ភ្នំពេញ៖ អ្នក​ប្រដាល់ តាញ់ មករា ដែល​ធ្លាប់​ចាញ់​ក្រោម​ស្នៀត​ជង្គង់ កែង និង​កណ្តាប់​ដៃ​របស់ ឡុង ជិន កន្លង​មក​នោះ គឺ​បែរ​ជា​អាច​បង្កើត​នូវ​រឿង​ដែល​ខ្លួន​គេ​នឹក​ស្មាន​មិន​ដល់ គឺ​ការ​ផ្តួល ឡុង ជិន ឱ្យ​សន្លប់​វិញ នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​បាន​ប្រាក់​រង្វាន់​ធំ ​ចំនួន ៣,៤ លាន​រៀល នៅ​សង្វៀន​ថោន ជា​លើក​ទី១ សម្រាប់​ការ​ចូលរួម​ជា​លើក​ដំបូង​របស់ តាញ់ មករា។

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ឡុង ជិន ដែល​បាន​ឈ្នះ ធី វ៉ារិទ្ធ ដោយ​ពិន្ទុ នៅ​ក្នុង​វគ្គ​ជម្រុះ ៣ ទឹក​នោះ ត្រូវ​បាន តាញ់ មករា បុក​ជង្គង់​ស្តាំ​ចូល​ឆ្អឹង​ជំនីរ បណ្តាល​ឱ្យ​ចុក​រមួល និង​ដួល​ដេក ប្រកួត​លែង​កើត​នៅ​ចុង​ទឹក​ទី២ ខណៈ​ការ​ចាញ់​នេះ ត្រូវ​បាន ឡុង ជិន ប្រាប់​ថា ជា​ការ​ភ្លាត់​ស្នៀត។ រីឯ អេលីត សាន់ ដែល​បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈ្នះ​បាន​ប្រាក់​លាន​នៅ​សប្តាហ៍​នេះ បាន​ជួប​ការ​ខក​ចិត្ត​ដូច​គ្នា ព្រោះ​រូប​គេ​បាន​ចាញ់ តាញ់ មករា នៅ​វគ្គ​ជម្រុះ ដោយ​ពិន្ទុ​ដាច់ ៥ ទល់ ០។

ចំពោះ​ការ​ឈ្នះ​ប្រាក់​រង្វាន់​ធំ​នេះ តាញ់ មករា បាន​ប្រាប់​ក្រោយ​ប្រកួត​ថា៖ «ទោះបី​ជា​សង្វៀន​ថោន​នេះ រៀបចំ​ការ​ប្រកួត​ម៉ារ៉ាតុង​បាន ៦២ សប្តាហ៍​មក​ហើយ​ក្តី ប៉ុន្តែ​ខ្ញុំ​ទើប​តែ​បាន​ប្រកួត​ក្នុង​កម្មវិធី​នេះ ជា​លើកដំបូង ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​មែន​ទែន ចំពោះ​ជ័យជម្នះ​នេះ ព្រោះ​ការ​ប្រកួត​នេះ ខ្ញុំ​គិតថា លំបាក​តឹងតែង​បំផុត តែ​ខ្ញុំ​បែរ​ជា​អាច​ផ្តួល​ជើង​ខ្លាំង ឡុង ជិន ឱ្យ​សន្លប់​បាន»។

