយ​ថា ដឹង​តែ​ឈ្នះ​ក្រុម​ខ្ញុំ​ដូច​គ្នា​ គឺ​មិន​អាច​ទេ ទោះបី​ជា​ក្រុម​ខ្ញុំ​បាត់​កីឡាករ​អស់ ​៥ នាក់​ក៏​ដោយ ព្រោះ​ក្រុម ១ ដែល​ស្ថិត​នៅ Top4 ឬ Top5 សុទ្ធ​តែ​មាន​កីឡាករ​បម្រុង​ល្អៗ ដើម្បី​ត្រៀម​ដាក់​ជំនួស»។

ចំណែក​លោក តែម ម៉ឺន អនុប្រធាន​សមាគម​កីឡា​បាល់ទាត់​កងយោធពល​ខេមរ​ភូមិន្ទ បាន​ប្រាប់​ថា៖​ ​«​យើង​បាន​ហ្វឹកហាត់​រហូត និង​ប្រកួត​សម ដើម្បី​ពង្រឹង​សមត្ថភាព ត្រៀម​ការ​ប្រកួត​នេះ ហើយ​គោលដៅ​​របស់​យើង គឺ​ត្រូវ​តែ​ប្រឹងប្រែង ធ្វើ​ម៉េច​ជួយ​ក្រុម​ឲ្យ​ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​ គឺ​បើ​ទទួល​បាន​លេខ ​១ កាន់​តែ​ទទួល​បាន​ជោគជ័យ​ថែម​ទៀត»៕

កម្ម​វិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-បឹងកេត v សូលទីឡូអង្គរ កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-យុវជន​បាទី v ស្វាយរៀង ​កីឡដ្ឋាន​មជ្ឈ.បាល់ទាត់​ជាតិ​បាទី ៣:៣០

-នគរបាល​ជាតិ v គិរីវង់ កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ ៣:៣០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-អគ្គិសនី​កម្ពុជា v អង្គរ​ថាយហ្គឺរ កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០

-ណាហ្គាវើល v ទ័ព កីឡដ្ឋាន ស្តាតចាស់ ៦:០០

-ភ្នំពេញ​ក្រោន v វិសាខា កីឡដ្ឋាន RSN ៦:០០