ភ្នំពេញ: ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន ដែល​កំពុង​តែមាន​សកម្មភាព​រីក​ចម្រើន​ទាំង​គុណភាព និង​បរិមាណ​នោះ ធ្វើ​ឲ្យ​ទីផ្សារ​ប្រកួត​របស់​កីឡាករ​ល្បីៗ និង​ឆ្នើមៗ​របស់​កម្ពុជា កំពុង​តែ​មាន​តម្លៃ​កើន​ខ្ពស់​ទៅៗ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ។

កីឡាករ​កម្ពុជា​ទទួល​បាន​តម្លៃ​ខ្លួន​ប្រកួត​ជិត ១០០០ ដុល្លារ ខណៈដែល​តម្រូវការ​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​ឯក​ជន​មិន​តិច​ជាង ៥ ស្ថានីយ នោះ​ឡើយ ហើយ​មាន​គូ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ក៏​មិន​តិច​ជាង ២០ គូ ក្នុង ១ សប្តាហ៍​ផង​ដែរ។

តម្រូវការ​បែបនេះ​នាំ​ឲ្យ​ការ​ផ្គូផ្គង​អ្នក​ប្រដាល់​ឲ្យ​ប្រកួត​រវាង​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​មួយ​មាន​ភាព​ប្រកួត​ប្រជែង​ហាក់បី​ដូច​ដណ្តើម​កីឡាករ​ល្បី​រៀងៗ​ខ្លួន​ដោយ​គ្មាន​តម្លាភាព មិន​ស្មើ​ភាព​គ្នា ក្នុង​នោះ​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​កាន់​តែ​ឡើង​ខ្ពស់ និង​បន្ថែម​ឲ្យ​លុយ​ក្រៅ​ក្រោម​តុ​ចាយ​ទៀត​ផង ឬ​គេ​ហៅថា មាន​ប្រាក់​ប្រចាំ​ខែ​ដើម្បី​ចង​ជើង​កីឡាករ​មិន​ឲ្យ​ចេញ​ទៅ​សង្វៀន​ដទៃ។ កីឡករ​លំដាប់​ខ្លាំងៗ និង​ល្បីៗ​មួយ​ចំនួន​សឹង​តែ​រក​ពេល​សម្រាក​មិន​បាន​ផង ស្រប​ពេល​ដែល​ទីផ្សារ​ប្រកួត​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​ដែល​គាំទ្រ​ថវិកា​ដោយ​វិស័យ​ឯកជន មាន​សកម្មភាព​ផុល​ផុស​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​សង្វៀន​ប្រដាល់​មួយ​ចំនួន​នៅ​តែ​រើស​អើង​ចំពោះ​វត្តមាន​កីឡាករ​ប្រដាល់​មាន​កម្រិត​ថ្នាក់​មធ្យម ឬ​មិន​ទាន់​ល្បី​ដោយ​មិន​ផ្តល់​ឱកាស ឬ​មាន​គំនិត​លើក​ស្ទួយ​សម្រាប់​កីឡាករ​ប្រដាល់​វ័យ​ក្មេង និ​ងថ្មីៗ​នោះ​ឡើយ។

ប្រភព​ច្បាស់ការ​ពី​មន្ត្រី​រៀបចំ​ប្រកួត​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា៖ «គិត​ត្រឹម​ខែ​មេសា ឆ្នាំ ២០១៨ កីឡាករ​លំដាប់​ឆ្នើម​ជួរមុខ​ដែល​មាន​សមត្ថភាព​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នោះ មាន​តម្លៃ​ខ្លួន​ចាប់​ពី ២៥០ ដុល្លារ​ឡើង​ដល់ ៥០០ ដុល្លារ ក្នុង​ការ​ប្រកួត​មួយ​លើកៗ ប៉ុន្តែ​មាន​កីឡាករ​ខ្លះ​ដែល​គេ​ចង​ជើង​ជាប់​មិន​ឲ្យ​ប្រកួត​ដូចជា​កែវ រំចង់ សម្រាប់​តែ​សង្វៀន​បាយ័ន​តែ​មួយ​គឺ​ឡើង​ដល់ ៨០០ ដុល្លារ​ក្នុង​មួយ​លើក»។

