ភ្នំពេញ: ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ណាហ្គាវើល នឹង​ត្រូវ​បើកទ្វារ​ពហុកីឡដ្ឋានជាតិ​ស្វាគមន៍​ក្រុម Tampines Rovers របស់​សិង្ហបុរី​ដើម្បី​ធ្វើការ​ប្រកួត​ជា​លើក​ទី​ ៣ ​នៃ​ពានរង្វាន់ AFC Cup 2019 នា​ល្ងាច​ម៉ោង ៥:០០ នៅ​ថ្ងៃ​អង្គារ​នេះ ចំណែក​ក្រុម​ខ្លាំង Hanoi FC របស់​វៀតណាម​ក៏​ត្រូវ​ទទួល​ភ្ញៀវ Yangon United របស់​មីយ៉ាន់ម៉ា​នៅ​យប់​ថ្ងៃ​នេះ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ផង​ដែរ​។

នៅក្នុង​ការប្រកួត​ដ៏សំខាន់​នេះ​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គាវើល ហាក់​មាន​ការបារម្ភ​ទៅ​លើ​ចង្វាក់​លេង​បែប​លឿនៗ​របស់​ក្រុម Tampines Rovers ពិសេស​ភាព​មុត​ស្រួច​របស់​ខ្សែបម្រើ​ជា​ប្រធាន​ក្រុម​ពាក់​លេខ​៨ Shahdan Sulaiman ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​ពាក់​លេខ​ ៩ Ryutaro Megumi និង​ខ្សែប្រយុទ្ធ​ជនជាតិ​កាណាដា​ពាក់​លេខ​ ១០ Jordan Webb ដែល​លោក​ត្រូវ​តែ​ធ្វើការ​កាត់ផ្តាច់​ចង្វាក់​លេង​របស់​អ្នក​ទាំង​ ៣ ​នេះ​ឲ្យ​បាន​។

លោក មាស ចាន់ណា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «Tampines Rovers គឺជា​ក្រុម​ល្អ​ដែល​មាន​ភាពជោកជាំ​ជាង​យើង​នៅ​ក្នុង​ការប្រកួត​ពាន AFC Cup នេះ ប៉ុន្តែ​យើង​នៅ​តែ​មាន​លទ្ធភាព​ប្រជែង ព្រោះ​ការប្រកួត​នេះ​ធ្វើ​នៅ​លើ​ទឹកដី​របស់​យើង ហើយ​អ្វី​ដែល​សំខាន់ យើង​ត្រូវ​កាត់ផ្តាច់​ចង្វាក់​លេង​កីឡាករ​សំខាន់ៗ​របស់​គេ​នៅ​តំបន់​បម្រើ​ប្រយុទ្ធ និង​តំបន់​ប្រយុទ្ធ ព្រោះ​ខ្សែបម្រើ និង​ប្រយុទ្ធ​របស់​ក្រុម Tampines Rovers ទាំង​ ៣ ​នេះ​មាន​ភាពរហ័ស និង​មាន​ភាព​វៃឆ្លាត​ក្នុង​ការលេង​»​។

ក្រុម​ណាហ្គាវើល ទើប​តែ​ចាញ់​ក្រុម​ក្រសួង​ការពារជាតិ ៤-២ ក្នុង​លីក​កំពូល​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​ថ្មីៗ​នេះ ប៉ុន្តែ​លោក មាស ចាន់ណា និយាយ​ថា​៖ «​ខ្ញុំ​ជឿថា បើ​សិន​ជា​កីឡាករ​របស់​យើង​ប្រមូល​អារម្មណ៍​បាន​ល្អ និង​ផ្តោត​យក​ចិត្ត​ទុកដាក់​ខ្លាំង ពួកគាត់​អាច​នឹង​កាត់ផ្តាច់​ចង្វាក់​លេង​របស់​ក្រុម Tampines Rovers បាន ហើយ​យើង​មិន​មាន​ការប៉ះពាល់​ទៅលើ​កម្លាំង​កីឡាករ​ដែល​ត្រូវ​ប្រើ​នោះ​ទេ បើ​ទោះបី​ជា​យើង​ទើប​ប្រកួត​ជាមួយ​ក្រសួង​ការពារជាតិ​ក៏ដោយ ព្រោះ​ការប្រកួត​នោះ​យើង​បាន​ដាក់​កីឡាករ​យុវជន​ឲ្យ​ចូល​លេង​ច្រើន​ដោយ​យើង​បាន​ត្រៀម​កីឡាករ​សំខាន់ៗ​សម្រាប់​ត្រៀម​ការប្រកួត​លើក​នេះ​»​។

គួរ​បញ្ជាក់​ថា​សម្រាប់​ការប្រកួត​ ២ ​លើក​កន្លង​មក​នេះ​ក្រុម​ណាហ្គាវើល​បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Hanoi FC រហូត​ដល់ ១០-០ ក្នុង​ការប្រកួត​បើកឆាក មុន​ពេល​ពួកគេ​បាន​យក​ឈ្នះ​ក្រុម Yangon United ២-១ ចំណែក​ក្រុម Tampines Rovers បាន​ឈ្នះ​ក្រុម Yangon United ៣-១ និង​ស្មើ ១-១ នឹង​ក្រុម Hanoi សម្រាប់​ការប្រកួត​នៅ​ក្រៅ​ទឹកដី​របស់​ពួកគេ​។

យ៉ាងណា​ក៏ដោយ​លោក Gavin Lee អ្នក​ចាត់ការ​ក្រុម Tampines Rovers បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា​៖ «​បើ​ទោះបី​ជា​ក្រុម​ណាហ្គាវើល​បាន​ចាញ់​ក្រុម Hanoi ដល់ ១០-០ ហើយ​យើង​បាន​ស្មើ Hanoi ប៉ុន្តែ​នេះ​ជា​ការប្រកួត​ ២ ​ផ្សេង​គ្នា​ហើយ​វា​ក៏​អាស្រ័យ​ទៅ​លើ​តាក់ទិក និង​ការរៀបចំ​របស់​គ្រូបង្វឹក​ផងដែរ​។ ម្យ៉ាង​ទៀត​ ណាហ្គាវើល អាច​នឹង​មាន​ការអភិវឌ្ឍ​អ្វី​ដែល​ថ្មី អ៊ីចឹង​យើង​ត្រូវ​តែ​ត្រៀម​លេង​ឲ្យ​បាន​ ១០០ ​ភាគរយ សម្រាប់​ការប្រកួត​នេះ​»​។

ចំណែក​លោក មាស ចាន់ណា ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ពី​លទ្ធផល​ដូច​គ្នា​។ លោក​បាន​បង្ហើប​ថា​៖ «​យើង​មិន​ទាន់​និយាយ​បាន​ទេ​គឺ​ការរំពឹង​ ៥០ ​ទល់​នឹង​ ៥០ ​ភាគរយ​ព្រោះ​គេ​ក៏​ល្អ ហើយ​យើង​ក៏​មិន​ថា​យើង​ជា​ក្រុម​អន់​នោះ​ដែរ​។ ចំណែក​ទម្រង់​លេង​របស់​ខ្ញុំ អត់​លេង​ការពារ​នោះ​ទេ គឺ​ខ្ញុំ​ប្រើ​ទម្រង់​លេង​ទាំង​ការពារ និង​ប្រយុទ្ធ​គឺ​ប្រើ​ទៅ​តាម​ស្ថានភាព​ប្រកួត​ជាក់ស្តែង​»៕