តាញ់ មករា បន្ថែម​ថា៖ «មុន​ពេល​ប្រកួត ខ្ញុំ​ហាក់​ខ្លាច​ចាញ់​ដែរ ហើយ​ពេល​ប្រកួត​ក៏​ខ្ញុំ​មិន​រំពឹង​ឈ្នះ ដោយ​ផ្តួល​ឱ្យ ឡុង ជិន សន្លប់​នោះ​ដែរ ព្រោះ​គាត់​ល្អ​ឱប​ឡើង​ជង្គង់ និង​មាន​កម្លាំង​រឹងមាំ មិន​ងាយ​នរណា​ផ្តួល​គាត់​ឱ្យ​សន្លប់​នោះ​ទេ។ ចំណុច និង​ក្បាច់ ដែល​ធ្វើ​ឱ្យ ឡុង ជិន សន្លប់​បាន​នោះ គឺ​ខ្ញុំ​បោះ​ជង្គង់​ស្តាំ​ស្រប​គ្នា តែ​ខ្ញុំ​បោះ​ចូល​គោលដៅ​បាន​មុន និង​ធ្ងន់ គឺ​សិច​តែ​ម្តង ធ្វើ​ឱ្យ​គាត់​ដួល​លើ​រេញ បន្ទាប់​មក​គាត់​ប្រឹងប្រែង​ងើប​មិន​រួច​ក្នុង​ទឹក​ទី២ តែ​បើ​សិន​វ៉ៃ​គ្នា​រហូត​ដល់​ចប់​ទឹក ខ្ញុំ​ក៏​មិន​ប្រាកដ​ថា បាន​លទ្ធផល​ឈ្នះ ឬ​ចាញ់​គាត់​នោះ​ដែរ»។

ចំណែក លោក ធន់ សុភា គ្រូបង្វឹក តាញ់ មករា បាន​និយាយ​ថា៖ «ខ្ញុំ​សូម​កោត​សរសើរ ព្រោះ មករា ធ្វើ​បាន​ល្អ​ហួស​ពី​ក្តី​រំពឹង ហើយ​ឥឡូវ​ខ្ញុំ​បាន​ឱ្យ មករា មក​ហាត់​ជាប់​លាប់​ជាមួយ​ខ្ញុំ ​ដើម្បី​ស្តារ​កម្លាំង និង​បច្ចេកទេស​ឡើង​វិញ ព្រោះ​មួយរយៈ​កន្លង​មក​នេះ វា​មាន​ទម្ងន់​ឡើង​លើស ៦០ គ.ក្រ​ប្រកួត​មិន​សូវ​បាន​ផល​ល្អ»។

គ្រូបង្វឹក​រូប​នេះ បាន​ប្រាប់​បន្ថែម​ថា៖ «បន្ទាប់​ពី​ឈ្នះ​បាន​ប្រាក់​រង្វាន់​ធំ​នេះ ខ្ញុំ​កំពុង​បំប៉ន​កម្លាំង​បន្ថែម​ដល់ តាញ់ មករា ព្រោះ មករា ជាប់​កិច្ចសន្យា​ប្រកួត​ឱ្យ​កម្មវិធី​ខារាប៉ាវ នៅ​សង្វៀន​បាយ័ន នា​ចុង​ខែ​កុម្ភ​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយ អេលីត សាន់ ម្តង​ទៀត ហើយ អេលីត សាន់ នេះ​មិនមែន​ស្រួល​ឈ្នះ​នោះ​ទេ»។

ចំណែក ឡុង ជិន បាន​និយាយ​ថា៖ «ពី​ដំបូង ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម​ពិន្ទុ ប៉ុន្តែ​មិន​នឹកស្មាន​ដល់​ថា ខ្ញុំ​បាន​ភ្លាត់ ចូល​ជង្គង់​ស្តាំ​របស់​គេ​ចំ​ឆ្អឹងជំនីរ​ខ្ចី ដែល​ជា​របួស​ចាស់​របស់​ខ្ញុំ នាំ​ឱ្យ​ចុក។ ខ្ញុំ​ប្រឹង​ងើប​ឈរ​បាន​ហើយ តែ​ពេល​ខ្ញុំ​ខំ​បត់​ខ្លួន សម្រួល​ចលនា បែរ​ជា​ជាប់ និង​ឈឺ​ឡើង​វិញ មិន​អាច​ឱ្យ​ខ្ញុំ​ប្រកួត​ទៀត​បាន។ ទោះ​យ៉ាងណា ខ្ញុំ​ចង់​សុំ​ទៅ​គណៈកម្មការ​ផ្គូផ្គង ដើម្បី​បាន​ប្រកួត​សងសឹក​ម្តង​ទៀត​ព្រោះ​ការ​ចាញ់​លើក​នេះ ខ្ញុំ​ពិត​ជា​មិន​អស់​ចិត្ត​សោះ»៕