ភ្នំពេញ៖ ​ក្រុម​ណាហ្គាវើល ដែល​ទើប​បាន​ទម្លាក់​ក្រុម​ភ្នំពេញក្រោន ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ពុធ បាន​បង្ហាញ​មហិច្ឆតា ​​ចង់​បន្ត​យក​ឈ្នះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ក្នុង​ការ​ប្រកួត​បិទ​រដូវកាល​លីគ​កំពូល​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ ចំណែក​​ភ្នំពេញ​ក្រោន ក៏​ចង់​បង្អាក់​ដំណើរការ​ឈ្នះ​ពាន​របស់​ក្រុម​បឹងកេត ដូច​គ្នា។​

គ្រូ​បង្វឹក​ មាស ចាន់ណា និង ក្រុម​ណាហ្គាវើល ទាំង​មូល មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​យក​ឈ្នះ​​ភ្នំពេញ​ក្រោន ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី ៣-១ ក្នុង​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ ខណៈ​អ្នក​ចាំទី ស៊ូ យ៉ាទី ​បាន​ក្លាយ​ជា​វីរបុរស​ជួយ​សង្គ្រោះ​ក្រុម​ដ៏​គួរ​ឱ្យ​​សរសើរ។

លោក មាស ចាន់ណា បាន​ប្រាប់​ថា៖​ «​យើង​ចង់​បញ្ចប់​ការ​ប្រកួត​នៅ​ត្រឹម​ ​៩០ នាទី ប៉ុន្តែ​ពេល​ឃើញ​ស្ថានភាព ដែល​ក្រុម​​យើង​នៅ​ក្រោម​គេ​វិញ គឺ​នៅ​ត្រឹម​នាទី៨៥ ​ខ្ញុំ​ចាប់​ផ្តើម​គិត​ចង់​ឱ្យ​ការ​ប្រកួត​នេះ ឈាន​ដល់​ការ​ទាត់​បាល់​ប៉េណាល់ទី​វិញ ហើយ​យើង​ពិត​ជា​រំភើប​ខ្លាំង ដែល​យើង​បាន​យក​ឈ្នះ ភ្នំពេញ​ក្រោន ទាំង​វេទនា ខណៈ ស៊ូ យ៉ាទី នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់ ដែល​តែងតែ​​ជួយ​ដល់​ក្រុម នៅ​ក្នុង​ការ​ប្រកួត​​ដ៏​សំខាន់ ពិសេស​​ពេល​ទាត់​បាល់​ប៉េណាល់ទី បែប​នេះ»។

នៅ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្តី ក្រោយ​ស្មើ​គ្នា ០-០ ក្នុង​ការ​ប្រកួត ​៩០ នាទី​ពេញ​នោះ ស៊ូ យ៉ាទី បាន​ជួយ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់ ប៉ាក់ កែវម៉ូនី និង ម៉ៅ ពិសិដ្ឋ យ៉ាង​ល្អ​បំផុត ក្រោយ​ពេល​ប្រធាន​ក្រុម​ភ្នំពេញ​​ក្រោន កុក បូរីស បាន​ស៊ុត​បាល់​ទៅ​ប៉ះ​បង្គោល​ទី បន្ទាប់​ពី​អ្នក​ចាំទី សាវែង សំណាង ជួយ​សង្គ្រោះ​គ្រាប់​បាល់​ទី ​២ របស់​ណាហ្គាវើល ដែល​ស៊ុត​ដោយ គួច ដានី នោះ។ ជា​រួម​មាន​តែ ជួន ចាន់ចាវ ទេ​ដែល​ធ្វើ​បាន​សម្រេច​ឱ្យ​ក្រោន ចំណែក ​៣ ​គ្រាប់​របស់​ណាហ្គាវើល សម្រេច​ដោយ​ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឡេង មករា។