ប្រភព​ដដែល​បន្តថា៖«ភាគី​ខាង​ម្ចាស់​សង្វៀន​និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ជា​អ្នកស្នើ​យកឈ្មោះ​កីឡាករ​ដោយ​ខ្លួន​ឯង ចំណែក​ខាង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចាំ​តែ​សម្រប​សម្រួល និង​គ្រប់គ្រង​ផ្នែក​បច្ចេកទេស មាន​ថ្លឹង​ទម្ងន់ ពិនិត្យ​សុខភាព និង​ផ្តល់​មន្ត្រី​បច្ចេកទេស»។

ប្រភព​នេះ​បាន​បញ្ជាក់ថា៖ «ទន្ទឹមគ្នានេះ ការទិញ​ទឹកចិត្ត ឬ​ផ្តល់ប្រាក់​ប្រចាំខែ​ឲ្យ​កីឡាករ​ណាមួយ​ដើម្បី​រារាំង​មិន​ឲ្យ​ចេញ​ទៅ​ប្រកួត​សង្វៀន​ដទៃ ឬ​ជាប់​កុងត្រា​ណាមួយ​នោះ​ជា​រឿង ឯកជន​រវាង​កីឡាករ និង​ម្ចាស់​សង្វៀន​ផ្ទាល់​តែ​ម្តង​ដែល​យើង​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​ហាម​ឃាត់​គេ​បាន​ឡើយ»។

លោក​អ៊ុំ សាន ជា​អ្នករៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅតាម​បណ្តា​ខេត្ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា កម្មវិធី​ប្រកួត​របស់​លោក​ដែល​កំពុង​មាន​សកម្មភាព​ប្រចាំ​ខែ ផ្តល់​តម្លៃ​ខ្លួន​ឲ្យ​កីឡាករ​ខ្មែរ​ដែល​មាន​សមត្ថភាព​ល្អ និង​ឆ្នើមៗ​ប្រចាំ​កម្ពុជា​ប្រកួត​ជាមួយ​កីឡាករ​ថៃ​គឺ​មួយ​លើកៗ​ពី ៨០០ ទៅ ១០០០ ដុល្លារ​ទៅ​តាម​ខេត្ត​ជិត ឬ​ឆ្ងាយ។

តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ​កម្ពុជា​នេះ បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ ២០១៨ មក​ម្ល៉េះ ហើយ​នឹង​បន្ត​បន្ទាប់​ទៅ​ខេត្ត​ផ្សេងៗ​ទៀត។ លោក​បាន​បន្ថែម​ថា៖ «កម្មវិធី​ប្រកួត​របស់​ខ្ញុំ​ដែល​មាន​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ PNN មិន​ប្រកាន់​បក្ខ​ពួក ឬ​ក្លិប​សមាគម​ណា​នោះ​ទេ ឲ្យ​តែ​កីឡាករ​មាន​សមត្ថភាព មាន​ប្រិយភាព​ល្អ និង​មាន​ឯក​ភាព​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​នោះ នឹង​ផ្តល់​ឱកាស​ឲ្យ​ជានិច្ច»។

ជាមួយគ្នានេះដែរ​លោក​បាន​ចាត់ទុក​អ្នកគ្រប់គ្រង​ការប្រកួត​សង្វៀន​ខ្លះ​ដែល​និយម​ចូលចិត្ត​ចង​ជើង​កីឡាករ​មិន​ឲ្យ​មាន​សិទ្ធិ​ចេញ​ទៅ​ប្រកួត​សង្វៀន​ដទៃ​បាន​នោះ ជា​ការ​រៀបចំ​ប្រកួត​មិន​ស្មើ​ភាព មិន​បម្រើ​ផល​ប្រយោជន៍​កីឡាករ ប៉ុន្តែ វា​គ្រាន់​តែ​ជា​គំនិត​ចង្អៀត​ចង្អល់ មិន​បម្រើ​កីឡា​សង្គម ដោយ​ផ្តោត​ទៅ​លើ​អាត្មា​និយម​ជាធំ៕