ចំណែក ស៊ូ យ៉ាទី បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​ជួយ​ក្រុម ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។ ​​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម ដែល​យើង​​បាន​ខំ​ប្រឹង​ទាំង​អស់​គ្នា​តាំង​ពី​ដើម​ដល់​ចប់​ ដើម្បី​ទទួល​បាន​លទ្ធផល​ទាំង​អស់​នេះ គឺ​យើង​រួម​គ្នា​ជា​ក្រុម​តែ​ម្តង ហើយ​យើង​ចង់​បន្ត​ភាព​ខ្លាំង​របស់​ណាហ្គាវើល​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ»។

ជាមួយ​ការ​ទម្លាក់​ក្រុម​ភ្នំពេញក្រោន នេះ ក្រុម​ណាហ្គាវើល នឹង​ត្រូវ​ជួប​ក្រុម​វិសាខា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ វិសាខា បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ព្រៃវែង​ដោយ​បាល់​​ប៉េណាល់​ទី​ ៩-៨ កាល​ពី​យប់​ម្សិលមិញ​នៅ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​នេះ​ដែរ។ បន្ថែម​លើ​នេះ ណាហ្គាវើល នឹង​ត្រូវ​លេង​មួយ​ទំហឹង​ជាមួយ​ក្រុម​ស្វាយរៀង សម្រាប់​ការ​ប្រកួត​លីគ​កំពូល​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​អាច​​ប្រជែង​បាន​ឡើង​ទៅ​លេខ ​៤​។

លោក មាស ចាន់ណា បាន​និយាយ​ថា៖ ​«ដោយសារ​ការ​ប្រកួត​​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច​នៅ​យូរ​ថ្ងៃ​ទៀត អ៊ីចឹង​ការ​ជួប​ក្រុម​ស្វាយរៀង​ថ្ងៃ​អាទិត្យ​នេះ យើង​ត្រូវ​ដាក់​លេង​ពេញ​ជើង ព្រោះ​យើង​ចង់​ឈ្នះ ដើម្បី​អាច​បាន​​លេខ ​៤ ហើយ​ជំនួប​នេះ បើ​សិន ស្វាយរៀង ចង់​ឈ្នះ​ខ្លាំង ប្រហែល​ជា​វេទនា​របស់​ខាង​ខ្ញុំ​វិញ​ ព្រោះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ណាហ្គាវើល វាយ​បក​បាន​លឿន»។

សម្រាប់​ការ​ប្រកួត​នេះ ក្រុម​ស្វាយរៀង ដែល​កំពុង​ឈរ​នៅ​លេខ ​២ មាន ​៣៨ ពិន្ទុ ពិត​ជា​ត្រូវ​ការ​ឈ្នះ​ខ្លាំង​បំផុត ដើម្បី​ប្រជែង​យក​ពាន​ជាមួយ​ក្រុម​កំពុង​ឈរ​នៅ​លេខ ​១ ​​ស្រាប់ បឹងកេត ដែល​មាន ​៤០ ពិន្ទុ ខណៈ បឹងកេត ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោន ដែល​អះអាង​ថា ត្រូវ​ការ​ឈ្នះ​ខ្លាំង​ដូច​គ្នា ដើម្បី​ធ្វើ​ឱ្យ​កំណត់ត្រា កាន់​តែ​ប្រសើរ ទោះបីជា ភ្នំពេញ​ក្រោន បាន​លេខ ​៣ ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​ក៏​ដោយ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-គិរិវង់ v អាស៊ីអឺរ៉ុប កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ ៣:៣០

-អង្គរ​ថាយហ្គឺរ v សូលទីឡូ​អង្គរ កីឡដ្ឋាន SRU ៣:៣០

-យុវជនបាទី v អគ្គិសនី​កម្ពុជា នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ៣:៣០

៣ ​ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-ទ័ព v វិសាខា កីឡដ្ឋាន​ស្តាត​ចាស់ ម៉ោង ៦:០០

-ភ្នំពេញ​ក្រោន v បឹងកេត នៅ​កីឡដ្ឋាន RSN ៦:០០

-ស្វាយរៀង v ណាហ្គាវើល កីឡ.ខេត្តស្វាយរៀង ៦:០០